Connect with us

ព័ត៌មានអន្ដរជាតិ

នាវាផ្ទុកយន្តហោះចិន បង្ហាញវត្តមានយ៉ាងភ្ញាក់ផ្អើល នៅច្រកសមុទ្រតៃវ៉ាន់ 

បានផុស

នៅ

ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលដែលនាវាផ្ទុកយន្តហោះរបស់ចិន បានបង្ហាញខ្លួនក្នុងច្រកសមុទ្រតៃវ៉ាន់ ដោយធ្វើដំណើរឆ្លងកាត់ច្រកនេះ ​ខណៈសកម្មភាពរបស់ទីក្រុងប៉េកាំង កំពុងទាក់ទាញចំណាប់អារម្មណ៍និងតាមដានមើលយ៉ាងដិតដល់ពីសំណាក់អន្តរជាតិ។

នាវាផ្ទុកយន្តហោះរបស់ចិន Liaoning (រូប៖ Reuters)

ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សេចក្តីប្រកាសរបស់ក្រសួងការពារជាតិនៅទីក្រុងតៃប៉ិ ដែលឲ្យដឹងថា នាវា Liaoning បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃចន្ទទី២០ខែមេសាឆ្នាំ២០២៦ ហើយនោះគឺជាដំណើរឆ្លងកាត់លើកដំបូងរបស់នាវាផ្ទុកយន្តហោះចិនមួយគ្រឿង បើគិតចាប់តាំងពីចុងឆ្នាំ២០២៥មក។

តៃវ៉ាន់ ចាត់ទុករឿងនេះ ថាជាការគំរាមកំហែងនិងដាក់សម្ពាធលើខ្លួន ហើយធ្វើការប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះទង្វើរបស់ទីក្រុងប៉េកាំង នៅក្នុងច្រកសមុទ្រដ៏រសើប។

ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញរឿងនេះ ភាគីចិន មិនទាន់ចេញការបកស្រាយ ឬធ្វើអត្ថាធិប្បាយ អ្វីនៅឡើយទេ។

នាវាផ្ទុកយន្តហោះរបស់ចិន Liaoning (រូប៖ Reuters)

សូមជម្រាបថា លើកចុងក្រោយដែលនាវាផ្ទុកយន្តហោះចិន ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ គឺនៅពាក់កណ្តាលខែធ្នូឆ្នាំមុន ប៉ុន្តែកាលនោះគឺជានាវាផ្ទុកយន្តហោះផ្សេងឈ្មោះ Fujian មិនមែន Liaoning ទេ។

ទីក្រុងប៉េកាំង ប្រកាន់ខ្ជាប់យ៉ាងដាច់ខាតថា មានតែប្រទេសចិនតែមួយគត់នៅលើលោក ហើយតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ថ្លៃបានរបស់ចិន។

រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជាតំណាងស្របច្បាប់តែមួយគត់របស់ចិន។ ដូច្នេះ ទីក្រុងប៉េកាំង តែងតែប្រឆាំងដាច់ខាតចំពោះប្រទេសណាដែលព្យាយាមបង្កើតទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ក្នុងនាមជារដ្ឋឯករាជ្យ។

ទោះបីជាចិនតែងតែលើកឡើងថាខ្លួនចង់បង្រួបបង្រួមដោយសន្តិវិធីក៏ដោយ ប៉ុន្តែចិន មិនដែលសន្យាថានឹងបោះបង់ការប្រើប្រាស់កម្លាំងយោធានោះទេ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម