Connect with us

ព័ត៌មានអន្ដរជាតិ

ត្រឹម១០នាទី យន្តហោះចម្បាំងអ៊ីស្រាអែល៥០គ្រឿង ទម្លាក់គ្រាប់បែកជាង ១៦០គ្រាប់នៅ លីបង់ 

បានផុស

នៅ

ដ្បិតអាមេរិកនិងអ៊ីរ៉ង់ មានបទឈប់បាញ់ជាមួយគ្នា ប៉ុន្តែងាកទៅមើលសង្គ្រាមមួយទៀតនៅលីបង់ គឺកងទ័ពអ៊ីស្រាអែលមិនព្រមឈប់ឡើយ ខណៈបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Times of Israel, កាលពីថ្ងៃពុធកន្លងទៅ កងទ័ពរបស់លោក Benjamin Netanyahu បានបើកប្រតិបត្តិការយោធាយ៉ាងចាស់ដៃ ដោយបាញ់សម្រុកនិងទម្លាក់គ្រាប់បែកជាង១៦០គ្រាប់ ពីយន្តហោះចម្បាំងចំនួន៥០គ្រឿង វាយប្រហារ១០០គោលដៅ ក្នុងរយៈពេលត្រឹម១០នាទី។

(រូប៖ Reuters)

ព័ត៌មាននេះក៏ត្រូវបានបញ្ជាក់ដោយកងទ័ព IDF ផងដែរ ដោយអះអាងថា ខ្លួនពិតជាទម្លាក់គ្រាប់បែកបំផ្ទុះទីតាំងក្រុមហេសបូឡាជាង១០០កន្លែងមែន ដោយកម្ទេចមជ្ឈមណ្ឌលបញ្ជាការ និងហេដ្ឋារចនាសម្ព័ន្ធយោធាផ្សេងៗ ក្នុងរដ្ឋធានីបេរូត ជ្រលងបេកា និងតំបន់ភាគខាងត្បូងប្រទេសលីបង់។

របាយការណ៍នេះកើតឡើងស្របពេល តួលេខចុងក្រោយ ដែលបញ្ចេញដោយក្រសួងសុខាភិបាលលីបង់បានបង្ហាញថា មនុស្សសរុប៣០៣នាក់ ត្រូវសម្លាប់និង ១ ១៥០នាក់ រងរបួសក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ត្រឹមមួយថ្ងៃពុធ។

(រូប៖ Reuters)

យោងតាមទិន្នន័យបញ្ចេញនៅព្រឹកថ្ងៃសុក្រ និងផ្សាយដោយ AFP, ក្នុងចំណោមមនុស្សស្លាប់ទាំង៣០៣នាក់នោះ គឺបូករួមទាំងស្រ្តី៧១នាក់ កុមារ៣០នាក់និងមនុស្សចាស់៩នាក់ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមជួយសង្គ្រោះព្រមានថា តួលេខអាចកើនលើសនេះទៀត ព្រោះនៅមានមនុស្សច្រើននាក់ កំពុងជាប់ក្នុងគំនរអគារបែកបាក់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម