Connect with us

ព័ត៌មានអន្ដរជាតិ

មន្ទីរ​បញ្ចកោណ៖ អ៊ុយក្រែន​អាច​ប្រើ​អាវុធ​អាមេរិក​ដោយសេរី បើ​កូរ៉េ​ខាង​ជើង​ចូលរួម​ជាមួយ​រុស្ស៊ី

បានផុស

នៅ

មន្ទីរបញ្ចកោណ បាន​ប្រកាស​កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងមិនដាក់កំហិតថ្មីលើ​អ៊ុយក្រែន​ក្នុង​ការប្រើប្រាស់អាវុធ​អាមេរិក​នោះ​ទេ ប្រសិនបើកូរ៉េខាងជើងចូលរួមសង្គ្រាមប្រឆាំងនឹងទីក្រុងកៀវ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមាននេះ បានធ្វើឡើងបន្ទាប់ពី​អង្គការ​ណាតូនិយាយថា អង្គភាពយោធាកូរ៉េខាងជើងត្រូវបានដាក់ពង្រាយទៅកាន់ តំបន់ Kursk របស់រុស្ស៊ី ដើម្បីប្រយុទ្ធជាមួយកងកម្លាំងអ៊ុយក្រែន។

មន្ទីរបញ្ចកោណបានប៉ាន់ប្រមាណថា ទាហានកូរ៉េខាងជើងចំនួន ១​ម៉ឺន​នាក់ ត្រូវបានដាក់ពង្រាយទៅកាន់ភាគខាងកើតប្រទេសរុស្ស៊ី សម្រាប់ការហ្វឹកហ្វឺន។

លោកស្រី Sabrina Singh អ្នក​នាំ​ពាក្យ​មន្ទីរបញ្ចកោណ បានប្រាប់​ថា៖ «ផ្នែកមួយនៃទាហានទាំងនោះបានផ្លាស់ទីទៅជិត​អ៊ុយក្រែនរួចហើយ ហើយយើងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា រុស្ស៊ីមានបំណងប្រើប្រាស់ទាហានទាំងនេះក្នុងការប្រយុទ្ធ ឬគាំទ្រដល់ប្រតិបត្តិការប្រយុទ្ធ ប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ Kursk Oblast របស់រុស្ស៊ី នៅជិតព្រំដែនជាមួយអ៊ុយក្រែន»។

អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានព្រមានកាលពីថ្ងៃចន្ទថា៖ «កិច្ចសហប្រតិបត្តិការយោធាកាន់តែស៊ីជម្រៅរវាងរុស្ស៊ី និងកូរ៉េខាងជើង គឺជាការគំរាមកំហែងដល់សន្តិសុខទាំងឥណ្ឌូ-ប៉ាស៊ីហ្វិក និងអឺរ៉ុប-អាត្លង់ទិក»។

លោកបានបន្ថែមថា៖ «វាបំផ្លាញសន្តិភាពនៅលើឧបទ្វីបកូរ៉េ និងបញ្ឆេះសង្រ្គាមរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ ទីក្រុងព្យុងយ៉ាងបានផ្គត់ផ្គង់ដល់ប្រទេសរុស្ស៊ីនូវគ្រាប់រំសេវ និងមីស៊ីល​ប៉ាលិស្ទិក​រាប់លានគ្រាប់ ដែលកំពុងតែបញ្ឆេះជម្លោះដ៏ធំមួយនៅ​ចំ​បេះដូងនៃទ្វីបអឺរ៉ុប និងបំផ្លាញសន្តិភាព និងសន្តិសុខពិភពលោក»។

លោក Rutte បាន​សង្កត់​ធ្ងន់​ដែរ​ថា ការដាក់ពង្រាយកងទ័ពកូរ៉េខាងជើង «ក៏ជាសញ្ញានៃភាពអស់សង្ឃឹមកាន់តែខ្លាំងឡើងរបស់​លោក ពូទីន» ដែល​ជា​មេ​ដឹក​នាំ​រុស្ស៊ី ដោយ​បន្ថែម​ថា៖ «ទាហានរុស្ស៊ីជាង ៦០​ម៉ឺន​នាក់ត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងសង្គ្រាមរបស់ ពូទីន ហើយ​គាត់​​មិនអាចទ្រទ្រង់ការវាយលុករបស់គាត់ទៅកាន់អ៊ុយក្រែនដោយគ្មានការគាំទ្រពីបរទេសទេ»។

សូម​បញ្ជាក់​ថា វិមានក្រឹមឡាំងដំបូងបានច្រានចោលរបាយការណ៍អំពីការដាក់ពង្រាយ​​ទាហាន​កូរ៉េខាងជើងថាជា «ព័ត៌មានក្លែងក្លាយ»។ ប៉ុន្តែលោក ពូទីន កាលពីថ្ងៃព្រហស្បតិ៍មិនបានបដិសេធថា ទាហានកូរ៉េខាងជើងស្ថិតនៅក្នុងប្រទេសរុស្ស៊ីទេ ហើយបាននិយាយថា វាជារឿង​ផ្ទាល់​ខ្លួន​របស់ទីក្រុងមូស្គូ ក្នុង​ការ​អនុវត្តសន្ធិសញ្ញាភាពជាដៃគូជាមួយទីក្រុងព្យុងយ៉ាង៕

ដោយ៖ ឈាង

ចុចអាន៖ អាមេរិក ថា កូរ៉េខាងជើង ពិតបញ្ជូនទ័ព ១ម៉ឺននាក់ទៅជួយរុស្ស៊ីមែន ហើយនឹងចូលសមរភូមិ ប៉ុន្មានសប្តាហ៍ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម