ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន ជំរុញសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរបន្ថែមទៀតដើម្បីកុំឲ្យខ្វះអគ្គិសនីប្រើប្រាស់
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានលើកឡើងថា លោកនឹងជំរុញបង្កើនការសាងសង់ស្ថានីយថាមពលនុយក្លេអ៊ែរបន្ថែមទៀត ដើម្បីដោះស្រាយការខ្វះខាតចរន្តអគ្គិសនីប្រើប្រាស់នៅក្នុងប្រទេស ។ នេះបើយោងតាមការចុះផ្សាយដោយកាសែត Rodong Sinmun នៅថ្ងៃទី១៧ ខែមករានេះ ។

ថ្លែងក្នុងសុន្ទរកថានៅឯសភាប្រជាជនកូរ៉េខាងជើងកាលពីថ្ងៃអង្គារ លោក គីម ជុងអ៊ុន បានលើកឡើងថា ប្រសិនបើប្រទេសនេះដំណើរការស្ថានីយនុយក្លេអ៊ែរ និងរោងចក្រផលិតថាមពលផ្សេងទៀតនាពេលអនាគត នោះកូរ៉េខាងជើងមិនខ្វះអគ្គិសនីប្រើប្រាស់ និងអាចដោះស្រាយរាល់បញ្ហាកង្វះថាមពលរបស់ខ្លួនផងដែរ ។
ពាក់ព័ន្ធនឹងរឿងរ៉ាវនេះ យោងតាមទូរទស្សន៍ជប៉ុន NHK បានរាយការណ៍ផងដែរថា ប្រទេសកូរ៉េខាងជើងកំពុងញាប់ដៃញាប់ជើង សាងសង់ចង្ក្រានរ៉េអាក់ទ័រនុយក្លេអ៊ែរពិសោធន៍ទឹកខ្នាតតូចនៅកន្លែងរោងចក្រផលិតនុយក្លេអ៊ែររបស់ខ្លួនក្នុងទីក្រុង Nyongbyon ភាគពាយ័ព្យប្រទេស ។
ទន្ទឹមនោះ អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីខែធ្នូ ឆ្នាំ២០២៣ និងត្រូវបានចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ថា កូរ៉េខាងជើងពិតជាលួចបង្ហូរទឹកក្តៅចេញពីប្រព័ន្ធទឹកត្រជាក់របស់ចង្ក្រានរ៉េអាក់ទ័រទឹកខ្នាតតូចនេះប្រាកដមែន ហើយទីភ្នាក់ងារ IAEA ក៏សូមរិះគន់ចំពោះសកម្មភាពនេះផងដែរ ។

ជាការឆ្លើយតប រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik បានប្រាប់ទីភ្នាក់ងារព័ត៌មាន Yonhap កាលពីចុងខែធ្នូ ឆ្នាំ២០២៣ ថា ចង្ក្រានរ៉េអាក់ទ័រពិសោធន៍ទឹកខ្នាតតូចរបស់កូរ៉េខាងជើងនឹងដំណើរការពេញទីក្នុងចន្លោះខែមិថុនាដល់កញ្ញានេះ ។
ស្របពេលជាមួយគ្នានេះ បើទោះបីជាលោក គីម ជុងអ៊ុន អះអាងថា ចង្ក្រានរ៉េអាក់ទ័រខ្នាតតូច គឺសម្រាប់ផ្គត់ផ្គង់ចរន្តអគ្គិសនីក្នុងប្រទេសរបស់ខ្លួនក៏ដោយ ប៉ុន្តែប្រទេសពាក់ព័ន្ធសម្ដែងក្ដីភ័យព្រួយថា កូរ៉េខាងជើងនឹងកាន់តែមានសមត្ថភាពផលិតផ្លាតូនីញ៉ូម (Plutonium) ដើម្បីប្រើប្រាស់សម្រាប់អាវុធនុយក្លេអ៊ែរ ជាពិសេសរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង អាចនឹងប្រើចង្ក្រានរ៉េអាក់ទ័រនេះ ដើម្បីអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


