Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ទៅដល់ក្រុង​ប៉េកាំងហើយ ដើម្បី​ពិភាក្សាដោះស្រាយបញ្ហាសេដ្ឋកិច្ច និងជម្លោះអន្តរជាតិ

បានផុស

នៅ

នៅថ្ងៃព្រហស្បតិ៍ ទី​១៤ ខែ​ឧសភា នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីជួបពិភាក្សាការងារដ៏សំខាន់ជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង។ ដំណើរទស្សនកិច្ចនេះមិនមែនជារឿងធម្មតាឡើយ ព្រោះវាជាលើកដំបូង ដែលមេដឹកនាំអាមេរិកមកជួបដៃគូប្រកួតប្រជែងយុទ្ធសាស្ត្រដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីលោកបានត្រឡប់មកកាន់តំណែងក្នុង​អាណត្តិ​ទី​២វិញ។

លោក ត្រាំ ទៅដល់​ក្រុង​ប៉េកាំង ថ្ងៃទី១៤ ឧសភា ២០២៦ (រូបថត៖ សេតវិមាន)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​​ Reuters ការធ្វើដំណើរនេះ កើតឡើង ចំពេលដែលលោក ត្រាំ កំពុងជួបបញ្ហាផ្ទៃក្នុងយ៉ាងខ្លាំង ដោយសារតែសង្គ្រាមនៅប្រទេសអ៊ីរ៉ង់ បានធ្វើឱ្យប្រជាប្រិយភាពរបស់លោកធ្លាក់ចុះ និងបង្កឱ្យមានអតិផរណាក្នុងស្រុកយ៉ាងធ្ងន់ធ្ងរ។ ក្នុងដំណើរនេះ លោក ត្រាំ បាននាំក្រុមនាយកប្រតិបត្តិក្រុមហ៊ុនធំៗ រួមទាំងលោក Elon Musk និងលោក Jensen Huang ពីក្រុមហ៊ុន Nvidia ទៅជាមួយផងដែរ ដើម្បីព្យាយាមបើកទីផ្សារចិនឱ្យកាន់តែទូលាយសម្រាប់អាជីវកម្មអាមេរិក។

បរិយាកាសនៃជំនួបលើកនេះ មានភាពខុសប្លែកគ្នាខ្លាំង បើធៀបនឹងឆ្នាំ២០១៧។ កាលពីពេលនោះ ប្រទេសចិន បានព្យាយាមទាក់ទាញចិត្តអាមេរិក តាមរយៈការទិញទំនិញរាប់ពាន់លានដុល្លារ ប៉ុន្តែនៅពេលនេះ អាមេរិក ហាក់ដូចជាកំពុងទទួលស្គាល់ស្ថានភាពជាក់ស្តែងនៃអំណាចរបស់ចិន ដោយខ្លួនឯង។ ទោះបីជាមានភាពតានតឹងក៏ដោយ មេដឹកនាំទាំងពីរ មានបំណងរក្សាឱ្យបាននូវបទផ្អាក​ជម្លោះ​ផ្នែកពាណិជ្ជកម្ម ដែលបានព្រមព្រៀងគ្នា កាលពីខែតុលា កន្លងទៅ។ តាមរយៈកិច្ចព្រមព្រៀងនោះ លោក ត្រាំ បានផ្អាកការដំឡើងពន្ធលើទំនិញចិន ហើយលោក ស៊ី ក៏បានព្រមព្រៀងមិនកាត់ផ្តាច់ការផ្គត់ផ្គង់រ៉ែដ៏កម្រ ដែលជាវត្ថុធាតុដើមសំខាន់ សម្រាប់ការផលិតរថយន្តអគ្គិសនី និងអាវុធនោះដែរ។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៉េកាំង លោក ត្រាំ និងលោក ស៊ី នឹងមានពេលវេលាជួបគ្នាជាច្រើនលើក រាប់ចាប់ពីកិច្ចប្រជុំនៅវិមានមហាជន ការទស្សនកិច្ចនៅវិហារមេឃ រហូតដល់ពិធីលៀងសាយភោជន៍ និងអាហារថ្ងៃត្រង់ជាមួយគ្នានៅថ្ងៃសុក្រ។ ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ កំពុងស្ថិតក្នុងជំហរ ដែលមិនសូវអំណោយផលឡើយ ព្រោះប្រព័ន្ធតុលាការអាមេរិក បានដាក់កំហិតលើសិទ្ធិអំណាចរបស់លោក ក្នុងការដំឡើងពន្ធតាមអំពើចិត្ត ខណៈដែលគណបក្សសាធារណរដ្ឋរបស់លោក ក៏កំពុងប្រឈមនឹងហានិភ័យបាត់បង់ការគ្រប់គ្រងសភាផងដែរ។

ចំណុចដែលត្រូវជជែកគ្នា គឺមានច្រើន។ អាមេរិក ចង់លក់យន្តហោះ Boeing ទំនិញកសិកម្ម និងថាមពល ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម ចំណែកចិនវិញ ចង់ឱ្យអាមេរិកបន្ធូរបន្ថយការរឹតត្បិត លើការនាំចេញឧបករណ៍ផលិតបន្ទះឈីប និងបច្ចេកវិទ្យាជឿនលឿន។ ក្រៅពីនេះ លោក ត្រាំ ក៏ត្រូវបានគេរំពឹងថា នឹងជំរុញឱ្យចិនជួយបញ្ចុះបញ្ចូលអ៊ីរ៉ង់ឱ្យបញ្ចប់ជម្លោះជាមួយអាមេរិក ប៉ុន្តែអ្នកវិភាគជាច្រើនសង្ស័យថា លោក ស៊ី នឹងមិនយល់ព្រមធ្វើតាមនោះទេ ដោយសារអ៊ីរ៉ង់មានសារៈសំខាន់សម្រាប់ចិន ក្នុងនាមជាយុទ្ធសាស្ត្រទប់ទល់នឹងឥទ្ធិពលអាមេរិក។

បញ្ហាតៃវ៉ាន់ ក៏ជាចំណុចក្តៅមួយ ដែលលោក ស៊ី នឹងលើកយកមកជជែកយ៉ាងខ្លាំងផងដែរ។ ចិន បានប្រកាសជាថ្មីនូវការជំទាស់យ៉ាងដាច់អហង្ការ ចំពោះការលក់អាវុធរបស់អាមេរិកទៅឱ្យកោះតៃវ៉ាន់ ជាពិសេសកញ្ចប់អាវុធតម្លៃ ១៤ពាន់លានដុល្លារ ដែលកំពុងរង់ចាំការសម្រេចចិត្តពីលោក ត្រាំ។ ដ្បិត​មានអ្នកវិភាគខ្លះមើលឃើញថា លោក ត្រាំ មិនមានបៀក្នុងដៃច្រើន សម្រាប់លេងក្នុងស្ថានការណ៍នេះ ក៏គេជឿជាក់ថា លោក ត្រាំ នឹងមិនងាយបោះបង់ ឬចុះចាញ់តាមការចង់បានរបស់ទីក្រុងប៉េកាំងឡើយ។ ដំណើរទស្សនកិច្ចរបស់លោក ស៊ី ទៅកាន់អាមេរិកនៅចុងឆ្នាំនេះ ក៏ត្រូវបានគេរំពឹងទុកថាជាជំហានបន្ទាប់មួយ ដើម្បីបន្តការពិភាក្សាលើបញ្ហា ដែលនៅសេសសល់ទាំងនេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម