Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក-រុស្ស៊ី ធ្វើ​កិច្ច​ប្រជុំ​ផ្ទាល់​មុខ​ជាផ្លូវការ​អំពី​​សង្គ្រាមនៅ​​អ៊ុយក្រែន ក្រោយ​ជាប់​ទ្រឹង​ជិត​៣ឆ្នាំ

បានផុស

នៅ

បន្ទាប់ពីការចរចានៅទ្រឹង​អស់​រយៈពេលជិតបីឆ្នាំ ទីបំផុតមន្ត្រីអាមេរិក និងរុស្ស៊ីបានបើកកិច្ចចរចាដោយផ្ទាល់ ដើម្បីបញ្ចប់ជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន។

(រូបថត៖ Sky News)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចពិភាក្សាដែលធ្វើឡើងនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត​នៅ​ថ្ងៃ​ទី​១៨​កុម្ភៈ​នេះ ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងសមភាគី​រុស្ស៊ី លោក Sergei Lavrov ដែលជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីដោះស្រាយសង្គ្រាម។

ការចរចាសន្តិភាព កើតឡើងនៅពេលដែលសង្រ្គាម​ឈាន​ជិត​ចូលដល់ឆ្នាំទីបួន ដោយ​​បានធ្វើ​ឲ្យ​មនុស្សរាប់ម៉ឺននាក់​បាត់បង់​ជីវិត និងរាប់លាននាក់ត្រូវផ្លាស់ទីលំនៅ។ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញសុទិដ្ឋិនិយមនៅមុនកិច្ច​ចរចា ដោយលើកឡើងថា ប្រធានាធិបតីរុស្ស៊ីលោក វ៉ា្លឌីមៀរ ពូទីន មានបំណងចង់រកដំណោះស្រាយ។ ទោះជាយ៉ាងណាក៏ដោយ ក្តីបារម្ភនៅតែមានទាក់ទងនឹងការដកអ៊ុយក្រែនចេញពីដំណាក់កាលដំបូងនៃការចរចា ដែលបានបង្ក​ឲ្យមានប្រតិកម្ម​ពីប្រធានាធិបតី វ៉ា្លឌីមៀ ហ្សេលេនស្គី។

លោក ហ្សេលេនស្គី បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ណា​ដែល​សម្រេច​បាន​ដោយ​គ្មាន​ការ​ចូល​រួម​ផ្ទាល់​របស់​អ៊ុយក្រែន​ នឹង​មិន​អាច​ទទួល​យក​បាន​ឡើយ។ លោកបានសង្កត់ធ្ងន់ថា អ៊ុយក្រែនត្រូវតែជាផ្នែកកណ្តាលនៃដំណោះស្រាយ ដោយសារអធិបតេយ្យភាពរបស់ប្រទេស និងការបាត់បង់ទឹកដីដ៏ច្រើនសន្ធឹកសន្ធាប់ដែលខ្លួនបានទទួលរង ចាប់តាំងពីការឈ្លានពាន។

(រូបថត៖ AP)

អាមេរិកបានស្នើបង្កើតមូលនិធិវិនិយោគរួមមួយ ដែលមានគោលបំណងគ្រប់គ្រងធនធានដ៏ច្រើនរបស់អ៊ុយក្រែនក្រោយជម្លោះ។ ផែនការដែលគិតគូរពីកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលអ៊ុយក្រែន គឺសំដៅជួយដល់ការកសាងប្រទេស និងការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីសង្គ្រាម។ មន្ត្រីអាមេរិកអះអាងថា គំនិតផ្តួចផ្តើមនេះអាចត្រួសត្រាយផ្លូវសម្រាប់អ៊ុយក្រែនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ច ដោយធានានូវអនាគតភ្លឺស្វាងសម្រាប់ពលរដ្ឋ។

ទោះបីជា​មាន​ដំណោះស្រាយ​បែប​​នេះក៏ដោយ ក៏អវត្តមាននៃមហាអំណាចអឺរ៉ុបសំខាន់ៗ ជាពិសេសសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ពីកិច្ចចរចាបានធ្វើ​ឲ្យ​​មាន​ការព្រួយបារម្ភ​ជា​ខ្លាំង។ មេដឹកនាំអឺរ៉ុបជាច្រើន ​បង្ហាញ​ក្ដី​កង្វល់​ថា ការសម្រេចចិត្តដែលធ្វើឡើងដោយគ្មាន​វត្តមាន​ពួក​គេ អាចបណ្តាល​ឲ្យ​ប៉ះពាល់ដល់ផលប្រយោជន៍នៃទ្វីបអឺរ៉ុប។

​ការពិភាក្សាសន្តិភាពដែលកំពុងបន្តគឺនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ហើយសហគមន៍អន្តរជាតិកំពុងឃ្លាំមើលយ៉ាងដិតដល់។ លទ្ធផល​នៃ​កិច្ច​ចរចា​ទាំង​នេះ​ អាច​នឹង​មាន​ផល​ប៉ះពាល់​រយៈ​វែង​​សម្រាប់​ស្ថិរភាព​អនាគត​អ៊ុយក្រែន រុស្ស៊ី និង​តំបន់​អឺរ៉ុប​ទាំងមូល៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម