ព័ត៌មានអន្ដរជាតិ
ហេតុអ្វី រញ្ជួយដីខ្លាំងប៉ុណ្ណឹងហើយ អគារខ្ពស់បំផុតរបស់តៃវ៉ាន់ នៅតែអាចស៊ូទ្រាំមិនបាក់រលំបាន?
គ្រោះរញ្ជួយដីកម្រិតធ្ងន់បានវាយប្រហារកោះតៃវ៉ាន់ កាលពីថ្ងៃពុធទី៣ខែមេសា ដោយបណ្តាលឲ្យមានមនុស្សស្លាប់និងរបួស ហើយថែមទាំងផ្តួលរំលំអគារមួយចំនួនទៀតផង។

ប៉ុន្តែអ្វីដែលគេគ្រប់គ្នាចាប់អារម្មណ៍និងមានចម្ងល់ខ្លាំងបំផុតនោះគឺថា អគារកម្ពស់ខ្ពស់បំផុតរបស់កោះតៃវ៉ាន់ Taipei 101 នៅតែឈរយ៉ាងរឹងមាំទប់ទល់ជាមួយកម្លាំងរញ្ជួយ ដោយគ្មានខូចខាតអ្វីសោះ។ តើនេះបណ្តាលមកពីមូលហេតុអ្វីទៅ?
ចម្លើយគឺថា អគារខ្ពស់កប់ពពកកម្ពស់១០១ជាន់របស់តៃវ៉ាន់មួយនេះ មានភ្ជាប់ជាមួយឧបករណ៍ពិសេស ដើម្បីការពារពីរញ្ជួយដីនិងខ្យល់បក់ខ្លាំង៖ នោះគឺប៉ោលដែកទម្ងន់៦០០តោន ដែលព្យួរនៅកម្ពស់ជាង៣០០ម៉ែត្រពីលើដី។

ប៉ោលដែកពណ៌មាសមួយនេះ គឺព្យួរនៅជាន់ទី៩២របស់អគារ ហើយពេលដែលអគារផ្អៀងទៅម្ខាង ប៉ោលដែកនេះនឹងយោលទៅទិសដៅម្ខាងផ្សេង ដើម្បីទប់លំនឹងរបស់អគារ។ ឧទាហរណ៍ថា បើខ្យល់បោកបក់ឬរញ្ជួយដីធ្វើឲ្យអគារទ្រេតទៅខាងឆ្វេង ដុំប៉ោលនោះ នឹងយោលមកខាងស្តាំ ដើម្បីរក្សាលំនឹងអគារឲ្យមានតុល្យភាព។
អគារខ្ពស់នេះ ត្រូវបានរចនាឡើងដោយក្រុមហ៊ុនក្នុងស្រុកឈ្មោះ C.Y. Lee & Partners ហើយដោយសារតែស្ថានភាពភូមិសាស្រ្តរបស់តៃវ៉ាន់ ស្ថិតនៅលើខ្សែបន្ទាត់ភ្នំភ្លើង Ring Of Fire ទើបក្រុមហ៊ុនគិតគូរ គូសប្លង់អគារឲ្យមានភាពបត់បែនគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងការរញ្ជួយដី និងខ្យល់ព្យុះទីហ្វុង។

អគារ Taipei 101 បានពន្យល់នៅលើគេហទំព័ររបស់ខ្លួនថា ជាមួយអង្កត់ផ្ចិត៥.៤ម៉ែត្រ ដុំនេះត្រូវបានធ្វើឡើងដោយបន្ទះដែករឹងចំនួន៤១ស្រទាប់ ដែលផ្សារភ្ជាប់គ្នាដើម្បីបង្កើតជារង្វង់មូល។
ចំណែកបើយោងតាមក្រុមហ៊ុន A+H Tuned Mass Dampers ដែលជួយបង្កើតឧបករណ៍នេះ បានឲ្យដឹងថា ដុំប៉ោលដែកទម្ងន់៦០០តោននេះ អាចជួយកាត់បន្ថយចលនារបស់អគារបាន ៤០%។

ការសាងសង់អគារ Taipei 101 បានចាប់ផ្តើមក្នុងឆ្នាំ១៩៩៩ ហើយបញ្ចប់ទាំងស្រុង មុនថ្ងៃចូលឆ្នាំសកល២០០៤ រួចក៏បើកជាសាធារណៈ ហើយពេលនោះ វាជាអគារខ្ពស់បំផុតលើពិភពលោក។ គ្រប់ជាន់នៃអគារ ត្រូវបានដំឡើងជាមួយនឹងដែកទ្រទម្ងន់ ដែលរត់ពីស្នូលអគារទៅជួរឈរខាងក្រៅរបស់អគារ ដើម្បីបង្កើនភាពរឹងមាំ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី៤ខែមេសា តួលេខមនុស្សបាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុតនារយៈពេល២៥ឆ្នាំរបស់កោះ តៃវ៉ាន់ បានកើនដល់៩នាក់ ខណៈ១០០០នាក់រងរបួស លើសពីនេះ ក៏មានអគារមួយចំនួនត្រូវបាក់រលំផងដែរ។
គ្រោះរញ្ជួយដីកម្រិត ៧.៤រ៉ិចទ័រនេះ មានចំណុចកណ្តាលក្បែរកោះ Hualien ជាមួយនឹងជម្រៅ៣៤.៨គីឡូម៉ែត្រ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មនុស្សស្លាប់ដោយរញ្ជួយដីនៅតៃវ៉ាន់ កើនឡើងបន្ថែម ខណៈ ១០០០នាក់ រងរបួស

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ