ព័ត៌មានអន្ដរជាតិ
ណេតាន់យ៉ាហ៊ូ៖ ដំណាក់កាលទីពីរនៃបទឈប់បាញ់ហ្គាហ្សាអាចចាប់ផ្តើមក្នុងពេលឆាប់ៗ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសថា អ៊ីស្រាអែល និងហាម៉ាស «រំពឹងថានឹងឈានចូលដំណាក់កាលទីពីរ» នៃកិច្ចព្រមព្រៀងបទឈប់បាញ់ក្នុងពេលឆាប់ៗ នៅពេលដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនប្រគល់អដ្ឋិធាតុរបស់ចំណាប់ខ្មាំងចុងក្រោយ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ដែលកំពុងបំពេញទស្សនកិច្ចកាលពីថ្ងៃអាទិត្យទី៧ខែធ្នូឆ្នាំ២០២៥ លោកណេតាន់យ៉ាហ៊ូ បានលើកឡើងថា ដំណាក់កាលបន្ទាប់ ដែលគ្របដណ្តប់លើការរំសាយអាវុធហាម៉ាស និងការដកកងកម្លាំងអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សា អាចចាប់ផ្តើមនៅចុងខែនេះ។
ក្រុមហាម៉ាសនៅមិនទាន់បានប្រគល់អដ្ឋិធាតុរបស់លោក Ran Gvili ជាមន្ត្រីប៉ូលិសវ័យ២៤ឆ្នាំ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដែលដឹកនាំដោយហាម៉ាសកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣នោះទេ។ អ៊ីស្រាអែលនិយាយថា ការប្រគល់សពរបស់លោក ក្នុងលក្ខខណ្ឌដោះដូរជាមួយអដ្ឋិធាតុប៉ាឡេស្ទីនចំនួន១៥នាក់ នឹងបញ្ចប់ដំណាក់កាលដំបូងនៃផែនការឈប់បាញ់ចំនួន២០ចំណុច ដែលរៀបចំដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
មន្ត្រីជាន់ខ្ពស់របស់ហាម៉ាសម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Associated Press ថា ក្រុមនេះត្រៀមខ្លួនពិភាក្សាអំពី «ការបង្កក ឬការរក្សាទុក ឬការដាក់ចុះ» នូវអាវុធរបស់ខ្លួនដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង ដែលជាបញ្ហាមួយក្នុងចំណោមបញ្ហាដ៏ចម្រូងចម្រាសបំផុតនៃបទឈប់បាញ់។
លោកណេតាន់យ៉ាហ៊ូ បានព្រមានថា ដំណាក់កាលទីពីរនឹង «ពោរពេញដោយបញ្ហាប្រឈម» ដោយកត់សម្គាល់ថា ដំណាក់កាលទីបីមានគោលបំណង «ដកឫសគល់នៃភាពជ្រុលនិយមនៅហ្គាហ្សា» ស្រដៀងនឹងកិច្ចខិតខំប្រឹងប្រែងក្រោយសង្គ្រាមនៅអាល្លឺម៉ង់ និងជប៉ុន។ លោកបានថ្លែងថា «ពិតណាស់ ហាម៉ាសត្រូវតែត្រូវរំសាយខ្លួន»។

ហាម៉ាសអះអាងថា ខ្លួនមិនអាចកំណត់ទីតាំងអដ្ឋិធាតុទាំងអស់បានទេ ដោយសារតែអដ្ឋិធាតុខ្លះត្រូវបានកប់នៅក្រោមគំនរបាក់បែកពីការវាយលុកពីរឆ្នាំរបស់អ៊ីស្រាអែល។ អ៊ីស្រាអែលចោទប្រកាន់ក្រុមនេះថាជាការបង្អែបង្អង់ និងបានគំរាមបន្តប្រតិបត្តិការយោធា ឬរឹតត្បិតជំនួយមនុស្សធម៌ បើអដ្ឋិធាតុទាំងអស់មិនត្រូវបានប្រគល់មកវិញ។ ក្រុមគ្រួសាររបស់ចំណាប់ខ្មាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងមិនអាចឈានទៅដល់ដំណាក់កាលបន្ទាប់បានទេ មុនពេលលោក Ran Gvili ត្រឡប់មកផ្ទះវិញ»។
ការវាយប្រហារដែលដឹកនាំដោយហាម៉ាសក្នុងឆ្នាំ២០២៣ បានសម្លាប់មនុស្ស១២០០នាក់នៅក្នុងប្រទេសអ៊ីស្រាអែល និងមានមនុស្សជាង២៥០នាក់ត្រូវចាប់ធ្វើជាចំណាប់ខ្មាំង។ ការវាយលុកសងសឹករបស់អ៊ីស្រាអែលនៅហ្គាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៧០ ៣៦០នាក់។ នេះបើយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយហាម៉ាស៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


