Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋាភិបាលអាមេរិក នឹងបិទម្តងទៀត ប៉ះពាល់ខ្លាំងដល់បុគ្គលិករដ្ឋ

បានផុស

នៅ

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននឹងត្រូវបិទជាថ្មីម្តងទៀត ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី៣១ខែមករាទៅ ព្រោះតែមិនទាន់មានការចុះហត្ថលេខាលើកញ្ចប់ថវិកា។

វិមានកាពីតូលអាមេរិក (រូបថត៖ Reuters)

តាមការផ្សាយរបស់ Politico, ព្រឹទ្ធសភាអាមេរិក បានអនុម័តកញ្ចប់ថវិការួចហើយ កាលពីថ្ងៃទី៣០ ប៉ុន្តែសភាតំណាងរាស្ត្រ បានសម្រាកនៅចុងសប្តាហ៍ ដោយមិនទាន់ចុះហត្ថលេខាលើឯកសារនេះនៅឡើយទេ។ ដូច្នេះ រដ្ឋាភិបាលនឹងត្រូវខ្វះកញ្ចប់ថវិកាប្រតិបត្តិការយ៉ាងហោចណាស់ ២ ទៅ ៣ ថ្ងៃទម្រាំសមាជិកសភាតំណាងរាស្ត្រត្រឡប់មកធ្វើការវិញ។

ការបិទនេះនឹងធ្វើឲ្យប៉ះពាល់ដល់ សកម្មភាពរដ្ឋបាលដូចជា៖ បុគ្គលិករដ្ឋសហព័ន្ធជាច្រើននឹងត្រូវសម្រាកពីការងារដោយគ្មានប្រាក់ខែ ឬត្រូវបង្ខំឲ្យធ្វើការដោយមិនទាន់ទទួលបានប្រាក់ខែ រហូតដល់ថវិកាត្រូវបានអនុម័ត។

លើសពីនេះ ក្រសួងសំខាន់ៗដូចជា ការពារជាតិ អប់រំ និងដឹកជញ្ជូន នឹងរងផលប៉ះពាល់ខ្លាំងប្រសិនបើការបិទទ្វារនេះអូសបន្លាយពេលយូរ។

វិមានកាពីតូលអាមេរិក (រូបថត៖ Reuters)

ការបិទនេះកើតឡើងដោយសារ គណបក្សប្រជាធិបតេយ្យ មិនពេញចិត្តនឹងវិធានការបង្ក្រាបអន្តោប្រវេសន៍យ៉ាងតឹងរ៉ឹងរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ជាពិសេសបន្ទាប់ពីមានព្រឹត្តិការណ៍បាញ់សម្លាប់ពលរដ្ឋស្បែកស ២ នាក់ នៅទីក្រុង Minneapolis កាលពីដើមខែមករា។

ព្រឹត្តិការណ៍ទាំងនេះបានបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំង និងបង្កើនការប្រឆាំងទៅនឹងការអនុម័តថវិកាថ្មីសម្រាប់ក្រសួងសន្តិសុខមាតុភូមិ។

រម្លឹកទៅឆ្នាំមុន រដ្ឋាភិបាលអាមេរិកក៏ធ្លាប់បានបិទដែរ ហើយអ្វីដែលសំខាន់គឺបិទក្នុងរយៈពេលយូរបំបែកកំណត់ត្រាទៅទៀតរហូតដល់ ៤៣ ថ្ងៃឯណោះ ដែលបង្កការខូចខាតសេដ្ឋកិច្ចប្រហែល ១១ ពាន់លានដុល្លារ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម