Connect with us

ព័ត៌មានអន្ដរជាតិ

គ្រួសារ​អ្នក​ស្លាប់​ប្រហែល​៣​ម៉ឺននាក់​ពី​សង្គ្រាម​គ្រឿង​ញៀនលោក​ Duterte ឥឡូវ​រក​យុត្តិធម៌

បានផុស

នៅ

មនុស្ស​ប្រហែល​ជា​៣​ម៉ឺន​នាក់​ត្រូវ​បាន​គេ​ជឿ​ថា បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម​បង្ក្រាប​គ្រឿង​ញៀន​របស់​លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ហើយ​ឥឡូវ​នេះ​ក្រុម​គ្រួសារ និង​សាច់​ញាតិ​របស់​ពួក​គេ​ចង់​រក​យុត្តិធម៌។

កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៧ បុរស​ឈ្មោះ  Crisanto Lozano បាន​ចេញ​ពី​ផ្ទះ​​​ពេល​ព្រឹក​នៅ​ទី​ក្រុង​ម៉ានីល។ គាត់​បាន​ទៅ​​ដើម្បី​បន្ត​សុពលភាព​កាត​សន្តិសុខ​។ រហូត​ដល់​រសៀល គាត់​នៅ​តែ​មិន​ឃើញ​វិល​ត្រឡប់​មក​ផ្ទះ​វិញ សូម្បី​តែ​ទូរសព្ទ​ក៏​មិន​លើក។ បន្ទាប់​មក ក្រុម​គ្រួសារ​ក៏​ដឹង​ថា ប្អូន​ប្រុស​របស់​ Crisanto គឺ Juan Carlos ក៏​បាន​បាត់​ខ្លួន​ដែរ។

ថ្ងៃ​បន្ទាប់ ក្រុម​គ្រួសារ​បាន​ដឹង​ដំណឹង​ថា មាន​សព​ពីរ​ត្រូវ​បាន​គេ​ប្រទាស់​ឃើញ​នៅ​ជិត​នោះ។ បង​ប្អូន​ទាំង​ពីរ​នាក់​ត្រូវ​បាន​គេ​បាញ់​ស្លាប់​ក្នុង​ប្រតិបត្តិការ​របស់​ប៉ូលិស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ស្រី Llore Pasco ជា​ម្តាយ​របស់​បុរស​ទាំង​ពីរ​នោះ​បាន​និយាយ​ថា ៖«បើ​កូន​ខ្ញុំ​ស្លាប់​ដោយ​សារ​ជំងឺ ខ្ញុំ​អាច​ទទួល​យក​បាន​ តែ​នេះ​មិន​មែន​ទេ ខ្ញុំ​បែក​ទ្រូង​ស្លាប់​ហើយ»។ ផ្ទុយទៅ​វិញ ប៉ូលិស​បាន​បាញ់​សម្លាប់​ពួក​គេ​​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ដែល​បញ្ជា​ដោយ​ប្រធានាធិបតី Rodrigo Duterte។

ចាប់​តាំង​ពី​ប្រកាស​«សង្គ្រាម​គ្រឿង​ញៀន​»មក លោក​ប្រធានាធិបតី​បាន​អំពាវ​នាវ​ម្តង​ហើយ​ម្តង​ទៀត​​ថា ​​អ្នក​ជាប់​ពាក់​ព័ន្ធ​នឹង​​​ជួញ​ដូរ​គ្រឿង​ញៀន​ត្រូវ​តែ​សម្លាប់។

លោក Duterte បាននិយាយ​ក្នុង​សន្ទរកថា​បន្ទាប់​ពី​ឡើង​កាន់​តំណែង​នៅ​ឆ្នាំ​២០១៦​ថា ៖«ប្រសិន​បើ​​នរណា​ម្នាក់​ញៀន​ថ្នាំ បន្ត​ទៀត ហើយ​សម្លាប់​ខ្លួន​ឯង ដូច​ជា​ធ្វើ​​ឲ្យ​ឪពុក​ម្តាយ​របស់​ពួកគេ​ឈឺ​ចាប់​ខ្លាំង​ណាស់»។

អ្នក​ស្រី Pasco បាន​និយាយ​ថា ៖««ពិត​ណាស់ ប៉ូលិស​បាញ់​សម្លាប់ បាញ់​សម្លាប់​ ហើយ​សម្លាប់​ទៀត ពី​ព្រោះ​​គាត់ (​Duterte) បញ្ជា​ឲ្យ​សម្លាប់ សម្លាប់​ សម្លាប់»។

ព្រះ​រាជអាជ្ញា​របស់​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ (ICC) បាន​ប៉ាន​ស្មាន​​ថា មនុស្ស​ប្រហែល​ជា​៣​ម៉ឺន​នាក់​ត្រូវ​បាន​សម្លាប់​ចាប់​ពី​ខែ​កក្កដា ឆ្នាំ​២០១៦ ដល់​ខែ​មីនា ឆ្នាំ​២០១៩។

សម្រាប់​រយៈ​ពេល​ជាង​៤​ឆ្នាំ​កន្លង​ទៅ​នេះ អ្នក​ស្រី Pasco ​ដែល​ជា​អ្នក​ព្យាបាល​រោគ​ម៉ាស្សា ហើយ​ឥឡូវ​នេះ​ជា​សកម្មជន​​នៅ​ក្រុម​សម្ព័ន្ធ​​ងើប​ឡើង​ដើម្បី​លើក​កម្ពស់​ជីវិត​និ​ង​សិទ្ធិ បាន​ប្រឹង​ប្រែង​តស៊ូ​ចំពោះ​ការ​ទទួល​ខុស​ត្រូវ និង​នាំ​មក​នូវ​ការ​បញ្ចប់​ការ​សម្លាប់។ ជា​មួយ​ប្អូន​ប្រុស៦​នាក់​ទៀត អ្នក​ស្រី​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​បាន​ដាក់​ញត្តិ​សាធារណៈ​មួយ​ទៅ​កាន់តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិដើម្បី​អំពាវ​នាវ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​លើ​ប្រធានាធិបតី Duterte។

កាល​ពី​ខែ​មុន ICC បាន​បញ្ជាក់​ថា ខ្លួន​នឹង​ដំណើរ​ការ​ស៊ើប​អង្កេតលើ​​ពាក្យ​បណ្តឹង​ដែល​អាច​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៃ​សង្គ្រាម​គ្រឿង​ញៀន​របស់​លោក Duterte និង​បាន​អះ​អាង​ថា វា​ទំនង​ជា​ការ​វាយ​ប្រហារ​ជា​ប្រព័ន្ធ និង​រាល​ដាល​ប្រឆាំង​នឹងប្រជា​ជន​ស៊ីវិល។

លោក Carlos Conde អ្នក​ស្រាវ​ជ្រាវ​ហ្វីលីពីន​ជាន់​ខ្ពស់​នៅ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch បាន​និយាយ​ថា សេចក្តី​ប្រកាស​នោះ​​គឺ​ប្រហែល​ជា​ព័ត៌មាន​ដ៏​ល្អ​បំផុតចំពោះ​សិទ្ធិ​មនុស្ស​ ចាប់​តាំង​ពី​ការ​ដួល​រលំ​របស់ Marcos។

សម្រាប់​អ្នក​ស្រី Pasco និង​អ្នក​ម្តាយ​ផ្សេង​ៗ​ទៀត សេចក្តី​ប្រកាស​របស់ ICC ជា​ពន្លឺ​នៃ​ក្តី​សង្ឃឹម។ អ្នក​ស្រី​និយាយ​ថា ៖«វា​ដូច​ជា​ព្រះ​អាទិត្យ​រះ​បាន​ពាក់​កណ្តាល​ដែល​ផ្តល់​ពន្លឺ​ដល់​ពួក​យើង»។

វា​គឺ​នៅ​ខែ​សីហា ឆ្នាំ​២០១៨​ដែលអ្នក​ម្តាយ​ផ្សេងៗ​​បាន​​នាំ​គ្នា​​​បង្កើត​​ក្រុម​សម្ព័ន្ធ​​ងើប​ឡើង​ដើម្បី​លើក​កម្ពស់​ជីវិត​និ​ង​សិទ្ធិដែល​មាន​ឯកសារ​រាប់​ពាន់​ច្បាប់​នៃ​ករណី​សង្គ្រាម​គ្រឿង​ញៀន​បាន​ដាក់​លើក​ទី​១​ទៅកាន់​តុលាការ​ ICC។

អ្នក​ស្រី Kristina Conti ជា​មេធាវី បាន​និយាយ​ថា ៖«នៅ​ពេល​នោះ នេះ​គឺ​ជា​កម្ពស់​នៃ​ការ​សម្លាប់»។ អ្នក​ស្រី​បន្ថែម​ថា អ្នក​ម្តាយ​ជា​ច្រើន​មិន​មាន​ឆន្ទៈ​និយាយ​ចេញ​ទេ ដោយ​ភ័យ​ខ្លាច​សុវត្ថិភាព​​​របស់​ពួកគេ។

ក្រុម​មេធាវី​ដែល​កំពុង​ធ្វើ​ការ​លើ​ករណី​សង្គ្រាម​គ្រឿង​ញៀនក៏​ប្រឈម​នឹង​ហានិភ័យ​សន្តិសុខ​ធ្ងន់​ធ្ងរ​ដែរ។ ស្ថិត​ក្រោម​អំណាច​ប្រធានាធិបតី Duterte មាន​មេធាវី​ចំនួន​៦១​នាក់​ត្រូវ​បាន​សម្លាប់។

អ្នក​ស្រី​មេធាវី Conti ឲ្យ​ដឹង​ថា ចំនួន​រឿង​ក្តី​ជា​ច្រើន​ដែល​ក្រុម​មេធាវី​ធ្វើ​ការ​មាន​ន័យ​ថា វា​ពិបាក​​ដើម្បី​កំណត់​ឲ្យ​ច្បាស់​ពី​មូលហេតុ​ដែល​ពួក​គេ​បាន​ក្លាយជា​គោល​ដៅ ប៉ុន្តែ​ភាគ​ច្រើន​នៃ​អ្នក​ដែល​ត្រូវ​បាន​សម្លាប់​ពាក់​ព័ន្ធ​នឹង​ករណី​គ្រឿង​ញៀន។

«មាន​ការ​ភ័យ​ខ្លាច​ទូទៅ វា​ដែល​មិន​អាច​និយាយ​ចេញឲ្យ​ត្រូវ តែ​ដើម្បី​ការពារករណី​​គ្រឿង​ញៀន​គឺ​សុំ​ឲ្យ​មាន​ការ​កាត់​ទោស​ប្រហារ​ជីវិត។ អ្នក​កំពុង​ដាក់​គោល​ដៅ​លើ​ក្បាល​របស់​អ្នក»។ អ្នក​ស្រី​មេធាវី​បាន​និយាយ។

ទោះ​ជា​​ប្រឈម​ហានិភ័យ ក៏​ក្រុម​គ្រួសារ​បាន​ដាក់​ញត្តិ​ជា​សាធារណៈ​ទៅ ICC ដោយ​ជឿ​ថា នេះ​ជា​ជម្រើស​មួយ​ដែល​អាច​នាំ​មក​នូវ​ការ​បញ្ឈប់​ការ​សម្លាប់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី

ព័ត៌មានជាតិ២០ នាទី មុន

ព្រឹកថ្ងៃនេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ៥៧ នាទី មុន

វៀតណាម កំពុងភ័យព្រួយចំពោះភាពតានតឹងនៅសមុទ្រចិនខាងត្បូង

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី ប្រាប់ពលរដ្ឋកុំបារម្ភរឿងបាត់បង់សង្ក្រាន្តនៅកម្ពុជា ហើយបុណ្យចូលឆ្នាំជាតិខ្មែរ នៅតែមានដដែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ រលាយទឹកកកនៅតំបន់ប៉ូល និងកត្តាប្រែប្រួលផ្សេងៗកំពុងដូរ​រង្វិលជុំផែនដី

Sokha Hotels

ព័ត៌មានពេញនិយម