ព័ត៌មានអន្ដរជាតិ
តើរុស្ស៊ីនិងអ៊ុយក្រែនខូចខាតអ្វីខ្លះនៅខែវិច្ឆិកានិងសមរភូមិនៅ Kursk ទឹកដីរុស្ស៊ី?
សេចក្តីរាយការណ៍ពីភាគីអ៊ុយក្រែនបានឲ្យដឹងថា ប្រទេសរុស្ស៊ីបានបាត់បង់យោធារហូតដល់៤៥៧២០នាក់នៅក្នុងខែវិច្ឆិកាកន្លងទៅនេះ ខណៈដែលទិន្នន័យនៃការបាត់បង់កងទ័ពរបស់រុស្ស៊ីកើនយ៉ាងខ្លាំងចាប់តាំងពីការលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនកាលពីចុងខែកុម្ភៈឆ្នាំ២០២២។

ក្រសួងការពារជាតិអ៊ុយក្រែន បានចេញផ្សាយរបាយការណ៍មួយកាលថ្ងៃទី១ខែធ្នូ ដោយបង្ហាញថា រុស្ស៊ីបានបាត់បង់យ៉ាងធ្ងន់ធ្ងរនូវចំនួនកងទ័ពនិងសម្ភារៈយោធាក្នុងសង្គ្រាមជាមួយអ៊ុយក្រែននៅក្នុងខែវិច្ឆិកា ទោះបីជាបែបណាមិនមានរបាយការណ៍ផ្លូវការរបស់ភាគីរុស្ស៊ីបញ្ជាក់ពីការបាត់បង់នេះឡើយ។
បន្ទាប់ពីសង្គ្រាមដ៏ខ្លាំងក្នុងខែវិច្ឆិកាកន្លងទៅនេះ រុស្ស៊ីត្រូវបានគេដឹងថា បានដាក់ការចំណាយកើនឡើងយ៉ាងខ្លាំងក្នុងវិស័យយោធាសម្រាប់ឆ្នាំ២០២៥ ដោយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមមៀ ពូទីន បានអនុម័តថវិកាជាង១៤៥ពាន់លានដុល្លារសម្រាប់ការចំណាយក្នុងវិស័យយោធា ខណៈដែលរុស្ស៊ីបន្តធ្វើសង្គ្រាមជាមួយអ៊ុយក្រែនដែលទទួលបានការឧបត្ថម្ភគាំទ្រពីបស្ចឹមប្រទេសដែលមានសហរដ្ឋអាមេរិកជាអ្នកនាំមុខ។
ការបាត់បង់យោធា៤៥៧២០នាក់ក្នុងខែវិច្ឆិកា ធ្វើឲ្យចំនួននៃការបាត់បង់យោធារបស់រុស្ស៊ីមានចំនួនច្រើនជាង ៧៤៣០០០នាក់ក្នុងប្រតិបត្តិការសឹករយៈពេលជិត៣ឆ្នាំនេះ ខណៈពេលដែលទីក្រុងមូស្គួបន្តរុលទៅមុខនៅតំបន់ Donetsk ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។
សារព័ត៌មាន Moscow Times ធ្លាប់បានផ្សាយថា រដ្ឋាភិបាលវិមានក្រឹមឡាំងរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានផ្តល់ការលើកទឹកចិត្តដល់អ្នកដែលស្ម័គ្រចិត្តចូលបម្រើកងទ័ព ដោយការដាក់ឲ្យរួចបំណុល និងបញ្ចប់ឋានៈជាជនអន្តោប្រវេសន៍ជាដើម។
សារព័ត៌មាន The Economist អ៊ុយក្រែនបានបាត់បង់ចន្លោះ៦០០០០ទៅ១០ម៉ឺននាក់ និង យោធារងរបួស៤០ម៉ឺននាក់ ឬច្រើនជាងនេះ។ ទោះបីជាយោធាអ៊ុយក្រែនមិនដែលបង្ហាញពីការបាត់បង់របស់ខ្លួន ប៉ុន្តែប្រធានាធិបតី អ៊ុយក្រែន លោក វ៉ុលឌីមៀ ហ្សេលេនស្គី ធ្លាប់បានលើកឡើងកាលពីគម្រប់ខួបសង្គ្រាម២ឆ្នាំកាលពីខែកុម្ភៈឆ្នាំនេះថា ទាហានអ៊ុយក្រែន៣១០០០នាក់ត្រូវបានសម្លាប់។

ក្រសួងការពារជាតិអ៊ុយក្រែនបានប៉ាន់ប្រមាណថា ការបាត់បង់របស់រុស្ស៊ីលើសម្ភារៈយោធាជាង៣ពាន់លានដុល្លារ។
រហូតមកដល់ពេលនេះ កូរ៉េខាងជើងបានបង្កើនទំនាក់ទំនងជាមួយរុស្ស៊ី ដោយបញ្ជូនបុគ្គលិកយោធា១០០០០នាក់ទៅជួយប្រយុទ្ធទាហានរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន ខណៈប្រទេសអ៊ីរ៉ង់ បានផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក (ដ្រូន) ដល់ប្រទេសរុស្ស៊ីសម្រាប់សង្គ្រាមនៅអ៊ុយក្រែន។
យោងតាមការផ្សាយរបស់ The New Voice of Ukraine រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានថ្លែងនៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលថ្ងៃទី១៩ខែវិច្ឆិកាថា រុស្ស៊ីបានបាត់បង់កងកម្លាំងប្រហែល១៥០០នាក់ប្រចាំថ្ងៃក្នុងប្រទេសអ៊ុយក្រែន។ ការបាត់បង់ប្រចាំថ្ងៃនេះសមមូលទៅនឹងអ្វីដែលសហភាពសូវៀតបាត់បង់ក្នុងរយៈពេលមួយទសវត្សរ៍នៃសង្គ្រាមនៅអាហ្វហ្គានីស្ថាន។
អ្នក្វិភាគបានកត់សម្គាល់ថា អ្នកស្ម័គ្រចិត្តថ្មីៗត្រូវបានសម្លាប់ក្នុងរង្វង់២ទៅ៤សប្តាហ៍ ពេលបញ្ជួនទៅដល់សង្គ្រាមជូរមុខ។
បណ្តាញភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី បានផ្សាយនៅថ្ងៃទី២ខែធ្នូឲ្យដឹងថា យោធាអ៊ុយក្រែនបានបាត់បង់ជីវិត ៣៧ ៣៥៥ នាក់ក្នុងសមរភូមិនៅតំបន់ Kursk ក្នុងទឹកដីរុស្ស៊ី ចាប់តាំងពីថ្ងៃទី៦ខែកញ្ញារហូតដល់ដំណាច់ខែវិច្ឆិកា។
ក្រសួងការពារជាតិរុស្ស៊ី បានបន្ថែមថា ក្នុងសមរភូមិនៅ Kursk អ៊ុយក្រែនបានបាត់បង់រថក្រោះ ២២៦ គ្រឿង រថពាសដែកនៃកងទ័ពថ្មើរជើង ១៦១គ្រឿង រថពាសដែកយោធា១២៣គ្រឿង រថពាសដែកសម្រាប់ប្រយុទ្ធ ១២០៦ គ្រឿង រថយន្ត ១០៦៥គ្រឿង កាំភ្លើងធំ ៣០៥ដើម ឧបករណ៍បាញ់រ៉ុក្កែត ៤០គ្រឿង រួមទាំងប្រព័ន្ធមីស៊ីល HIMARS ១១គ្រឿង ប្រព័ន្ធបាញ់មីស៊ីល MLR ផលិតនៅសហរដ្ឋអាមេរិក១៣គ្រឿង ប្រព័ន្ធបាញ់មីស៊ីលប្រឆាំងយន្តហោះ ១៣គ្រឿង និងប្រភេទឧបករណ៍ជាច្រើនទៀត៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


