Connect with us

ព័ត៌មានអន្ដរជាតិ

មកស្គាល់ឲ្យច្បាស់​​នូវ​មេ​រោគ ​Hantavirus ​ដែលបង្ក​ក្តីបារម្ភថ្មី​ដល់​ពិភពលោក​

បានផុស

នៅ

ពិភពលោកកំពុងតាមដានទាំងខ្វល់ចិត្ត ចំពោះព័ត៌មាន អំពីការផ្ទុះករណីឆ្លងមេរោគ Hantavirus ក្នុងនាវាទេសចរ MV Hondius ដែលបណ្តាលឲ្យមនុស្ស៣នាក់ បាត់បង់ជីវិតរួចហើយ ខណៈបច្ចុប្បន្ន មានអ្នកឆ្លងវីរុសនេះ ចំនួន២ករណី ត្រូវបានបញ្ជាក់លើនាវានោះ។

ពាក់ព័ន្ធរឿងនេះ អង្គការសុខភាពពិភពលោក (WHO) ក៏បង្ហាញក្តីបារម្ភផងដែរ ប៉ុន្តែអំពាវនាវឲ្យគ្រប់គ្នា កុំទាន់ស្លន់ស្លោនិងជ្រួលច្របល់ ព្រោះហានិភ័យឆ្លងរាលដាលទ្រង់ទ្រាយធំ នៅមានកម្រិតទាបនៅឡើយ។

តាមពិតទៅ Hantavirus មិនមែនជាមេរោគថ្មីទេ ពោលគឺវាមានវត្តមាននៅលើភពផែនដី ជាយូរយារណាស់មកហើយ ហើយក៏ធ្លាប់ឆ្លងរាលដាល ក្នុងប្រទេសជាច្រើនផងដែរ។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់អាមេរិក (CDC), Hantavirus មានផ្ទុកនៅក្នុងខ្លួនសត្វកណ្តុរ។ ជាទូទៅ ការឆ្លងវីរុសនេះ កើតឡើងនៅពេល មេរោគចេញពីទឹកនោម លាមក ឬទឹកមាត់របស់សត្វកណ្តុរ រួចភាយទៅក្នុងអាកាស ហើយត្រូវមនុស្សដកដង្ហើមស្រូបចូល។

មេរោគនេះអាចបង្កជាជំងឺធ្ងន់ធ្ងរចំនួនពីរប្រភេទ៖

  • ទីមួយ រោគសញ្ញាសួតបង្កដោយមេរោគ Hanta (HPS)៖ ជាញឹកញាប់ វាចាប់ផ្ដើមឡើងដោយការអស់កម្លាំង គ្រុនក្ដៅ និងឈឺសាច់ដុំ បន្ទាប់មកមាន ឈឺក្បាល វិលមុខ រងាញាក់ និងបញ្ហាពោះវៀន។ ប្រសិនបើរោគសញ្ញាផ្លូវដង្ហើមវិវឌ្ឍឡើង អត្រាស្លាប់គឺមានប្រហែល ៣៨%។
  • ទីពីរ គ្រុនឈាម រួមផ្សំនឹងរោគសញ្ញាតម្រងនោម (HFRS)៖ វាមានសភាពធ្ងន់ធ្ងរជាង ហើយជាចម្បងប៉ះពាល់ដល់ តម្រងនោម។ រោគសញ្ញាបន្ទាប់បន្សំ អាចរួមមាន សម្ពាធឈាមទាប ការហូរឈាមក្នុងខ្លួន និងការខ្សោយតម្រងនោម ស្រួចស្រាវ។

បច្ចុប្បន្ន Hantavirus មិនមានវ៉ាក់សាំងឡើយ ហើយក៏គ្មានថ្នាំព្យាបាលដែរ ប៉ុន្តែអ្នកជំងឺអាចព្យាបាលបាន តាមរយៈរោគសញ្ញាជាក់ស្តែង។

យោងតាម WHO, មានករណីជំងឺ HFRS ប្រមាណ ១៥០ ០០០ ករណី នៅទូទាំងពិភពលោក ជារៀងរាល់ឆ្នាំ ដែលភាគច្រើនកើតមាននៅអឺរ៉ុប និងអាស៊ី។ ក្នុងចំណោមករណីទាំងនោះ ជាទូទៅច្រើនជាងពាក់កណ្តាល បានកើតឡើងនៅក្នុងប្រទេសចិន។

ដោយឡែក ទិន្នន័យចុងក្រោយបង្អស់ ពីសហរដ្ឋអាមេរិកបង្ហាញថា ចាប់ពីចន្លោះឆ្នាំ ១៩៩៣ ដែលជាពេលចាប់ផ្ដើមការឃ្លាំមើល Hantavirus រហូតដល់ឆ្នាំ ២០២៣, មានអ្នកឆ្លងចំនួន ៨៩០ ករណីនៅក្នុងប្រទេសនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម