ព័ត៌មានអន្ដរជាតិ
សម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិច មីយ៉ាន់ម៉ា បង្ហាញមហិច្ឆតាកម្ចាត់កម្លាំងរដ្ឋាភិបាលយោធាត្រឹមឆ្នាំនេះ
សម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិច ឬសម្ព័ន្ធបងបង្អូន ៣ នាក់កាលពីពេលថ្មីៗនេះបានចេញសារជូនពរប្រជាជនមីយ៉ាន់ម៉ាក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ខណៈក្នុងខ្លឹមសារនោះបានបង្កប់អត្ថន័យយ៉ាងរន្ធត់មួយថា កម្លាំងរដ្ឋាភិបាលយោធាក៏នឹងត្រូវកម្ចាត់ចោលក្នុងឆ្នាំនេះផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Irrawaddy កាលពីថ្ងៃទី១២ ខែកុម្ភៈកន្លងទៅ ។

នៅក្នុងសារដែលត្រូវបានចេញផ្សាយកាលពីចុងសប្ដាហ៍ ពោលចំថ្ងៃសែនចូលឆ្នាំចិនបានឲ្យដឹងថា “ឆ្នាំនេះជាឆ្នាំនាគ ដែលប្រជាជនចិនចាត់ទុកជាសញ្ញារាសីល្អបំផុត ដូច្នេះយើងក៏សង្ឃឹមដូចគ្នាដែរថា សារៈសំខាន់ និងពរជ័យនៃឆ្នាំនេះ នឹងជួយសម្រេចមហិច្ឆតា ក៏ដូចជាសេចក្តីប៉ងប្រាថ្នារបស់ប្រជាជនមីយ៉ាន់ម៉ាទាំងអស់ ជាពិសេសយើងជឿជាក់ថា ឆ្នាំនាគនឹងជួយនាំលាភនាំជ័យឲ្យយើងកម្ចាត់បានកងកម្លាំងរដ្ឋាភិបាលយោធា” ។
សារនោះបានរ៉ាយរ៉ាប់ទៀតថា ទោះយ៉ាងណា ក្រុមឧទ្ទាមទ័ពព្រៃក៏បន្ទន់ឥរិយាបថបញ្ឈប់ការបាញ់បោះនៅភាគខាងជើងរដ្ឋ Shan ផងដែរ ពោលគឺស្របតាមបទឈប់បាញ់ដែលដាក់ចេញដោយប្រទេសចិនកាលពីខែមុន ក្នុងគោលបំណងធានាដល់ប្រជាជនដែលរស់នៅនៅតាមព្រំដែន អាចប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនទាំងមិនព្រលឹងចុងសក់ ។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កងកម្លាំងរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកាន់តែបាក់ទ័ព ដោយសារតែកងទ័ពអារ៉ាកាន់ (AA) ព្រួតដៃជាមួយកងទ័ពសម្ព័ន្ធប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) និងកងទ័ពរំដោះជាតិ Ta’ang (TNLA) ហើយចាប់តាំងពីផ្ទុះប្រតិបត្តិការ Operation 1027 ថ្ងៃទី២៧ ខែតុលាឆ្នាំមុនមក ក្រុមទ័ពព្រៃទាំងបីនេះវាយដណ្តើមយកបន្ទាយទ័ពជាង ៥០០ កន្លែង និងទីក្រុងចំនួន ២០ ពីកងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្រោយពេលដែលការប្រយុទ្ធគ្នាបានរាលដាលដល់ភាគខាងកើត និងភាគខាងលិចរដ្ឋ Shan ខណៈយោងតាមអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ប្រជាជនជាងកន្លះលាននាក់ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ។
គួរបញ្ជាក់ថា ជម្លោះប្រដាប់អាវុធរវាងកម្លាំងរដ្ឋាភិបាលយោធា និងក្រុមឧទ្ទាមទាំងបីបានផ្ទុះមានឡើងនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីចុងខែតុលា ឆ្នាំ២០២៣ មកម្ល៉េះ ខណៈភ្លើងសង្គ្រាមកាន់តែឆេះរោលរាលឡើង នៅពេលកម្លាំងទ័ពជិត ២,៤០០ នាក់ រួមទាំងមន្ត្រីជាង ២០០ នាក់បានសុំចុះចាញ់ក្រុមឧទ្ទាមទ័ពព្រៃនៅទីក្រុង Kokang ដែលមានព្រំប្រទល់ជាប់ប្រទេសចិន រួមជាមួយទីក្រុង Paletwa និងបន្ទាយទ័ពចំនួន ៦ ផ្សេងទៀតនៅតាមបណ្ដោយព្រំដែនជាមួយប្រទេសឥណ្ឌាកាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០២៤ កន្លងទៅ ៕

ដោយ ៖ សុខ ជីវ័ន្ត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ