Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក មានផែនការដាក់ពង្រាយមីស៊ីល ទាំងនៅអឺរ៉ុបនិងអាស៊ី

បានផុស

នៅ

តាមប្រភពព័ត៌មានដែលទទួលបានដោយ RT កាលពីថ្ងៃអាទិត្យទី៨ខែធ្នូឆ្នាំ២០២៤ បានបង្ហាញថា សហរដ្ឋអាមេរិក នឹងបង្កើនការដាក់ពង្រាយមីស៊ីលរយៈចម្ងាយជិតនិងមធ្យម ព្រមទាំងមីស៊ីលល្បឿនលឿនជាងសំឡេង Dark Eagle ផងដែរ ទាំងនៅក្នុងតំបន់អឺរ៉ុប​និងអាស៊ី។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងផែនការនោះ នៅត្រឹមខែតុលាឆ្នាំ២០២៥ សហរដ្ឋអាមេរិក នឹងចាប់ផ្តើមដាក់ពង្រាយមីស៊ីលនៅប្រទេសជប៉ុន ហើយក្នុងឆ្នាំ២០២៦ ប្រព័ន្ធបាញ់មីស៊ីលដែលអាចបំពាក់ជាមួយមីស៊ីលបាន១៦គ្រាប់ឈ្មោះ Dark Typhon ក៏ត្រូវគេរំពឹងថា នឹងដាក់ពង្រាយក្នុងទីក្រុង Wiesbaden នៃប្រទេសអាល្លឺម៉ង់ផងដែរ ដើម្បីទុកកំញើញរុស្ស៊ី។ 

ត្បិតតែព័ត៌មាននេះ មិនទាន់មានការបញ្ជាក់ច្បាស់ពីភាគីអាមេរិកក៏ដោយ ប៉ុន្តែទីក្រុងមូស្គូមិនសប្បាយចិត្តទាល់តែសោះចំពោះទង្វើរបស់សហរដ្ឋអាមេរិក ព្រោះថា មីស៊ីលទាំងនោះសុទ្ធតែត្រូវបានដាក់ពង្រាយនៅទីតាំងដែលស្ថិតក្នុងរយៈចម្ងាយវាយប្រហារដល់ប្រទេសរុស្ស៊ីបាន។

ជុំវិញបញ្ហានេះ រុស្ស៊ី​បាន​ព្រមាន​ជា​យូរ​មក​ហើយ​ថា ការ​ពង្រឹង​កម្លាំង​យោធា​របស់​អាមេរិកនិង​ការ​ដាក់​ពង្រាយ​មីស៊ីល​ដែល​មាន​សមត្ថភាព​នុយក្លេអ៊ែរ ​នឹងនាំឲ្យទីក្រុងមូស្គូបង្ខំចិត្តឆ្លើយតប។

(រូបថត៖ E2W)

ជាក់ស្តែងកាលពីដើមសប្តាហ៍នេះ រុស្ស៊ីនិងបេឡារុស្ស បានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិសុខរួចទៅហើយ ខណៈរុស្ស៊ីប្រកាសដាក់ពង្រាយប្រព័ន្ធមីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik យ៉ាងថ្មីសន្លាងនៅក្នុងប្រទេសជិតខាងរបស់ខ្លួនមួយនេះ នៅឆ្នាំក្រោយ។

ក្នុងកិច្ចប្រជុំកំពូលនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) នៅរដ្ឋធានី អាស្តាណា នៃប្រទេសកាហ្សាក់ស្ថានកាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែវិច្ឆិកាឆ្នាំ២០២៤ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអួតអាងថា កម្លាំងវាយប្រហាររបស់មីស៊ីលនេះ គឺខ្លាំងដូចឥទ្ធិពលអាចម៍ផ្កាយអ៊ីចឹង។

មិនត្រឹមប៉ុណ្ណឹង លោកពូទីនអួតថា មីស៊ីលល្បឿនលឿនជាងសំឡេងប្រភេទនេះ គឺអាចហោះបុកទម្លុះខែលការពារគ្រប់ប្រភេទ ទោះខែលការពារនោះខ្លាំងកម្រិតណាក៏ដោយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ពូទីន ប្រដូចឥទ្ធិពលមីស៊ីល Oreshnik ទៅនឹងអាចម៍ផ្កាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម