Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយជួបសម្ព័ន្ធមិត្តអឺរ៉ុប ​ហ្សេលេនស្គី បញ្ជាក់ថា អ៊ុយក្រែននឹងមិនបោះបង់ទឹកដីឲ្យរុស្ស៊ីទេ

បានផុស

នៅ

បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងឡុងដ៍ជាមួយមេដឹកនាំអឺរ៉ុប ដែលបានសម្តែងការព្រួយបារម្ភជុំវិញផ្នែកមួយចំនួននៃសំណើ​សន្តិភាពរបស់សហរដ្ឋអាមេរិក លោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាន​និយាយ​ថា អ៊ុយក្រែននឹងមិន​បោះបង់​ទឹកដីណាមួយរបស់ខ្លួនទៅ​ឲ្យ​ប្រទេសរុស្ស៊ីនោះទេ។

លោក​ហ្សេលេនស្គី លោកStarmer លោកMacron និង​លោកMerz នៅទីក្រុងឡុងដ៍ ថ្ងៃទី​៨​ធ្នូ​២០២៥​ (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ Euractiv កាល​​ពី​ថ្ងៃ​ចន្ទ​ទី​​៨​ខែ​ធ្នូ​ឆ្នាំ​២០២៥ លោកហ្សេលេនស្គី បានជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ប្រធានាធិបតីបារាំង លោក Emmanuel Macron និងនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោក Friedrich Merz ខណៈដែលទីក្រុងកៀវ​កំពុងស្វែងរកជំហរ​គាំទ្រ​​រួម​​ពី​លោកខាងលិច​ មុន​ឈានទៅដល់កិច្ច​ចរចាបន្ថែមទៀតជាមួយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ។

លោក​ហ្សេលេនស្គី បានប្រាប់អ្នកសារព័ត៌មានថា «រុស្ស៊ីកំពុងទទូច​ឲ្យ​យើងបោះបង់ទឹកដី ប៉ុន្តែយើងមិនចង់ប្រគល់អ្វីទាំងអស់។ អ៊ុយក្រែនគ្មានសិទ្ធិស្របច្បាប់ ឬស្មារតី​ក្នុងការបោះបង់ទឹកដីរបស់ខ្លួនទេ»។

មេដឹកនាំអឺរ៉ុបបានគាំទ្រគោលជំហរនេះ ដោយនាយករដ្ឋមន្ត្រីអង់គ្លេសបានធានា​ដល់​​លោក​ហ្សេលេនស្គី​ថាគាត់នឹងមិនត្រូវបានគេដាក់សម្ពាធ​ឲ្យ​ទទួលយកកិច្ចព្រមព្រៀងដែលអំណោយផលខ្លាំងពេកសម្រាប់រុស្ស៊ីនោះ​ឡើយ។

មេដឹកនាំអឺរ៉ុបបាន​ប្រាប់​ថា ពួកគេនឹងមិនជំរុញទីក្រុងកៀវ​​ឲ្យ​ធ្វើការសម្របសម្រួលនោះទេ ដោយលោក Starmer បានសង្កត់ធ្ងន់ថា ការបញ្ឈប់ការប្រយុទ្ធណាមួយ «ត្រូវតែមានភាពយុត្តិធម៌ និងស្ថិតស្ថេរ»។ ​ចំណែក​ឯ​លោក Merz បាន​លើក​ឡើង​ថា លោក«សង្ស័យ»អំពីធាតុផ្សំនៃផែនការរបស់​អាមេរិក ដែលក្នុងទម្រង់ដំបូងរបស់វាបានស្នើ​ឲ្យ​អ៊ុយក្រែនបោះបង់ចោលដីដែលមិនទាន់ត្រូវបានកាន់កាប់ដោយរុស្ស៊ី ជាថ្នូរនឹងការធានាសន្តិសុខ។

លោក​ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែននៅតែរង់ចាំភាពច្បាស់លាស់អំពីការប្តេជ្ញាចិត្តជាក់លាក់ ដែលដៃគូលោកខាងលិចនឹងធ្វើឡើងក្នុងករណីមានការឈ្លានពានរបស់រុស្ស៊ីនាពេលអនាគត។

លោកបានថ្លែងថា «គ្មានសន្តិភាពណាមួយដែលអាច​ពឹង​ផ្អែកលើការបោះបង់ទឹកដីរបស់យើងនោះ​ឡើយ»។

លោក​ហ្សេលេនស្គី និង​លោក​ត្រាំ (រូបថត៖ Reuters)

សូមជម្រាប​ថា កិច្ច​ប្រជុំ​​លោក​ហ្សេលេនស្គី និង​អឺរ៉ុប បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ត្រាំ បាន​សម្ដែង​ការ​ខក​ចិត្ត ដោយ​ថា មេ​ដឹក​នាំ​អ៊ុយក្រែន​នៅ​មិន​ទាន់​ព្រម​ចុះហត្ថលេខាលើ​សំណើ​សន្តិភាព ដែលមានគោលបំណងបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនជិតបួនឆ្នាំ​មក​នេះ។ លោកត្រាំ បាន​និយាយ​​ថា «ខ្ញុំជឿថា រុស្ស៊ីមិនអីទេជាមួយផែនការនេះ ប៉ុន្តែខ្ញុំមិនប្រាកដថា លោក​ហ្សេលេនស្គី​នឹង​ចូលចិត្ត​​វា​ឬ​ក៏​អត់​នោះ​ទេ»។

លោកត្រាំ​ នៅ​តែ​បង្ហាញ​ពី​ទំនាក់ទំនងតានតឹងជាមួយលោក​ហ្សេលេនស្គី ហើយបានប្រកែក​ម្តងហើយម្តងទៀតថា អ៊ុយក្រែនគួរតែយល់ព្រមប្រគល់ទឹកដីដើម្បីបញ្ចប់សង្គ្រាម ដែលលោកថាបានឆក់យកអាយុជីវិតច្រើនពេក និងបានធ្វើ​ឲ្យ​អាមេរិក​ខាត​បង់​លុយ​​​​សន្ធឹកសន្ធាប់៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម