Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ជំរុញមហាអំណាចទាំងឡាយ ត្រូវប្រើគ្រប់វិធី បង្ខំរុស្ស៊ី មកចរចាសន្តិភាពឲ្យបាន

បានផុស

នៅ

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃអង្គារទី២៨ខែឧសភា, គ្រាន់ឈានជើងចូលទឹកដីអេស្ប៉ាញភ្លាម ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានជំរុញដល់បណ្តាមេដឹកនាំប្រទេសមហាអំណាច ដាក់សម្ពាធហើយប្រើគ្រប់វិធី ធ្វើយ៉ាងណាបង្ខំឲ្យរុស្ស៊ី ចូលមកពិភាក្សាអំពីកិច្ចព្រមព្រៀងសន្តិភាពឲ្យខាងតែបាន។

លោក Zelensky ប្រាប់សន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez ថា “យើងត្រូវពង្រឹងការងាររួម ជាមួយដៃគូរបស់យើង ដើម្បីសម្រេចឲ្យបានកាន់តែច្រើន។ ដូចនេះ ត្រូវប្រើគ្រប់មធ្យោបាយដើម្បីបង្ខំឲ្យរុស្ស៊ី មកពិភាក្សាអំពីសន្តិភាពឲ្យបាន”។

ការអំពាវនាវរបស់លោក Zelensky កើតឡើងចំពេលរុស្ស៊ី ទទួលជោគជ័យថែមទៀត ក្នុងប្រតិបត្តិការសឹកនៅអ៊ុយក្រែន ខណៈប្រធានាធិបតីរូបនេះ ស្តីបន្ទោសបរាជ័យលើសមរភូមិ ទៅលើកង្វះគ្រឿងសព្វាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច។

នៅក្នុងទីក្រុងម៉ាឌ្រីដ លោក Zelensky ក៏បានលើកឡើងផងដែរថា មួយខែៗ រុស្ស៊ីទម្លាក់គ្រាប់បែកលើអ៊ុយក្រែនប្រមាណ ៣ ២០០គ្រាប់ ហើយបើអ៊ីចឹងៗ តើឲ្យទីក្រុងកៀវប្រយុទ្ធយ៉ាងម៉េចកើត?

ពាក់ព័ន្ធកិច្ចពិភាក្សាសន្តិភាពនេះដែរ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov ធ្លាប់និយាយហើយថា រុស្ស៊ី ត្រៀមខ្លួនចូលតុចរចាជានិច្ច ប៉ុន្តែលុះត្រាតែខ្លួនសម្រេចបានគោលដៅ ក្នុងប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនជាមុនសិន។

លើសពីនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏ធ្លាប់បោះសម្តីដែរថា កិច្ចព្រមព្រៀងសន្តិភាពណាមួយ នឹងត្រូវឆ្លុះបញ្ចាំងពីស្ថានភាពនៅលើសមរភូមិថាតើ ទាហានរុស្ស៊ី ទទួលបានផ្លែផ្កាអ្វីខ្លះ និងថាតើស្ថានការណ៍នឹងអាចវិវឌ្ឍទៅជាបែបណា។

សូមបញ្ជាក់ជាថ្មី នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ រុស្ស៊ី បានបើកប្រតិបត្តិការយោធាពិសេសក្នុងប្រទេសអ៊ុយក្រែន ហើយគោលបំណងមួយក្នុងចំណោមគោលបំណងដែលរុស្ស៊ីសម្រេចធ្វើដូច្នេះ គឺថា លោក ពូទីន ចង់រំដោះតំបន់ Donbass ព្រោះបើយោងតាមភាគីរុស្ស៊ី, នៅទីនោះប្រជាជននៃសាធារណរដ្ឋ Donetsk និង Lugansk បានរស់នៅក្រោមគ្រាប់ផ្លោងរបស់កងកម្លាំងទីក្រុងកៀវ សឹងរាល់ថ្ងៃ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក Zelensky អំពាវនាវដល់ អាមេរិក និងចិន ជួយរកសុខសន្តិភាពឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម