ព័ត៌មានអន្ដរជាតិ
ដោយសារតែចង់បានលុយចូលនិវត្តន៍ ស្រ្តី តៃវ៉ាន់ ម្នាក់ លាក់សពឪពុកក្នុងផ្ទះអស់ជាច្រើនឆ្នាំ
ប៉ូលិសតៃវ៉ាន់ បានចោទប្រកាន់ស្ត្រីម្នាក់ពីបទលាក់សាកសពឪពុកអាយុ ១០០ឆ្នាំ ដែលបានទទួលមរណភាពកាលពីច្រើនឆ្នាំមុននៅក្នុងផ្ទះរបស់នាង ដើម្បីបន្តទទួលបានអត្ថប្រយោជន៍ចូលនិវត្តន៍។ នេះបើយោងតាមការចុះផ្សាយពី vnexpress នៅថ្ងៃទី១១ ខែឧសភា។
ស្រ្តីមិនស្គាល់អត្តសញ្ញាណរស់នៅក្នុងទីក្រុង Kaohsiung ភាគខាងត្បូងកោះតៃវ៉ាន់។ ស្ត្រីម្នាក់នេះត្រូវបានគេនិយាយថាបានរស់នៅជាមួយឪពុកអស់រយៈពេលជាង៥០ឆ្នាំមកហើយ ម្តាយរបស់នាងបានទទួលមរណភាពមុនពេលនោះប៉ុណ្ណោះ។
ស្ត្រីម្នាក់នេះបានបំផុសការសង្ស័យរបស់ប៉ូលិសជាលើកដំបូងកាលពីខែវិច្ឆិកា ឆ្នាំមុន នៅពេលនាងត្រូវបានផាកពិន័យចំនួន ៦០,០០០ ដុល្លារតៃវ៉ាន់ ពីបទមិនអនុញ្ញាតឲ្យអាជ្ញាធរសុខាភិបាលចូលផ្ទះរបស់នាង ដើម្បីបាញ់ថ្នាំគីមីដើម្បីការពារជំងឺគ្រុនឈាម។ ការដែលនាងបន្តរារាំងមន្ត្រីរដ្ឋាភិបាលមិនឲ្យចូលផ្ទះធ្វើឲ្យអាជ្ញាធរសង្ស័យ។ ប៉ូលិសបានមកជួបស្ត្រីរងគ្រោះ និងបានសាកសួរនាងពីកន្លែងលាក់ខ្លួនរបស់ឪពុក។ ដំបូងឡើយ នាងបានអះអាងថា បុរសចំណាស់រូបនេះស្ថិតនៅក្នុងមណ្ឌលថែទាំ។
នៅពេលដែលប៉ូលិសសាកសួរជាបន្តបន្ទាប់ ស្ត្រីនោះបានផ្លាស់ប្តូររឿង ហើយនិយាយថា បងប្រុសរបស់នាងបាននាំឪពុកទៅកាន់ដីគោក។ ការបោកប្រាស់បានបែកធ្លាយ នៅពេលដែលប៉ូលិសស៊ើបអង្កេតដើម្បីផ្ទៀងផ្ទាត់សេចក្តីថ្លែងការណ៍ និងបានរកឃើញថា បងប្រុសនាងស្លាប់អស់រយៈពេល ៥០ ឆ្នាំមកហើយ ហើយមិនមានឯកសារណាមួយដែលបង្ហាញថាឪពុករបស់ស្ត្រីនេះបានចាកចេញពីកោះតៃវ៉ាន់នោះទេ។
ក្រោយមក ស្ត្រីរូបនេះបាននិយាយថា ឪពុករបស់នាងបានលាចាកលោកនៅលើដីគោកហើយ ។ នៅពេលប៉ូលិសសុំសំបុត្រមរណភាព នាងមិនបង្ហាញទេ ហើយនិយាយថានាងកំពុងដាក់ពាក្យសុំឯកសារនេះ។ សក្ខីកម្មដែលប្រែប្រួលឥតឈប់ឈររបស់ស្ត្រីនោះ បានធ្វើឲ្យប៉ូលិសឆែកឆេរផ្ទះ ហើយរកឃើញថង់សម្រាមពណ៌ខ្មៅដែលមានគ្រោងឆ្អឹងមនុស្សចាស់ម្នាក់ ។ ស្ថានភាពនៃសាកសពបានបង្ហាញថា បុរសចំណាស់បានស្លាប់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ Mnews អ្នកជំនាញកោសល្យវិច្ច័យលោក Gao Da Cheng បានពន្យល់ថា ជាធម្មតាវាត្រូវចំណាយពេលពី ១ ទៅ ២ឆ្នាំដើម្បីឲ្យរាងកាយប្រែទៅជាគ្រោងឆ្អឹង។ ក្លិនខ្លាំងបំផុតលេចឡើងប្រហែលពីរសប្តាហ៍ បន្ទាប់ពីការស្លាប់ហើយក្លិននឹងបាត់ប្រហែលមួយខែក្រោយមក។
សូមបញ្ចាក់ដែរថា ឪពុករបស់ស្ត្រីរូបនេះជាអតីតយុទ្ធជនយោធាដែលបម្រើការអស់រយៈពេលជាង២០ឆ្នាំ។ នេះមានន័យថា គាត់មានប្រាក់សោធនប្រចាំខែដែលចំនួននេះអាស្រ័យលើឋានៈនិងសេវាកម្មរបស់គាត់។ ព័ត៌មានលម្អិតអំពីឋានៈរបស់បុរសនេះមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែប្រាក់សោធននិវត្តន៍ជាមធ្យមសម្រាប់អតីតយុទ្ធជននៅតៃវ៉ាន់គឺ 49,379 ដុល្លារតៃវ៉ាន់ ក្នុងមួយខែ។
យ់ាងណាមិញ មកដល់ពេលនេះ ប៉ូលិសកំពុងស៊ើបអង្កេតមូលហេតុនៃការស្លាប់របស់បុរសចំណាស់ ដើម្បីកំណត់ថាតើស្ត្រីនោះបានប្រព្រឹត្តបទឧក្រិដ្ឋអ្វីក្រៅពីការលាក់សាកសពឪពុករបស់ខ្លួន។ នៅតៃវ៉ាន់ អ្នកដែលធ្វើបាប បោះបង់ចោល ជេរប្រមាថ ឬលួចសាកសព អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ។ ប្រសិនបើឧក្រិដ្ឋកម្មនេះត្រូវបានប្រព្រឹត្តប្រឆាំងនឹងរាងកាយរបស់សាច់ញាតិភ្លាមៗ ឬសមាជិកគ្រួសារ ការកាត់ទោសអាចត្រូវបានកើនឡើង ១.៥ ដង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ចង់ប្លែកពីគេ នារីម្នាក់ឡើងទៅដេកក្នុងថតដាក់អីវ៉ាន់យន្តហោះ អាមេរិក ផ្អើលអ្នកដំណើរឈូឈរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+១ សប្តាហ៍ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+២ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ