Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ព្រមាន កម្ទេចរាល់ការប៉ុនប៉ងជ្រៀតជ្រែកពីបរទេស ក្នុងបញ្ហាកោះតៃវ៉ាន់

បានផុស

នៅ

ស្របពេលភាពតានតឹងជុំវិញបញ្ហាកោះតៃវ៉ាន់ កាន់តែឡើងកម្តៅខ្ពស់នោះ ជាពិសេសមានការលូកដៃពីសំណាក់ប្រទេសជប៉ុនផងនោះ ស្រាប់តែឥឡូវនេះ ចិនបានចេញការព្រមានខ្លាំងៗថា រាល់ការជ្រៀតជ្រែករបស់បរទេសក្នុងកិច្ចការនេះ ទីក្រុងប៉េកាំងនឹងកម្ទេចចោលតែម្តង។

(រូបថត៖ Reuters)

ការព្រមាននេះគឺចេញពីមាត់អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន លោក Peng Qingen ​ដែលថ្លែងប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃពុធទី២៦ខែវិច្ឆិកាឆ្នាំ២០២៥និងផ្សាយដោយសារព័ត៌មាន The Star ថា៖ «យើងមានឆន្ទៈយ៉ាងមុតមាំ ការប្តេជ្ញាចិត្តខ្ពស់និងសមត្ថភាពដ៏រឹងប៉ឹងក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់យើង ហើយយើងនឹងបង្រ្កាបការជ្រៀតជ្រែកពីបរទេសទាំងអស់»។ 

លោកបន្តថា៖ «ការដាក់ពង្រាយអាវុធវាយលុករបស់ជប៉ុន នៅក្នុងតំបន់ក្បែរដែនដីតៃវ៉ាន់របស់ចិន គឺជាទង្វើដ៏គ្រោះថ្នាក់បំផុត ដែលជាការបង្កើតភាពតានតឹងក្នុងតំបន់ដោយចេតនា និងបង្កឲ្យមានការប្រឈមមុខដាក់គ្នាខាងយោធា»។

(រូបថត៖ Reuters)

ការព្រមាននេះគឺឆ្លើយតបទៅផែនការដាក់ពង្រាយមីស៊ីលបាញ់ពីដីទៅអាកាសរបស់ជប៉ុន នៅលើកោះ Yonaguni ដែលជាកោះមួយស្ថិតនៅចម្ងាយប្រហែល១១០គីឡូម៉ែត្រភាគខាងកើតកោះតៃវ៉ាន់។

ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning កាល​ពី​ថ្ងៃ​ទី​២៤​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥ ក៏និយាយដែរថា វិធានការនេះមានបំណងបង្កភាពតានតឹងក្នុងតំបន់ និងញុះញង់​ឲ្យ​មានការប្រឈមមុខដាក់គ្នាផ្នែកយោធា។

លោកស្រីព្រមានថា៖ «កម្លាំងស្តាំនិយមនៅជប៉ុន កំពុងដឹកនាំទីក្រុងតូក្យូនិងតំបន់ឆ្ពោះទៅរកគ្រោះមហន្តរាយ។ ទីក្រុងប៉េកាំងមានការតាំងចិត្ត និងសមត្ថភាពក្នុងការការពារអធិបតេយ្យភាពទឹកដីរបស់ខ្លួន»៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម