ព័ត៌មានអន្ដរជាតិ
ការទូតមហាអំណាចជួបគ្នាលើកនេះ អាចជាច្រកចេញបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន ឆាប់ៗ
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក អាន់តូនី ប៊្លីនកែន ( Antony Blinken) គ្រោងជួបពិភាក្សាជាមួយសមភាគីចិន លោក វ៉ាង យី (Wang Yi) នៅថ្ងៃសៅរ៍ទី២៧ខែកក្កដានេះ នៅទីក្រុងវៀងចន្ទន៍ប្រទេសឡាវ ដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។

មិនត្រឹមតែប្រមុខការទូតនៃប្រទេសមហាអំណាចទាំងពីរដែលកំពុងប្រជែងឥទ្ធិពលគ្នាប៉ុណ្ណោះទេ សូម្បីប្រមុខការទូតរុស្ស៊ីក៏បានជួបពិភាក្សាជាមួយសមភាគីចិន មុនពេលលោក វ៉ាង យី ជួបលោក ប្ល៊ីនកែន។ កាន់តែសំខាន់ទៀតនោះ មុនប្រមុខការទូតចិនហោះមកកាន់ប្រទេសឡាវ លោក វ៉ាង យី បានទទួលជួប លោក Dmitro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនដ៏កម្រមួយនៅដើមសប្តាហ៍នេះ។
ត្បិតថា លទ្ធផលនៃជំនួបនិមួយៗមិនត្រូវបានបង្ហាញ ប៉ុន្តែមានការវិភាគជាច្រើនអះអាងពីការរីកចម្រើននៃដំណើរការចរចាសន្តិភាពអ៊ុយក្រែន ដែលមានមហាអំណាចចិនដើរតួនាទីយ៉ាងសំខាន់បំផុត។ រុស្ស៊ីស្ទើរតែមិនស្តាប់អ្នកផ្សេងណា និងជាទីទុកចិត្តក្រៅពីចិនឡើយរហូតដល់ពេលនេះ។
ក្នុងរយៈពេលចុងក្រោយនេះ ចិនកំពុងដើរតួនាទីនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលភាគីគីជម្លោះ អ៊ុយក្រែននិងរុស្ស៊ីឱ្យខិតទៅរកការចរចាបញ្ចប់សង្គ្រាមដែលបានអូសបន្លាយពេលជាង២កន្លះ។
មុនជួបលោក ប្ល៊ីនកែន រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេយ ឡាវរ៉ូវ (Sergei Lavrov) ដែលបានប្រាប់អ្នកសារព័ត៌មានកាលពី២ថ្ងៃមុនថា ចិននិងរុស្ស៊ីព្រមព្រៀងគ្នា «ប្រយុទ្ធប្រឆាំងការប៉ុនប៉ងដោយកម្លាំងខាងក្រៅតំបន់ដើម្បីជ្រៀតជ្រែកចូលក្នុងកិច្ចការអាស៊ីអាគ្នេយ៍»។
ការចរចារវាងអ៊ុយក្រែននិងរុស្ស៊ីបានជាប់គាំងរកច្រកចេញមិនឃើញចាប់តាំងពីខែមេសាឆ្នាំ២០២២ក្រោយសង្គ្រាម២ខែ ដោយសាររុស្ស៊ីទាមទារការចរចាជាមួយសហរដ្ឋអាមេរិក ដែលខ្លួនជឿថា ជាបងធំរបស់អ៊ុយក្រែននិងអង្គការណាតូបានញាក់អ៊ុយក្រែនឲ្យធ្វើសង្គ្រាមជាមួយខ្លួន។ ចំណែកអ៊ុយក្រែនដែលទទួលបានការផ្គត់ផ្គង់អាវុធយ៉ាងច្រើនសន្ធឹកសន្ធប់ពីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុបនិងអង្គការណាតូ បានទាមទារឲ្យរុស្ស៊ីដកកងទ័ពរបស់ខ្លួនចេញពីទឹកដីអ៊ុយក្រែន មុនមានការចរចា«សន្តិភាព»។

ភាគីចិននៅតែរក្សាទំនាក់ទំនងល្អជាមួយភាគីរុស្ស៊ីដែលរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីបច្ចឹមប្រទេសដោយសារតែការលើកទ័ពចូលលុកលុយប្រទេសអ៊ុយក្រែន ហើយ ចិនក៏រងការចោទថា បានសម្របសម្រួលកិច្ចក្នុងសង្គ្រាមនៅអ៊ុយក្រែន។ ទោះបីរងការចោទប្រកាន់ជាហូរហែរ ភាគចិនតែងតែបដិសេធ ហើយ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនជួបភាគីចិន ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានអះអាងថា ចិនមិនបានផ្គត់ផ្គង់អាវុធដល់រុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែនឡើយ។
តាមរយៈជំនួបជាញឹកញាប់និងប្រទាក់ក្រឡាគ្នារបស់ប្រមុខការទួតនៃប្រទេសមហាអំណាចក្នុងរយៈពេលចុងក្រោយនេះ ក្រុមអ្នកវិភាគមើលឃើញថា ដំណើរការចរចាសន្តិភាពក្នុងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន អាចកើតឡើងឆាប់ៗ ដោយសារតែភាគីទាំងអស់បង្ហាញនូវការហត់នឿយក្នុងសង្គ្រាម ហើយរូបភាពនៃសង្គ្រាមទៀតសោត ភាគីរុស្ស៊ីដែលផ្តើមលើកទ័ពឈ្លានពានមុន ក៏មិនបង្ហាញពីភាពមានប្រៀបឈ្នះនោះដែរ៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


