Connect with us

ព័ត៌មានអន្ដរជាតិ

លោក Wang Yi នឹងធ្វើទស្សនកិច្ចមកកាន់ប្រទេសអាស៊ានចំនួន ៣ រួមទាំង កម្ពុជា នៅចុងសប្ដាហ៍នេះ

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងអញ្ជើញធ្វើទស្សនកិច្ចមកកាន់ប្រទេសអាស៊ានចំនួន ៣ រួមមាន សិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជាក្នុងសប្តាហ៍នេះ ចំពេលមានភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងម៉ានីល នៅក្នុងសមុទ្រចិនខាងត្បូង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេសចិនបាននិយាយថា លោក Wang Yi នឹងចាប់ផ្តើមធ្វើដំណើរមកកាន់ប្រទេសទាំងបីរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍នេះដល់ថ្ងៃអាទិត្យ ហើយក៏នឹងជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកផងដែរ ក្នុងនាមជារដ្ឋមន្ត្រីការបរទេស ចាប់តាំងពីលោកត្រូវបានតែងតាំងជំនួសលោក Qin Gang កាលពីថ្ងៃទី២៥ ខែកក្កដា ។

ក្រសួងការបរទេសបានបញ្ជាក់ទៀតថា “ដំណើរទស្សនកិច្ចរបស់លោក Wang Yi គឺមានគោលបំណងបង្កើន “ទំនាក់ទំនងជាយុទ្ធសាស្ត្រ” ជាមួយសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា ដើម្បីលើកកម្ពស់ស្ថិរភាពក្នុងតំបន់ ហើយលោករដ្ឋមន្ត្រីរូបនេះក៏មានបំណងធ្វើឲ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូជាមួយប្រទេសទាំងបី តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ក៏ដូចជាដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅកម្រិតថ្មីមួយផងដែរ” ។

ទន្ទឹមនោះ ចិនក៏មានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសទាំងបីផងដែរ ដើម្បីលើកកម្ពស់ការងើបឡើងវិញនៃសេដ្ឋកិច្ច រក្សាសន្តិភាព និងភាពស្ងប់ស្ងាត់ ពង្រឹងការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ ក៏ដូចជាការរួមចំណែកកាន់តែច្រើនដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងវិបុលភាពសម្រាប់តំបន់ និងពិភពលោក ។

គួរបញ្ជាក់ថា អាស៊ាន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិន ចាប់តាំងពីឆ្នាំ ២០២០ មក ខណៈដែលសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា ស្ថិតក្នុងចំណោមគោលដៅកំពូលសម្រាប់ការចូលរួមគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិនក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ SCMP

ចុចអាន ៖ មកដឹងអាយុថ្នាក់ដឹកនាំប្រទេស អាស៊ាន ទាំង ១០ ខណៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានវ័យក្មេងជាងគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម