ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីលីបង់ បដិសេធរឿងដែលថា ក្រុមហេសបូឡា ផ្ទុកមីស៊ីល និងរ៉ុក្កែតនៅព្រលានយន្តហោះ
ក្រសួងដឹកជញ្ជូនលីបង់ បានធ្វើសន្និសីទកាសែតកាលពីថ្ងៃទី២៣ ខែមិថុនា ថា មិនមានការលួចផ្ទុកគ្រឿងសព្វាវុធនោះទេនៅព្រលានយន្តហោះអន្តរជាតិរដ្ឋធានី Beirut ខណៈជម្លោះប្រដាប់អាវុធកំពុងកើនកម្ដៅខ្លាំងរវាងក្រុមយោធាហេសបូឡា និងប្រទេសអ៊ីស្រាអែល។

លោក Ali Hamieh រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនលីបង់ បានបដិសេធចំពោះអត្ថបទព័ត៌មានមួយ ដែលចេញផ្សាយដោយសារព័ត៌មានអង់គ្លេស The Telegrahp ដែលថា ក្រុមហេសបូឡា បានផ្ទុកគ្រាប់មីស៊ីល និងគ្រាប់រ៉ុក្កែតជាច្រើននៅព្រលានយន្តហោះ។ លោករដ្ឋមន្ត្រី និយាយថា “ខ្ញុំកំពុងធ្វើសន្និសីទសារព័ត៌មាននេះ ដើម្បីបញ្ជាក់ឲ្យច្បាស់ថា អ្វីគ្រប់យ៉ាងដែលបានសរសេរនៅក្នុង The Telegraph គឺជារឿងមិនពិត ហើយខ្ញុំសូមនិយាយថា មិនមានអាវុធនាំចូល ឬនាំចេញពីព្រលានយន្តហោះ Beirut នោះទេ”។
នៅក្នុងសន្និសីទនេះ លោក Hamieh បានអញ្ជើញឲ្យអគ្គរដ្ឋទូត និងក្រុមអ្នកកាសែត ដើរត្រួតពិនិត្យបរិវេណទាំងអស់នៅទូទាំងព្រលានយន្តហោះ Beirut។

គួររំឭកថា The Telegrah បានចុះផ្សាយថា ក្រុមហេសបូឡា បានលួចប្រើប្រាស់ព្រលានយន្តហោះ Beirut សម្រាប់ផ្ទុកអាវុធខ្នាតធំ ដែលត្រូវបានផ្គត់ផ្គង់ដោយប្រទេសអ៊ីរ៉ង់។ អាវុធទាំងនោះ មានដូចជា មីស៊ីលប៉ាលិស្ទិក មីស៊ីលបាញ់រថគ្រោះ និងគ្រាប់រ៉ុក្កែត។ សារព័ត៌មានអង់គ្លេសមួយនេះ បានឲ្យដឹងទៀតថា កងកម្លាំងអ៊ីស្រាអែល បានព្រមានថា យុទ្ធសាស្ត្រនៃការផ្ទុកអាវុធទាំងនេះនៅក្នុងតំបន់ស៊ីវិល នឹងអាចប៉ះពាល់ខ្លាំងចំពោះប្រជាជនស្លូតត្រង់។ អ៊ីស្រាអែល ថា ប្រសិនបើហេសបូឡាបើកការវាយប្រហារបាញ់ចេញពីព្រលានយន្តហោះនេះមែន នោះអ៊ីស្រាអែលនឹងគ្មានជម្រើសទេ គឺមានតែបាញ់តបត ហើយអាចបង្កជាហានិភ័យធ្ងន់ធ្ងរដល់ជនស៊ីវិល និងបង្កឲ្យមានការថ្កោលទោសពីអន្តរជាតិមិនខាន។
សូមបញ្ជាក់ថា ភាពតានតឹងរវាងអ៊ីស្រាអែល និងលីបង់ បានចាប់ផ្ដើមឡើងកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ក្រោយពីក្រុមហេសបូឡា ដែលមានការគាំទ្រដោយអ៊ីរ៉ង់ បានបើកការវាយប្រហារដោយរ៉ុក្កែតជាច្រើនគ្រាប់ទៅលើអ៊ីស្រាអែល មួយថ្ងៃបន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស។ ជាការសងសឹក អ៊ីស្រាអែល បានបាញ់កាំភ្លើងធំសំដៅទៅភាគអាគ្នេយ៍ប្រទេសលីបង់។ ចាប់តាំងពីពេលនោះមក ជម្លោះប្រដាប់អាវុធបាននិងកំពុងកើតឡើងស្ទើរជារៀងរាល់ថ្ងៃរវាងភាគីទាំងសងខាង។ យ៉ាងណាមិញ ការវាយប្រហារកាលពីពេលថ្មីៗនេះ កាន់តែមានទ្រង់ទ្រាយធំឡើងៗ បន្ទាប់ពីអ៊ីស្រាអែលបានសម្លាប់លោក Taleb Abdallah មេបញ្ជាការមួយរូបរបស់ក្រុមហេសបូឡា។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP បានឲ្យដឹងថា អ៊ីស្រាអែលបានបើកការវាយប្រហារ និងសម្លាប់ក្រុមប្រយុទ្ធ Hezbollah នៅលីបង់ ប្រមាណ ៤៨០នាក់ ដោយក្នុងនោះមានជនស៊ីវិលប្រហែល៩៣នាក់ ដែលតួលេខនេះគឺជាចំនួនខ្ពស់បំផុតមួយគិតចាប់តាំងពីឆ្នាំ២០០៦ បន្ទាប់ពីជម្លោះរ៉ាំរ៉ៃរវាងភាគីទាំង២។ ដោយឡែក បើតាមអ៊ីស្រាអែលវិញ ក្រុមលីបង់បានវាយប្រហារនិងសម្លាប់ទាហានរបស់ខ្លួនអស់ចំនួន ១៥នាក់ និងជនស៊ីវិល ១១នាក់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


