Connect with us

ព័ត៌មានអន្ដរជាតិ

ព្រឹទ្ធសភាអាមេរិក បោះឆ្នោត ទាត់ចោលការកំណត់អំណាចលោក ត្រាំ លើបញ្ហា គុយបា

បានផុស

នៅ

ប្រទេសគុយបា ត្រូវបានគេមើលឃើញថា ទំនងជាគោលដៅបន្ទាប់របស់សហរដ្ឋអាមេរិក ក្រោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ចេញបញ្ជាឲ្យបើកប្រតិបត្តិការ នៅវ៉េណេស៊ុយអេឡា និងអ៊ីរ៉ង់។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

ដោយមើលឃើញពីស្ថានការណ៍កាន់តែមិនស្រួល ខ្លាចផ្ទុះការវាយប្រហារនៅគុយបាមែននោះ គណបក្សប្រជាធិបតេយ្យ នៃសហរដ្ឋអាមេរិក បានចេញសកម្មភាព ដោយព្យាយាមរារាំង ធ្វើយ៉ាងណា កុំឲ្យលោកត្រាំបានចិត្ត បើកការវាយប្រហារយោធា ដោយគ្មានការខ្លាចរអា។

ដើម្បីទប់ស្កាត់ អ្នកប្រជាធិបតេយ្យ កាលពីថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ បានដាក់ចេញសេចក្តីសម្រេចមួយ ឲ្យបោះឆ្នោតនៅព្រឹទ្ធសភា ដើម្បីកំណត់អំណាចរបស់ប្រធានាធិបតី ក្នុងការប្រើប្រាស់កម្លាំងយោធា ដោយគ្មានការអនុញ្ញាតពីសភា។

យ៉ាងណា កិច្ចខិតខំប្រឹងប្រែងនោះ បានទទួលបរាជ័យ ពោលគឺព្រឹទ្ធសភាដែលមានសំឡេងភាគច្រើន នៅខាងគណបក្សសាធារណរដ្ឋ បានបោះឆ្នោតទាត់ចោល ជាមួយសំឡេង ៥១ ទល់នឹង ៤៧។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

តាមការផ្សាយរបស់ RT, ហេតុផលចម្បង ដែលឈានដល់ការច្រានចោល សេចក្តីសម្រេចនេះ គឺដោយផ្អែកលើហេតុផលថា មិនទាន់មានសកម្មភាពអរិភាពណាមួយ កំពុងកើតឡើងជាមួយគុយបា នៅឡើយទេ។

ការបោះឆ្នោតនេះកើតឡើង បន្ទាប់ពី ប្រមុខសេតវិមាន បោះសម្ដីថា បន្ទាប់ពីបញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់ លោកអាចនឹងបែរមកចាត់ការបញ្ហាគុយបាបន្តទៀត។ លោកត្រាំ បានរិះគន់គុយបាថា ជាប្រទេសដែលដឹកនាំបានយ៉ាងអន់បំផុត ក្នុងរយៈពេលដ៏យូរមកហើយ និងជា «រដ្ឋដែលបរាជ័យ»។

មិនត្រឹមតែត្រឹមសម្ដីទេ អាមេរិកថែមទាំងបានប្រើវិធានការបិទផ្លូវថាមពល និងគំរាមដាក់ពិន័យដល់ប្រទេសណា ដែលហ៊ានលក់ប្រេងឲ្យ​គុយបាទៀតផង ដែលទង្វើនេះបានធ្វើ​ឲ្យ​គុយបាធ្លាក់ក្នុងវិបត្តិអគ្គិសនី និងខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម