Connect with us

ព័ត៌មានអន្ដរជាតិ

ឆាប់ៗនេះ លោក ពូទីន នឹងបំពេញទស្សនកិច្ចជាប្រវត្តិសាស្រ្ត នៅកូរ៉េខាងជើង

បានផុស

នៅ

តាមការចុះផ្សាយរបស់កាសែត Rodong Sinmun, ក្រសួងការបរទេសកូរ៉េខាងជើង បានប្រកាសថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នឹងមកបំពេញទស្សនកិច្ចទីក្រុងព្យុងយ៉ាង នាពេលឆាប់ៗ ហើយប្រសិនបើរឿងនេះកើតឡើងមែន វានឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកពូទីន ទៅកាន់ប្រទេសកូរ៉េខាងជើង ក្នុងប្រវត្តិសាស្រ្ត២៤ឆ្នាំចាប់តាំងពីលោកឡើងកាន់តំណែងជាប្រធានាធិបតី ក្នុងឆ្នាំ២០០០មក។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (ឆ្វេង) ចាប់ដៃជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណឹងនេះលេចឮ ក្រោយពេលកាសែតរបស់គណបក្សកាន់អំណាចកូរ៉េខាងជើងខាងលើ ផ្សាយថា រដ្ឋមន្រ្តីការបរទេសលោកស្រី Choe Son Hui បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនៅប្រទេសរុស្ស៊ី ដោយលោកស្រីបានជួបពិភាក្សាជាមួយលោក ពូទីន និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov។

តាមសេចក្តីរាយការណ៍ លោក ពូទីន ចាប់អារម្មណ៍នឹងការអញ្ជើញរបស់លោក គីម ជុងអ៊ុន ឲ្យមកបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ហើយលោកថែមទាំងបង្ហាញបំណង ចង់មកប្រទេសនេះលឿនជាងការរំពឹងទុកទៀតផង។

លើសពីនេះ កាសែត Rodong Sinmun រាយការណ៍ថា លោកស្រី Choe ក៏ពិភាក្សាអំពីស្ថានភាពនៅឧបទ្វីបកូរ៉េ ជាមួយក្រុមមន្ត្រីរុស្ស៊ីផងដែរ។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោកស្រី Choe Son Hui (ឆ្វេង) ជាមួយសមភាគីរុស្ស៊ីលោក Sergey Lavrov (រូបថត៖ AFP)

ប៉ុន្មានសប្តាហ៍មកនេះ កូរ៉េខាងជើង បានប្រឹងប្រែងពង្រឹងកម្លាំងយោធាខ្លាំងណាស់ រួមទាំងការធ្វើតេស្តអាវុធនុយក្លេអ៊ែរក្រោមទឹកនាពេលថ្មីៗ និងដាក់ពង្រាយមីស៊ីលបាលីស្ទិករយៈចម្ងាយឆ្ងាយប្រើឥន្ធនៈរឹង កាលពីថ្ងៃអាទិត្យមុនផងដែរ។

មិនត្រឹមប៉ុណ្ណឹង មេដឹកនាំ គីម ជុងអ៊ុន ថែមទាំងបញ្ឆេះសង្គ្រាមពាក្យសម្តី និងដាក់ចេញនូវគោលនយោបាយម៉ឺងម៉ាត់ប្រឆាំងខ្មាំងសត្រូវដូចជាការលុបចោលកិច្ចព្រមព្រៀងសន្តិភាពមួយចំនួនទៀតផង។

កូរ៉េខាងជើងនិយាយថា ខ្លួនក្តៅចិត្តមែនទែន ចំពោះសមយុទ្ធយោធារួមគ្នារវាងអាមេរិក កូរ៉េខាងត្បូងនិងជប៉ុន ហើយថ្កោលទោសថា ទង្វើនេះបង្កឲ្យស្ថានភាពក្នុងតំបន់កាន់តែឡើងកម្តៅ ហើយគំរាមកំហែងដល់សន្តិសុខរបស់ទីក្រុងព្យុងយ៉ាង។

យ៉ាងណាមិញ សម្ព័ន្ធមិត្តទាំង៣ អះអាងហើយអះអាងទៀតថា ពួកគេធ្វើសមយុទ្ធច្រើនឡើងៗ ដោយសារសកម្មភាពយោធាដ៏គឃ្លើនរបស់កូរ៉េខាងជើង រួមទាំងការធ្វើតេសមីស៊ីលជាបន្តបន្ទាប់និងការបាញ់អាវុធថ្មីៗ ដែលសុទ្ធតែបំពានដល់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កូរ៉េខាងជើង ធ្វើតេស្តអាវុធនុយក្លេអ៊ែរក្រោមទឹក កម្លាខ្មាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម