Connect with us

ព័ត៌មានអន្ដរជាតិ

ចិនច្រានចោលការព្រួយបារម្ភពីសុវត្ថិភាពរបស់តៃវ៉ាន់ ជុំវិញកិច្ចប្រជុំកំពូល APEC ឆ្នាំ២០២៦នៅក្រុង Shenzhen

បានផុស

នៅ

ក្រសួងការបរទេសចិន បានច្រានចោលការព្រួយបារម្ភអំពីសុវត្ថិភាពរបស់តៃវ៉ាន់ ទាក់ទងនឹងកិ​ច្ចប្រជុំកំពូល​នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ឆ្នាំ​២០២៦ នៅ​ទីក្រុង Shenzhen ដោយទទូចថា អ្នកចូលរួមទាំងអស់នឹងចូលរួម«ដោយរលូន» ដរាបណាតៃប៉ិគោរពតាមគោលការណ៍«ចិនតែមួយ» និង​អនុវត្ត​តាម​ច្បាប់ទម្លាប់​របស់ APEC។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរទៅកាន់​​ទីភ្នាក់ងារ​ព័ត៍មាន​រ៉យទ័រ​នា​ថ្ងៃ​ទី​៤​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥​នេះ ក្រសួង​ការបរទេស​ចិន​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​«នឹងបំពេញកាតព្វកិច្ចម្ចាស់ផ្ទះ ដោយអនុលោមតាមច្បាប់ និងអនុវត្ត​តាម​ទំនៀមទម្លាប់​របស់ APEC» ដោយបន្ថែមថា«នឹងមិនមានបញ្ហាជាមួយភាគីទាំងអស់ ហើយ​ការ​ចូលរួមនឹង​ដំណើរការ​រលូន»។ ចិន​បានសង្កត់ធ្ងន់ថា «គន្លឹះនៃការចូលរួមរបស់ចិនតៃប៉ិ» គឺនៅក្នុងការប្រកាន់ខ្ជាប់នូវ​ក្របខ័ណ្ឌចិនតែមួយ និងអនុស្សរណៈនៃការយោគយល់របស់ APEC «ជាជាងបញ្ហាសុវត្ថិភាពណាមួយ»។

ការកត់សម្គាល់នេះ បានធ្វើ​ឡើង​ក្រោយ​ការអត្ថាធិប្បាយរបស់​លោក​ Jonathan Sun មន្ត្រីជាន់ខ្ពស់នៅក្រសួងការបរទេសតៃវ៉ាន់ ដែលបាននិយាយកាលពីសប្តាហ៍មុនថា តៃប៉ិបានលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាព និងការគោរពស្មើ​ភាព​គ្នាចំពោះអ្នកចូលរួមក្នុងអំឡុងពេលកិច្ចប្រជុំកំពូលឆ្នាំ​២០២៦។

កិច្ចប្រជុំកំពូល APEC ឆ្នាំ​២០២៦ កើតឡើងចំពេលដែល​ទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រកាន់តែយ៉ាប់យ៉ឺនយ៉ាងខ្លាំង ដោយទីក្រុងប៉េកាំងបានបង្កើនសម្ពាធយោធាជុំវិញកោះតៃវ៉ាន់ និងបដិសេធ​បង្កើត​ទំនាក់ទំនង​ជាមួយប្រធានាធិបតី Lai Ching-te ដែលចិន​ដាក់ឈ្មោះថាជា«ជនបំបែកខ្លួន»។

ទីក្រុងប៉េកាំងក៏បានសម្តែងការខឹងសម្បារផងដែរ បន្ទាប់ពី​បេសកជន APEC របស់តៃវ៉ាន់ អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Lin Hsin-i បានជួបជាមួយ​នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi ក្នុងអំឡុងកិច្ចប្រជុំកំពូលឆ្នាំនេះនៅកូរ៉េខាងត្បូង ទោះបីជាលោក Lin បានច្រានចោលការជំទាស់របស់ចិនក៏ដោយ។ ជប៉ុន​ក៏​ដូច​ជា​សមាជិក APEC ដទៃ​ទៀត​ដែរ មិន​មាន​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ជាមួយ​តៃវ៉ាន់​ទេ។

តៃវ៉ាន់ចូលរួមនៅក្នុង APEC ក្នុងនាមជា«តៃប៉ិចិន» ហើយប្រធានាធិបតីរបស់ខ្លួនមិនមាន​វត្តមាន​ក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់មេដឹកនាំនោះឡើយ។ នៅពេលដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះ APEC ចុងក្រោយក្នុងឆ្នាំ​២០១៤ ទំនាក់ទំនងមានភាពកក់ក្តៅយ៉ាងខ្លាំងក្រោមការដឹកនាំរបស់​អតីត​ប្រធានាធិបតី Ma Ying-jeou ដែលបានពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងទេសចរណ៍ជាមួយទីក្រុងប៉េកាំង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម