Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ព្រមាន​អសន្តិសុខ​ក្នុង​តំបន់​​ ព្រោះតែ​​ជប៉ុន និង​អាមេរិក​រៀបចំ​លំហាត់​​​សម​យុទ្ធទ្រង់​ទ្រាយ​ធំ​​នៅ​ហ្វី​លីពីន​​

បានផុស

នៅ

ទាហានអាមេរិក-ជប៉ុន​ អាកាសយានិក និងនាវិកជាង ១៧ ០០០ នាក់ បាន​កំពុងចូលរួមក្នុងសមយុទ្ធទ្រង់​ទ្រាយ​ធំ​រយៈពេល​១៩ថ្ងៃ នៅ​ប្រទេស​ហ្វី​លីពីន​ រួមទាំង​ទាហាន​មកពីប្រទេសអូស្ត្រាលី នូវែលសេឡង់ បារាំង និងកាណាដា។

ការណ៍​នេះ​ប្រទេសចិនព្រមាន​​ប្រឆាំង​នឹង​កិច្ចសហប្រតិបត្តិការយោធា​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់ដល់​ទំនុកចិត្តនិងនាំ​ឱ្យ​​បែក​បាក់​ប្រទេស​​ក្នុង​តំបន់ ខណៈ​សហរដ្ឋអាមេរិកនិង​ហ្វីលីពីន​ចាប់​ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំ​ដោយ​មានការចូលរួម​ពី​កង​ទ័ព​ជប៉ុនកាន់​តែច្រើន។ នេះ​បើ​យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ​ផ្សាយ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៦ ។​

អ្នកនាំពាក្យក្រសួងការ​បរទេសចិន លោក Guo Jiakun ​ថ្លែង​ក្នុង​សន្និសីទសារព័ត៌មានក្នុង​​ទីក្រុងប៉េកាំង​កាល​ពី​ថ្ងៃ​ចន្ទ​​ថា​៖ « អ្វីដែល​តំបន់​អាស៊ីប៉ាស៊ីហ្វិកត្រូវ​ការខ្លាំង​បំផុតគឺសន្តិភាពនិង​ភាព​ស្ងប់​ស្ងាត់ ហើយអ្វីដែល​តំបន់នេះ​ត្រូវការ​តិច​បំផុត​គឺការណែនាំកម្លាំង​ខាងក្រៅ ​​បង្កើតឱ្យ​មាន​ការបែក​បាក់និងការ​ប្រឈមមុខដាក់គ្នា»។

អ្នកនាំពាក្យក្រសួងការ​បរទេសចិន លោក Guo Jiakun ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Guo លើក​ឡើង​ថា​៖ « កិច្ចសហប្រតិបត្តិការយោធា​រវាងប្រទេសនានា​មិនគួរ​ធ្វើឱ្យប៉ះពាល់ដល់​ការយោគយល់គ្នាទៅវិញទៅមក និងការជឿទុកចិត្ត​គ្នាក្នុង​ចំណោមប្រទេសក្នុងតំបន់ រំខានដល់សន្តិភាពនិងស្ថិរភាព ដែល​តម្រង់ទិស​ប្រឆាំងនឹងភាគីទី​បី ឬប៉ះពាល់ដល់ផល​ប្រយោជន៍​របស់ពួកគេ​ឡើយ»​។

លោកបន្ត​ថា​៖ « យើងចង់​រំលឹកដល់ប្រទេសពាក់​ព័ន្ធថា ការបន្ត​ចង​ភ្ជាប់​ខ្លួនឯងលើសន្តិសុខ នឹង​នាំ​ឱ្យខ្លួនឯងឆេះនិង​បង្កផលវិបាក​ទៅ​វិញ​ទៅមក​មិន​ខាន​»។

គួរ​បញ្ជាក់​ថា​សមយុទ្ធប្រចាំ​ឆ្នាំ​ដ៏​ធំ​ «Balikatan ឬ ស្មាទល់ស្មា» ចាប់​ផ្តើម​កាល​ពី​ម្សិល​មិញ​ ​នៅ​ថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ​២០២៦ រួម​​មាន​ភាគី​ជប៉ុនចូលរួមក្នុងសមយុទ្ធបាញ់​គ្រាប់ពិតជា​លើក​ដំបូង​ទៀត​ផង​។

ដោយ​ឡែក​យោធាចិននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ខ្លួនបាន​ដាក់ពង្រាយ​កងកម្លាំងជើងទឹកនិងទ័ពអាកាស​ ដើម្បីតាមដាននាវា​ពិឃាដ​ជប៉ុនម៉ាក​ JS Ikazuchi ​ឆ្លងកាត់​ច្រកសមុទ្រតៃវ៉ាន់​។

យោងតាមសេចក្តីថ្លែងការណ៍មួយ​ពីក្រសួងការពារជាតិជប៉ុន នាវា​ចម្បាំងនេះត្រូវ​បានចុះបញ្ជីជាផ្នែកមួយនៃអង្គភាព​ដែលចូលរួមក្នុងសមយុទ្ធ​ពហុភាគី​។

ពេលសួរពីវត្តមានរបស់នាវាពិឃាដ​ Ikazuchi ក្នុងច្រកសមុទ្រតៃ​វ៉ាន់ និងការ​ចូលរួមរបស់ជប៉ុនក្នុងសមយុទ្ធយោធា​ដ៏​ធំ​នៅ​ហ្វី​លី​ពីន​ លោក Guo និយាយថា៖ « ទីក្រុងតូក្យូ​គួរតែប្រុងប្រយ័ត្ន ជាជាងអួត​អាង​អំណាច​យោធារបស់​ខ្លួននៅគ្រប់ទីកន្លែង និងធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពក្នុង​តំបន់»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម