Connect with us

ព័ត៌មានអន្ដរជាតិ

លោកស៊ីប្រកាស​បន្តវិធានការ​កាត់​សាច់​រលួយចេញ​ពី​ជួររដ្ឋាភិបាល សម្រាប់​ផែនការ​៥ឆ្នាំថ្មី

បានផុស

នៅ

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នា​​ថ្ងៃព្រហស្បតិ៍​ទី​២៥​ខែ​ធ្នូ​ឆ្នាំ​២០២៥​នេះ​ បានអំពាវនា​វ​ឲ្យ​មានកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លា និងហ្មត់ចត់បំផុត ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខណៈដែលគណបក្សកុម្មុយនីស្តដែលកំពុងកាន់អំណាច ស្វែងរកការរឹតបន្តឹងវិន័យ នៅមុនការដាក់ចេញនូវផែនការសេដ្ឋកិច្ចប្រាំឆ្នាំបន្ទាប់របស់ប្រទេស។

លោក ស៊ី ជីនពីង (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua លោកស៊ី​បានធ្វើជាប្រធានអង្គប្រជុំថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តចិន (CPC) ដែលផ្តោតលើការកែលម្អសីលធម៌ និងការពង្រឹងភាពស្មោះត្រង់។ អង្គប្រជុំបានលើកឡើងថា អាជ្ញាធរបានបង្កើនកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយក្នុងឆ្នាំ២០២៥ ក្រោម«ការដឹកនាំដ៏រឹងមាំ»នៃថ្នាក់ដឹកនាំមជ្ឈិមបក្ស ដោយរក្សានូវអ្វីដែលខ្លួនបានពិពណ៌នាថាជាជំហរដាច់ខាតប្រឆាំងនឹងអំពើពុករលួយ។

អង្គប្រជុំបានបញ្ជាក់ថា ស្ថាប័នវិន័យ និងត្រួតពិនិត្យ ត្រូវតែបន្តពង្រឹងការគ្រប់គ្រងខ្លួនឯងរបស់បក្សក្នុងឆ្នាំ២០២៦ ជាមួយនឹងស្តង់ដារខ្ពស់ជាងមុន និងវិធានការដែលមានប្រសិទ្ធភាពជាងមុន ដើម្បីធានាបាននូវស្ថិរភាពនយោបាយ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្នុងអំឡុងពេលនៃផែនការប្រាំឆ្នាំលើកទី១៥ របស់ចិន ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។

នៅមុនកិច្ចប្រជុំនេះ លោកស៊ីក៏បានធ្វើជាប្រធានសម័យប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយ ដែលក្នុងនោះមានការរាយការណ៍អំពីការងាររបស់គណៈកម្មការមជ្ឈិមសម្រាប់ការត្រួតពិនិត្យវិន័យ និងគណៈកម្មការត្រួតពិនិត្យជាតិសម្រាប់ឆ្នាំ២០២៥ ក៏ដូចជាការត្រៀមរៀបចំសម្រាប់សម័យប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មការមជ្ឈិមសម្រាប់ការត្រួតពិនិត្យវិន័យអាណត្តិទី២០ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមករា។

ការសង្កត់ធ្ងន់ជាថ្មីរបស់លោកស៊ី​លើបញ្ហាវិន័យ បានកើតឡើងចំពេលមានយុទ្ធនាការប្រឆាំងអំពើពុករលួយយ៉ាងខ្លាំងក្លា ដែលបានរីករាលដាលយ៉ាងជ្រៅទៅក្នុងវិស័យយោធា និងវិស័យរដ្ឋរបស់ចិន។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ទីក្រុងប៉េកាំងបានបណ្តេញសមាជិកពីររូបនៃគណៈកម្មការយោធាមជ្ឈិមដ៏មានអំណាច និងបានដាក់វិន័យលើនាយទាហានជាន់ខ្ពស់ចំនួន៩រូប ពាក់ព័ន្ធនឹងបទល្មើសពុករលួយ។

ការបង្ក្រាបនេះក៏បានឈានដល់កម្រិតខ្ពស់បំផុតនៃរដ្ឋាភិបាលផងដែរ។ ក្នុងឆ្នាំ២០២៥ ប្រទេសចិនបានកាត់ទោសប្រហារជីវិតមន្ត្រីជាន់ខ្ពស់ជាច្រើនរូបពីបទពុករលួយ រួមមានអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Tang Renjian និងអតីតរដ្ឋមន្ត្រីក្រសួងកីឡា លោក Gou Zhongwen។ កាលពីដើមខែនេះ លោក Bai Tianhui ដែលជាអតីតនាយកប្រតិបត្តិនៅក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ China Huarong International ត្រូវបានប្រហារជីវិត បន្ទាប់ពីត្រូវបានរកឃើញថាមានទោសពីបទសូកប៉ាន់។

លោកស៊ី បានលើកឡើងដដែលៗថា យុទ្ធនាការប្រឆាំងអំពើពុករលួយគឺចាំបាច់ណាស់ ដើម្បីការពារភាពស្របច្បាប់របស់បក្ស និងសន្តិសុខជាតិ ទោះបីជាអ្នករិះគន់យល់ថា វាក៏ជាឧបករណ៍សម្រាប់ពង្រឹងការគ្រប់គ្រងនយោបាយ នៅមុនព្រឹត្តិការណ៍សំខាន់ៗនៃគោលនយោបាយ និងការផ្លាស់ប្តូរថ្នាក់ដឹកនាំក៏ដោយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម