Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់​ត្រៀម​ទិញអាវុធដំបូងសម្រាប់គម្រោង​ការពារដែនអាកាសថ្មី «T-Dome»

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍​​​នៅ​ថ្ងៃ​ចន្ទ​ទី​១​ខែ​ធ្នូ​នេះ​ថា តៃវ៉ាន់កំពុងត្រៀមទិញអាវុធដំបូងរបស់ខ្លួនសម្រាប់ប្រព័ន្ធការពារដែនអាកាសទ្រង់ទ្រាយធំថ្មីមួយ ដែលជាសញ្ញាបង្ហាញពីភាពបន្ទាន់របស់រដ្ឋាភិបាលតៃប៉ិក្នុងការបង្កើនល្បឿនកម្មវិធី​ការពារ​ ខណៈដែលប្រទេសចិនបង្កើនសម្ពាធយោធា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត United Daily News (UDN) បាន​ចុះផ្សាយ​ដោយដកស្រង់ប្រភពដែលមិនបញ្ចេញឈ្មោះថា ក្រសួងការពារជាតិកំពុងធ្វើការជាមួយស្ថានទូត​អាមេរិក ដើម្បីទទួលបាន​ប្រព័ន្ធបញ្ជាប្រតិបត្តិការចម្រុះ (IBCS) របស់ក្រុមហ៊ុន Northrop Grumman។ ប្រព័ន្ធនេះភ្ជាប់ឧបករណ៍ចាប់សញ្ញា និងអាវុធនៅលើ​ប្រព័ន្ធ​តែមួយ ដែលអាច​ឲ្យ​មានការតាមដាន និងស្ទាក់ចាប់ការគំរាមកំហែងដែលចូលមក​បាន​កាន់តែលឿន។

យោងតាមកាសែត UDN កញ្ចប់ដែលត្រូវបានរាយការណ៍នេះ ក៏រួមបញ្ចូលទាំងប្រព័ន្ធមីស៊ីល Patriot PAC-3 បន្ថែម និងការធ្វើ​ឲ្យ​ប្រសើរឡើងនូវប្រព័ន្ធ Patriot ដែលមានស្រាប់របស់តៃវ៉ាន់ផងដែរ។

លោកប្រធានាធិបតី Lai Ching-te បានប្រកាសកាលពីខែតុលាថា តៃវ៉ាន់នឹងពន្លឿនការអភិវឌ្ឍ​គម្រោង​ខែលការពារដែនអាកាសថ្មីមួយ ដែលគេស្គាល់ថាជា «T-Dome (Taiwan Dome)» ដែលមានបំណងផ្តល់នូវ«ការការពារពហុស្រទាប់ ការតាមដាន​កម្រិតខ្ពស់ និងការស្ទាក់ចាប់ប្រកបដោយប្រសិទ្ធភាព»។ ព័ត៌មានលម្អិត​អំពី​បច្ចេកទេសតិចតួច​ប៉ុណ្ណោះ​ដែល​ត្រូវបានលាតត្រដាង ប៉ុន្តែ​គេ​ដឹង​ថា គំនិតផ្តួចផ្តើមនេះគឺជាចំណុចស្នូលនៃជំហររបស់លោក Lai ដើម្បីទប់ស្កាត់ការវាយប្រហារ​ដែល​អាចកើតមាន​​ពី​ប្រទេស​ចិន។

ទីក្រុងប៉េកាំងបានបង្កើនសកម្មភាពយោធាជុំវិញតៃវ៉ាន់ ចាប់តាំងពីលោក Lai ចូលកាន់តំណែងនៅឆ្នាំ២០២៤។ មហាយក្ស​អាស៊ី​មួយ​នេះ​ចាត់ទុកកោះ​តៃវ៉ាន់​ជាទឹកដីរបស់ខ្លួន ហើយមិនបានបដិសេធក្នុងការប្រើប្រាស់កម្លាំង​​នោះទេ។

លោក Lai បាននិយាយកាលពីសប្តាហ៍មុន​ថា តៃវ៉ាន់​គ្រោង​នឹង​​បន្ថែម​ថវិកា​ការពារ​ជាតិ​ចំនួន៤០ពា​ន់លានដុល្លារ​ទៀត។ កាសែត UDN បានរាយការណ៍ថា ផ្នែកមួយនៃថវិកានោះនឹងត្រូវប្រើប្រាស់សម្រាប់អាវុធអាមេរិកសម្រាប់​គម្រោង T-Dome នេះ​ឯង៕

លោក Lai Ching-te (រូបថត៖ Reuters)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម