ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីត្រៀមកម្លាំង២០០០០នាក់ សម្រាប់ការដាក់ពង្រាយទៅកាន់តំបន់ហ្គាហ្សា
រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក Sjafrie Sjamsoeddin និយាយថា ឥណ្ឌូណេស៊ីបានរៀបចំកងកម្លាំងចំនួន ២០០០០នាក់ សម្រាប់ការដាក់ពង្រាយដែលអាចកើតមានទៅកាន់តំបន់ហ្គាហ្សា ដោយរង់ចាំការអនុញ្ញាតពីអន្តរជាតិ។

យោងតាមការចុះផ្សាយនាថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២៥នេះរបស់សារព័ត៍មាន TRT លោក Sjafrie បានប្រាប់អ្នកយកព័ត៌មានថា កងកម្លាំងនេះ ដែលរួមមានបុគ្គលិកពេទ្យ វិស្វករ និងបុគ្គលិកសន្តិសុខ អាចត្រូវបានកែន នៅពេលដែលការអនុញ្ញាតត្រូវបានផ្តល់ឲ្យ។ ទីក្រុងហ្សាការតាកំពុងស្វែងរកផ្លូវពីរសម្រាប់ទទួលបានការអនុញ្ញាត ទីមួយក្រោមអង្គការសហប្រជាជាតិ និងមួយទៀតតាមរយៈសម្ព័ន្ធភាពអន្តរជាតិដែលស្នើឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។
លោក Sjafrie បាននិយាយថា ជម្រើសទីពីរនឹងតម្រូវឲ្យមានកិច្ចព្រមព្រៀងផ្ទាល់រវាងប្រមុខរដ្ឋ។ លោកបានបន្ថែមថា ការអនុញ្ញាតពីប្រទេសអារ៉ាប៊ីសាអូឌីត ហ្ស៊កដានី អេហ្ស៊ីប កាតា និងអារ៉ាប់រួម គឺចាំបាច់ រួមជាមួយនឹងការយល់ព្រមពីអ៊ីស្រាអែល។
ផែនការដាក់ពង្រាយនេះ គឺស្របតាមដំណាក់កាលទីមួយនៃសំណើសន្តិភាព២០ចំណុចរបស់លោកត្រាំ សម្រាប់តំបន់ហ្គាហ្សា ដែលការឈប់បាញ់ជាដំណាក់កាលបានចាប់ផ្តើមកាលពីថ្ងៃទី១០ខែតុលា។
លោក Sjafrie បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលដែលព្រះមហាក្សត្រ អាបឌុលឡាហ៍ទី២ (Abdullah II) នៃប្រទេសហ្ស៊កដានី យាងទស្សនកិច្ចនៅទីក្រុងហ្សាការតា ជាកន្លែងដែលព្រះអង្គបានជួបពិភាក្សាជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ អំពីការវិវឌ្ឍនៅក្នុងតំបន់ហ្គាហ្សា។ លោកបានប្រាប់ថា ឥណ្ឌូណេស៊ី និងហ្ស៊កដានីបានឯកភាពចែករំលែកព័ត៌មានសម្ងាត់ និងបង្កើតគណៈកម្មាធិការរួមមួយដើម្បីសម្របសម្រួលបច្ចុប្បន្នភាពនានា។
បន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានកងកម្លាំងប្រដាប់អាវុធហ្ស៊កដានី លោក Yousef Ahmed Al-Hunaiti លោក Sjafrie បានឲ្យដឹងថា ទីក្រុងហ្សាការតាបានមើលឃើញពីតម្លៃយុទ្ធសាស្ត្រនៅក្នុងកិច្ចសហការជាមួយហ្ស៊កដានី ដោយសារតែប្រទេសនេះនៅជិតតំបន់ហ្គាហ្សា។
លោកបានបន្ថែមថា ប្រទេសទាំងពីរនឹងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិផងដែរ រួមទាំងការងារលើបច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបើក (Drone) រវាងក្រុមហ៊ុនផលិតអាវុធរដ្ឋឥណ្ឌូណេស៊ី PT Pindad និងក្រុមហ៊ុន Deep Element របស់ហ្ស៊កដានី៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


