Connect with us

ព័ត៌មានអន្ដរជាតិ

សហភាពអឺរ៉ុប​ ស្នើ​ដាក់​កញ្ចប់​ទណ្ឌកម្ម​លើក​ទី​២០ ប្រឆាំង​នឹង​រុស្ស៊ី

បានផុស

នៅ

សហភាពអឺរ៉ុបកំពុងរៀបចំរឹតបន្តឹងការគ្រប់គ្រងផ្លូវទឹករបស់រុស្ស៊ី ដោយចាប់ផ្តើមយុទ្ធនាការថ្មីប្រឆាំងនឹង «ក្រុមនាវាខុស​ច្បាប់» ដែលត្រូវបានប្រើប្រាស់ដើម្បីដឹកជញ្ជូនប្រេង និងហ្គាសគេចចេញពីការរឹតត្បិតអន្តរជាតិ។

លោកស្រី Ursula von der Leyen (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម AFP វិធានការចុងក្រោយនេះ មានគោលបំណងកម្ទេចបណ្តាញដឹកជញ្ជូនសម្ងាត់ ដែលជាខ្សែជីវិតហិរញ្ញវត្ថុសម្រាប់ទីក្រុងមូស្គូ ដែលបង្ហាញពីការផ្លាស់ប្តូរទៅរកការវាយប្រហារចំគោលដៅកាន់តែខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធនាំចេញរបស់រុស្ស៊ី។ ក្រៅពីប្រតិបត្តិការលើផ្ទៃសមុទ្រ កញ្ចប់ទណ្ឌកម្មទី២០ដែលបានស្នើឡើងនេះ ក៏បានកំណត់គោលដៅលើវិស័យ​ឌីជីថល និងហិរញ្ញវត្ថុផងដែរ។ មន្ត្រីអឺរ៉ុបគ្រោងនឹងដាក់ធនាគាររុស្ស៊ីចំនួន២០បន្ថែមទៀតចូលក្នុងបញ្ជីខ្មៅ និងបង្ក្រាបលើពាណិជ្ជកររូបិយប័ណ្ណគ្រីបតូ (Crypto) ដើម្បីបិទចន្លោះប្រហោងដែលទីក្រុងមូស្គូធ្លាប់ប្រើដើម្បីគេចពីឧបសគ្គដែលមានស្រាប់។ ការរឹតត្បិតនេះក៏កំពុងពង្រីកវិសាលភាពគ្របដណ្តប់លើការនាំចេញដែលមានតម្លៃសរុប​ប្រមាណ​៦៧០លានដុល្លារក្នុងមួយឆ្នាំៗ ជាពិសេសលើលោហៈធាតុ សារធាតុគីមី និងវត្ថុធាតុដើមសំខាន់ៗ។

ទោះបីជាសេដ្ឋកិច្ចរបស់រុស្ស៊ីបានបង្ហាញពីភាពធន់ដែលផ្ទុយពីការទស្សន៍ទាយកាលពីមុន​តាមរយៈការដាក់ទណ្ឌកម្មចំនួន១៩លើកកន្លងមកក៏ដោយ ក៏មន្ត្រីសហភាពអឺរ៉ុបនៅតែជឿជាក់ថា សម្ពាធដែលកំពុងកើនឡើងជាបន្តបន្ទាប់នេះ ទីបំផុតនឹងឈានដល់ចំណុចរបត់មួយ។ កញ្ចប់ទណ្ឌកម្មនេះតំណាង​ឲ្យ​ការគណនាទុកជាមុនថា តាមរយៈការរារាំងទាំងភស្តុភារកម្ម​ខុស​ច្បាប់ និងដំណោះស្រាយតាមឌីជីថល វិបត្តិសេដ្ឋកិច្ចដែលកំពុងកើនឡើងនឹងក្លាយជារឿងដែលរុស្ស៊ី​មិនអាចជៀសផុត​បាន។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាន​ថ្លែង​កាល​​ពី​ថ្ងៃទី៦ខែកុម្ភៈថា «យើងត្រូវតែប្រុងប្រយ័ត្ន។ រុស្ស៊ីនឹងអង្គុយចុះនៅតុចរចាយ៉ាងម៉ឺងម៉ាត់ លុះត្រាតែត្រូវបង្ខំចិត្ត​ឲ្យ​ធ្វើដូច្នេះ។ នេះជាភាសាតែមួយគត់ដែលរុស្ស៊ីអាចយល់បាន។ នោះហើយជាមូលហេតុដែលយើងកំពុងពង្រឹងវិធានការទាំងនេះនៅថ្ងៃនេះ»។

សេចក្តី​ស្នើ​កញ្ចប់​ទណ្ឌកម្ម​ថ្មី​​នឹងត្រូវដាក់​ឲ្យ​មានការពិភាក្សាបឋមនៅថ្ងៃទី​៩​ខែកុម្ភៈ​ឆ្នាំ​២០២៦ ហើយ​ដើម្បីក្លាយជាច្បាប់ វា​តម្រូវ​ឲ្យ​មានការយល់ព្រមជាឯកច្ឆន្ទពីប្រទេស​ជា​សមាជិកសហភាពអឺរ៉ុបទាំង២៧។ កញ្ចប់ទណ្ឌកម្មថ្មីនេះត្រូវបានគេរំពឹងថានឹងត្រូវបានអនុម័តនៅថ្ងៃទី២៤ខែកុម្ភៈ ដែលជាខួបលើកទីបួននៃការផ្ទុះឡើងនៃសង្គ្រាម​រវាង​រុស្ស៊ី ​និង​អ៊ុយក្រែន៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម