ព័ត៌មានអន្ដរជាតិ
ត្រីបាឡែនដែលសង្ស័យជាចារកម្មរុស្ស៊ី ត្រូវប្រទះឃើញងាប់នៅដែនសមុទ្រន័រវេស
សាកសពរបស់សត្វត្រីបាឡែន beluga ដែលគេសង្ស័យថាត្រូវបានបង្វឹកធ្វើជាចារកម្មឲ្យរុស្ស៊ីមានរហស្សនាមថា Hvaldimir ត្រូវបានគេប្រទះឃើញងាប់ក្នុងទីក្រុង Risavika ភាគនិរតីប្រទេសន័រវេស ហើយត្រូវបានបញ្ជូនទៅកំពង់ផែដែលនៅជិតបំផុតដើម្បីពិនិត្យ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី០២ខែសីហានេះ។

ត្រីបាឡែនប្រភេទនេះត្រូវបានគេប្រទះឃើញលើកដំបូងនៅក្នុងដែនទឹកប្រទេសន័រវេស កាលពីប្រាំឆ្នាំមុន ជាមួយនឹងកាមេរ៉ា GoPro ភ្ជាប់ជាមួយនឹងខ្សែដែលសរសេរថា «Equipment of St Petersburg»។ ការរកឃើញនេះ បានជំរុញឱ្យមានពាក្យចចាមអារ៉ាមថា ថនិកសត្វនេះអាចជាចារកម្មរបស់ប្រទេសរុស្ស៊ី ខណៈទីក្រុងមូស្គូមិនដែលឆ្លើយតបនឹងការចោទប្រកាន់នោះទេ។
សាកសពរបស់ត្រីបាឡែន Hvaldimir ត្រូវបានរកឃើញនៅចុងសប្តាហ៍ ដោយ Marine Mind ដែលជាអង្គការមួយដែលបានតាមដានចលនារបស់វាអស់ជាច្រើនឆ្នាំ។ ស្ថាបនិក Marine Mind លោក Sebastian Strand បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា មូលហេតុនៃការងាប់នេះមិនត្រូវបានដឹងនៅឡើយនោះទេ ខណៈរាងកាយរបស់ Hvaldimir មិនមានរបួសឡើយ ហើយនៅពេលនេះត្រូវបានរក្សាទុកនៅកន្លែងត្រជាក់មួយ ដើម្បីរៀបចំការវះកាត់ដោយវិទ្យាស្ថានបសុពេទ្យ។

ត្រីបាឡែន Hvaldimir មានអាយុប្រហែល១៥ឆ្នាំ ដែលវាមិនទាន់ចាស់ចំពោះត្រីបាឡែន Beluga អាចមានអាយុកាលអាចឈានដល់៦០ឆ្នាំ។ ត្រីបាឡែននេះធ្លាប់បានទៅជិតទូកន័រវេសជាលើកដំបូងនៅក្នុងខែមេសា ២០១៩ នៅជិតកោះ Ingoya ប្រហែល ៤១៥គីឡូម៉ែត្រ ពី Murmansk ជាមូលដ្ឋានកងនាវាភាគខាងជើងរបស់រុស្ស៊ី ខណៈការរកឃើញនេះបានទាក់ទាញការចាប់អារម្មណ៍ដោយសារតែត្រីបាឡែន belugas កម្របានឃើញនៅភាគខាងត្បូងនៃតំបន់អាក់ទិកណាស់។
ជាមួយគ្នានេះការរកឃើញត្រីបាឡែនប្រភេទនេះបាននាំឱ្យមានការស៊ើបអង្កេតដោយទីភ្នាក់ងារស៊ើបការណ៍ក្នុងស្រុករបស់ប្រទេសន័រវេស ដែលក្រោយមកបាននិយាយថា ត្រីបាឡែននេះទំនងជាត្រូវបានបណ្តុះបណ្តាលដោយកងទ័ពរុស្ស៊ី ឲ្យវាមានទម្លាប់ដូចជាមនុស្ស។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីមានប្រវត្តិជំនាញបណ្តុះបណ្តាលថនិកសត្វសមុទ្រដូចជាផ្សោតក្នុងគោលបំណងយោធា ស្របពេលគេហទំព័រ Barents Observer បានកំណត់អត្តសញ្ញាណត្រីបាឡែន belugaនេះ នៅជិតមូលដ្ឋានទ័ពជើងទឹកនៅតំបន់ Murmansk។ ទោះយ៉ាងណារុស្ស៊ីមិនដែលនិយាយជាផ្លូវការចំពោះការអះអាងថា Hvaldimir អាចត្រូវបានហ្វឹកហ្វឺនដោយយោធារុស្ស៊ីទេ ហើយពីមុនរុស្ស៊ីបានបដិសេធថាមិនមានកម្មវិធីណាមួយដែលបណ្តុះបណ្តាលថនិកសត្វសមុទ្រជាអ្នកស៊ើបការណ៍នោះទេ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


