Connect with us

ព័ត៌មានអន្ដរជាតិ

ជាលើកទីមួយអាមេរិក ​បើកការវាយប្រហារកម្ទេច​ទូកសង្ស័យដឹក​គ្រឿងញៀន​មហាសមុទ្រប៉ាស៊ីហ្វិក

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៣​ ខែ តុលា មន្ទីរបញ្ចកោណបានបញ្ជាក់ថា កងកម្លាំងអាមេរិកបានកម្ទេចទូកសង្ស័យរត់ពន្ធគ្រឿងញៀននៅមហាសមុទ្រប៉ាស៊ីហ្វិក ដោយបានសម្លាប់មនុស្សពីរនាក់នៅលើទូក។

(រូបភាព៖ Pete Hegseth on X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth ទូកនេះកំពុងធ្វើដំណើរតាមបណ្តោយផ្លូវដឹកគ្រឿងញៀនក្នុងដែនទឹកអន្តរជាតិ។ គ្មានជនជាតិអាមេរិកណាម្នាក់រងរបួសក្នុងការវាយប្រហារនោះទេ ខណៈនេះជាការវាយប្រហារលើកទី៨របស់សហរដ្ឋអាមេរិកហើយលើទូកសង្ស័យដឹកគ្រឿងញៀនចាប់តាំងពីខែកញ្ញា និងជាលើកទីមួយនៅប៉ាស៊ីហ្វិក។

ដូណាល់ ត្រាំ បាននិយាយថា លោកមានសិទ្ធិស្របច្បាប់ក្នុងការកំណត់គោលដៅលើទូករត់ពន្ធគ្រឿងញៀននៅសមុទ្រ ហើយអាចសុំការយល់ព្រមពីសភា ប្រសិនបើលោកសម្រេចចិត្តវាយប្រហារលើប្រតិបត្តិការគ្រឿងញៀនលើដីគោក។ ត្រាំបាន​ហៅ​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ថា​ជា​«ការ​គំរាម​កំហែង​សន្តិសុខ​ជាតិ»។ លើសពីនេះរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានបន្ថែមថា «ប្រសិនបើប្រជាជនមិនចង់ឃើញទូកដឹកគ្រឿងញៀនត្រូវកម្ទេច ពួកគេគួរតែឈប់បញ្ជូនគ្រឿងញៀនទៅសហរដ្ឋអាមេរិក»។

រដ្ឋបាល ត្រាំ និយាយថា ការវាយប្រហារទាំងនេះគឺជាផ្នែកមួយនៃសង្គ្រាមប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន ដែលមួយចំនួនត្រូវបានចាត់ទុកថាជាក្រុមភេរវករ។ មកទល់ពេលនេះ យ៉ាងហោចណាស់មនុស្ស ៣៤ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារស្រដៀងគ្នានេះ ភាគច្រើននៅតំបន់ការ៉ាប៊ីន។

ការវាយប្រហារចុងក្រោយនេះបានកើតឡើងនៅជិតប្រទេសកូឡុំប៊ី ហើយក៏បានបង្កើនភាពតានតឹងរវាងប្រធានាធិបតីអាមេរិក និងកូឡុំប៊ីលោក Gustavo Petro ។ លោក ត្រាំ បានចោទប្រកាន់លោក Petro ពីការជួយផលិតគ្រឿងញៀន ហើយព្រមានថា សហរដ្ឋអាមេរិកនឹងឈប់ផ្តល់ជំនួយដល់ប្រទេសកូឡុំប៊ីថែមទៀត។

បើតាមអ្នកជំនាញ គ្រឿងញៀនភាគច្រើនធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដោយឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក និងឆ្លងកាត់សមុទ្រការាបៀនមានទំហំតូចជាង ប៉ុន្តែកំពុងកើនឡើង។ ដើម្បីទប់ស្កាត់សហរដ្ឋអាមេរិកមាននាវា យន្តហោះនិងទាហាន១ម៉ឺន នាក់ចូលរួមក្នុងយុទ្ធនាការយោធាប្រឆាំងគ្រឿងញៀន៕

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth (រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម