ព័ត៌មានអន្ដរជាតិ
លោកត្រាំបើកដៃឲ្យកូរ៉េខាងត្បូង សាងសង់នាវាមុជទឹកនុយក្លេអ៊ែរ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមលើសំណើរបស់កូរ៉េខាងត្បូង ក្នុងការកសាងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលជាការផ្លាស់ប្តូរដ៏សំខាន់មួយ ដែលនឹងធ្វើឲ្យទីក្រុងសេអ៊ូលក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសផ្សេងៗទៀតក្នុងពិភពលោក ដែលមាននាវាបែបនេះ។

យោងតាមការចុះផ្សាយរបស់ The Guardian នាថ្ងៃព្រហស្បតិ៍ទី៣០ខែតុលាឆ្នាំ២០២៥ លោកត្រាំ បានប្រកាសការសម្រេចចិត្តនេះ បន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung នៅទីក្រុង Gyeongju មុនពេលកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។ កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងទូលំទូលាយលើពាណិជ្ជកម្ម ការវិនិយោគ និងការកសាងនាវារវាងសម្ព័ន្ធមិត្តទាំងពីរ។
លោកត្រាំ បានសរសេរនៅលើបណ្ដាញសង្គម Truth Social ថា «ខ្ញុំបានផ្តល់ការយល់ព្រមឲ្យពួកគេសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ជាជាងនាវាមុជទឹកដើរដោយថាមពលម៉ាស៊ូតដែលមានលក្ខណៈចាស់ និងមិនសូវរហ័សរហួនដែលពួកគេមានឥឡូវនេះ»។ លោកបានបន្ថែមថា នាវាមុជទឹករបស់កូរ៉េខាងត្បូង នឹងត្រូវបានសាងសង់ «នៅក្នុងកន្លែងផលិតនាវា Philadelphia ក្នុងទឹកដីសហរដ្ឋអាមេរិក»។
ខណៈពេលដែលកូរ៉េខាងត្បូងជាប្រទេសដែលមានឧស្សាហកម្មផលិតកប៉ាល់ទំនើបបំផុតមួយរបស់ពិភពលោក លោកត្រាំ មិនបានបញ្ជាក់ពីរបៀបដែលទីក្រុងសេអ៊ូលនឹងទទួលបានបច្ចេកវិទ្យាជំរុញនុយក្លេអ៊ែរ ដែលជាសមត្ថភាពដែលអាមេរិកធ្លាប់បានចែករំលែកជាមួយចក្រភពអង់គ្លេសក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៥៨ និងថ្មីៗនេះជាមួយអូស្ត្រាលីតាមរយៈកតិកាសញ្ញា AUKUS នោះទេ។
នៅក្នុងកិច្ចប្រជុំនេះ លោកប្រធានាធិបតី Lee បានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោន យល់ព្រមលើការផ្ទេរឥន្ធនៈនុយក្លេអ៊ែរសម្រាប់ការជំរុញនាវាមុជទឹក ដោយសង្កត់ធ្ងន់ថា នាវាទាំងនោះនឹងមិនបំពាក់អាវុធនុយក្លេអ៊ែរឡើយ។ លោក Lee បាននិយាយថា «នាវាមុជទឹកប្រើម៉ាស៊ូត មានសូវធន់នឹងការជ្រមុជទឹក ដែលរារាំងសមត្ថភាពរបស់យើងក្នុងការតាមដាននាវាមុជទឹករបស់កូរ៉េខាងជើង ឬចិន»។
ការផ្លាស់ប្តូរនេះ គឺជាការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយសម្រាប់ទីក្រុងវ៉ាស៊ីនតោន ដែលអស់រយៈពេលជាច្រើនទសវត្សរ៍បានប្រឆាំងនឹងមហិច្ឆតារបស់ទីក្រុងសេអ៊ូល ក្នុងការអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដោយសារតែការព្រួយបារម្ភអំពីការរីកសាយភាយនុយក្លេអ៊ែរ។
លោក Daryl Kimball នាយកប្រតិបត្តិនៃសមាគមគ្រប់គ្រងអាវុធដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានព្រមានថា ការសម្រេចចិត្តនេះអាចធ្វើឲ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងមិនរីកសាយភាយជាសកល។ លោកបានប្រាប់អ្នកយកព័ត៌មានថា «នាវាមុជទឹកបែបនេះជាធម្មតាប្រើប្រាស់សារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់ខ្ពស់ ហើយនឹងត្រូវការរបបការពារថ្មីដ៏ស្មុគស្មាញពីទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ»។
លោក Kimball បានបន្ថែមថា វានៅតែជា«បច្ចេកទេស និងយោធាដែលមិនចាំបាច់»សម្រាប់កូរ៉េខាងត្បូង ដើម្បីទទួលបានបច្ចេកវិទ្យាជំរុញនុយក្លេអ៊ែរ ដោយជំរុញឲ្យរដ្ឋបាលលោកត្រាំជៀសវាងការបង្កើតគំរូដែលអាចជំរុញឲ្យមានការរីកសាយក្នុងចំណោមសម្ព័ន្ធមិត្ត។
ការប្រកាសនេះ ធ្វើឡើងចំពេលដែលភាពតានតឹងកាន់តែខ្លាំងឡើងនៅលើឧបទ្វីបកូរ៉េ ខណៈដែលកូរ៉េខាងជើងពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៊ី និងបន្តកម្មវិធីសាកល្បងអាវុធរបស់ខ្លួន។
លោកត្រាំ បានបញ្ជាក់ថា លោកមិនអាចរៀបចំកិច្ចប្រជុំជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកបានទេ បើទោះបីជាមានការរំពឹងទុកអំពីលទ្ធផលវិជ្ជមានដែលអាចជួយដោះស្រាយភាពជាប់គាំងការទូតអាមេរិក និងកូរ៉េខាងជើងក៏ដោយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


