Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋ​មន្រ្តី​តួក​គី៖ អ៊ីស្រាអែល​កំពុង​គំរាម​កំហែង​ដោយ​ផ្ទាល់​ដល់​សន្តិសុខ​ពិភព​លោក​

បានផុស

នៅ

រដ្ឋ​មន្ត្រី​ការបរទេស​តួក​គី លោក Hakan Fidan លើក​ឡើង​ថា​ ប្រទេស​អ៊ីស្រាអែល​​​ បាន​គំរាមកំហែង​ដោយ​ផ្ទាល់​ដល់​សន្តិសុខ​ពិភពលោក ព្រម​ទាំង​​ព្រមានថា ជម្លោះក្នុងតំបន់​មជ្ឈិម​បូព៌ាដែល​​កំពុង​កើន​ឡើង​បច្ចុប្បន្ន​ ​នាំ​មកនូវផលវិបាកទូទាំង​ពិភពលោក តម្រូវ​ឱ្យមានការឆ្លើយ​តបពីអន្តរជាតិរួមគ្នា។

យោង​តាម​សារព័ត៌មាន​តួក​គី TRT World ផ្សាយ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៦ ថ្លែង​នៅ​សាកលវិទ្យាល័យ Oxford នៅ​ថ្ងៃសុក្រ លោក Fidan រៀប​រាប់​ថា៖ « ពិភពលោក​មិនត្រឹមតែកំពុងឆ្លងកាត់ការ​ផ្លាស់​ប្តូរ​ភូមិសាស្ត្រ​នយោបាយប៉ុណ្ណោះទេ ប៉ុន្តែ​ជាការផ្លាស់ប្តូររចនាសម្ព័ន្ធកាន់តែស៊ីជម្រៅ​។ អ្វីដែល​យើងកំពុងឃើញ​នៅថ្ងៃនេះ​មិនមែនជាការផ្លាស់ប្តូរ​ជា​ប្រពន្ធ័​ទេ ​ប៉ុន្តែ​វាជាការផ្លាស់ប្តូរ​មួយ​​ដោយ​ឯក​ឯង​»។

រដ្ឋ​មន្ត្រី​ការបរទេស​តួក​គី លោក Hakan Fidan ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអះអាងថា រដ្ឋ​នានាលែងអាចមានលទ្ធភាពពឹង​ផ្អែកលើ​ប្រទេស​ដទៃ ​ក្នុង​ការរស់រានមានជីវិត​ជាយុទ្ធសាស្ត្រទៀតហើយ​។

រដ្ឋ​មន្រ្តី​រូប​នេះ​បន្ត​ថា៖ «ប្រទេសនានាលែង​អាចផ្ទេរសន្តិសុខ ការទូត ​ឬការ​ធ្វើ​ការ​ជាយុទ្ធសាស្ត្រ​របស់ពួកគេ​ទៅខាងក្រៅ​បាន​ទៀតហើយ»។

លោក Fidan បាន​ចង្អុលបង្ហាញពីសង្គ្រាម​ដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់ ​បង្កឡើង​ដោយការវាយប្រហាររបស់​សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ជាឧទាហរណ៍​មួយ​អំពីរបៀបដែល​វិបត្តិក្នុងតំបន់​បច្ចុប្បន្ន​ កំពុង​រង្គោះ​រង្គើ​ដោយ​ផ្ទាល់ទៅលើ​ស្ថិរភាព​ពិភពលោក។

លោកបន្ថែម​ថា៖ «ភាពខុសគ្នា​រវាងវិបត្តិក្នុងតំបន់ និង​វិបត្តិសកល​ពិត​ជា​បានបាត់ទៅហើយ។ អស្ថិរភាព​នៅមជ្ឈិមបូព៌ាឥឡូវនេះ​ប៉ះ​ពាល់​ដល់​វិបុលភាព សន្តិសុខ ស្ថិរភាព និងខ្សែសង្វាក់ផ្គត់ផ្គង់​សកល»។

លោកបន្ថែមថា៖ « ការគំរាមកំហែងជាប្រព័ន្ធ​របស់​អ៊ីស្រាអែល​ធ្វើ​ឱ្យ​តំបន់​នេះអស្ថិរភាព​ហួស​ពីព្រំដែនក្នុង​ស្រុក​ ហើយ​ឥឡូវនេះ​បង្កើត​ជា​ការគំរាមកំហែងដោយ​ផ្ទាល់ដល់​សន្តិសុខពិភពលោក​ទៀត​ផង​»។

លោក Fidan សង្កត់​ធ្ងន់​ថា​៖ « សកម្មភាពបែបនេះ​ទាមទារ​ឱ្យ​មាន ការឆ្លើយតប​រួមគ្នា​ពីសហគមន៍អន្តរជាតិទាំងមូល។ គ្មាន​ប្រទេស​ណា​មួយ​អាចគ្រប់គ្រង​ផលវិបាកដោយខ្លួនឯង​បាន​ទេ»៕

គួរ​បញ្ជាក់​ថា​ ការ​វាយ​ប្រហារ​របស់​សហរដ្ឋ​អាមេរិក​-អ៊ីស្រាអែល​លើ​អ៊ីរ៉ង់ ​នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ បាន​បំផ្លាញ​ហេដ្ឋារចនា​សម្ព័ន្ធ​ជា​ច្រើន​ ព្រម​ទាំង​សម្លាប់​មនុស្ស​ក្នុង​ជួរ​រដ្ឋាភិបាល​របបអ៊ីរ៉ង់ជា​បន្ត​បន្ទាប់​ និង​ឈាន​ដល់​បិទ​ច្រក​សមុទ្រ Hormuz ប៉ះ​ពាល់​ដល់​ការ​ផ្គត់​ផ្គង់​ប្រេង​សកល​យ៉ាង​ធ្ងន់​ធ្ងរ​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម