Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះដឹកគ្រាប់របស់អាមេរិក ជាច្រើនគ្រឿង ទៅដល់អ៊ីស្រាអែល ហើយ ត្រៀមបើកឆាកប្រយុទ្ធថ្មី ជាមួយអ៊ីរ៉ង់

បានផុស

នៅ

ស្របពេលមានការសន្និដ្ឋានថា ទីក្រុងវ៉ាស៊ីនតោន ទំនងជានឹងផ្តើមសង្គ្រាមជាថ្មីលើអ៊ីរ៉ង់ ក្នុងពេលឆាប់ៗនេះ ឥឡូវមានសេចក្តីរាយការណ៍ថា យន្តហោះអាមេរិក ជាច្រើនគ្រឿង បានដឹកគ្រាប់ទៅដល់ប្រទេសអ៊ីស្រាអែល ហើយ។

យន្តហោះអាមេរិក (រូប៖ Reuters)

តាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ប៉ុស្តិ៍លេខ១៣ របស់អ៊ីស្រាអែល, យន្តហោះអាមេរិក ជាង១០គ្រឿង ដែលមានដឹកគ្រាប់សម្រាប់ច្បាំងក្នុងសង្គ្រាម បានចុះចតនៅទីក្រុង Tel Aviv នាព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦។

យន្តហោះនេះ គឺហោះចេញពីមូលដ្ឋានក្នុងប្រទេសអាល្លឺម៉ង់ ហើយសកម្មភាពនេះ ត្រូវគេចង្អុលចំៗថា គឺជាការត្រៀមលក្ខណៈ ក៏ដូចជារៀបចំកម្លាំង ដើម្បីធ្វើសង្គ្រាមជាមួយទីក្រុងតេហេរ៉ង់ សាជាថ្មី។

យន្តហោះអាមេរិក (រូប៖ កងទ័ពអាកាសអាមេរិក)

ព័ត៌មាននេះ កើតឡើងបន្ទាប់ពី ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គំរាមទៅអ៊ីរ៉ង់ថា ពួកគេនឹងគ្មានអ្វីនៅសេសសល់ទេ បើមិនព្រមធ្វើសកម្មភាពណាមួយឲ្យបានលឿន។

ក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ ប្រមុខសេតវិមាន វ័យ ៧៩ឆ្នាំរូបនេះ សរសេរថា៖ «សម្រាប់អ៊ីរ៉ង់ ពេលវេលាកំពុងដើរទៅមុខហើយ ហើយពួកគេ គួរតែធ្វើសកម្មភាពឲ្យបានលឿន បើមិនដូច្នេះទេ នឹងមិនមានអ្វីសេសសល់ សម្រាប់ពួកគេឡើយ។ ពេលវេលាគឺជាមាសប្រាក់!»។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

វាក៏កើតឡើងផងដែរ ក្រោយកិច្ចចរចាសន្តិភាព ត្រូវជាប់គាំង ខណៈប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានទម្លាយរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយថា អាមេរិក និងអ៊ីរ៉ង់ ធ្លាប់ឯកភាព​​គ្នា លើកិច្ចព្រមព្រៀងជាច្រើនរួចមកហើយ ប៉ុន្តែខាងអ៊ីរ៉ង់ឯណោះ តែងតែបដិសេធ ហើយបែរជា​មិនព្រមទទួលស្គាល់ ទៅវិញ។

ទន្ទឹមនោះ លោក ត្រាំ ទម្លាយទៀតថា មូលហេតុដែលធ្វើឲ្យការចរចា មានភាពរអាក់រអួល និងជួបបញ្ហាជាបន្តបន្ទាប់បែបនេះ គឺដោយសារតែមានជម្លោះផ្ទៃក្នុង និងភាពមិនច្បាស់លាស់ នៅក្នុងជួរថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម