Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីអាមេរិក-រុស្ស៊ីទើប​ចរចាគ្នាចប់ ស្រាប់តែ​ ពូទីន ​លើកទ័ពចូលវាយតំបន់ថ្មីនៅអ៊ុយក្រែន 

បានផុស

នៅ

ក្រោយគណៈប្រតិភូរុស្ស៊ី-អាមេរិក ជួបចរចាគ្នានៅទីក្រុងរីយ៉ាដ បានត្រឹមមួយថ្ងៃប៉ុណ្ណោះ ស្រាប់តែមេដឹកនាំវិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀរ ពូទីន បញ្ជា​ឲ្យ​លើកទ័ពចូលវាយតំបន់ Sumy ភាគឦសានប្រទេសអ៊ុយក្រែនជាលើកដំបូងចាប់តាំងពីឆ្នាំ២០២២មក។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីលោក ពូទីន កាលពីថ្ងៃពុធទី១៩ខែកុម្ភៈឆ្នាំ២០២៥, កងពលតូចថ្មើរជើងលេខ៨១០បានវាយឆ្លងដែនសម្រុកចូលទឹកដីខ្មាំង ហើយវាយលុករាល់ចំណុចក្តៅនៅសមរភូមិ។

ទោះបីជាយ៉ាងណាក៏ដោយ លោកពូទីន មិនលម្អិតអំពីប្រតិបត្តិការនេះឡើយ ប៉ុន្តែគេដឹងថា នេះជាការលុកលុយលើកដំបូងរបស់រុស្ស៊ី​ក្នុង​តំបន់ Sumy ចាប់តាំងពី​ដើមជម្លោះ​ក្នុង​ខែ​កុម្ភៈឆ្នាំ​២០២២ ទោះពីរ​ខែ​ក្រោយ​មក រុស្ស៊ីបានដកទ័ពចេញពីទីនោះសិនក៏ដោយ។

(រូបថត៖ AP)

ទីក្រុង Sumy ស្ថិតនៅលើច្រាំងទន្លេ Psel មានប្រជាជនចំនួន ២៥៦ ៤៧៤នាក់។ វាមានផ្ទៃដី ៩៥.៣៩ គីឡូម៉ែត្រការ៉េ គឺជាទីក្រុងធំលំដាប់ទី២៣ របស់អ៊ុយក្រែន។

ប្រតិបត្តិការនេះទៀតសោត កើតឡើងក្រោយពេលលោកពូទីន ហាក់មានជំនឿចិត្តកាន់តែខ្លាំង ស្របពេលមេដឹកនាំអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី កំពុងខ្វល់ចិត្តអំពីជំនួយលោកខាងលិច ព្រោះថា ពេលនេះប្រធានាធិបតីអាមេរិក​ ដូណាល់​ ត្រាំ ​បង្ហាញជំហរ​កាន់តែ​ច្បាស់ថា លោកកំពុងប្រឆាំងអ៊ុយក្រែន ហើយបន្ទន់ជំហរចំពោះទីក្រុងមូស្គូ។

លោក ពូទីន (ឆ្វេង) និងលោក ត្រាំ (រូបថត៖ Reuters)

ស្របពេលជាមួយគ្នានោះ លោក​ពូទីន ​ក៏​បាន​សង្កត់​ធ្ងន់ដែរ​ថា រុស្ស៊ី​ត្រូវបង្កើន​ទំនុក​ចិត្ត​ជាមួយ​អាមេរិក​ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​អ៊ុយក្រែន ព្រោះថា បើរុស្ស៊ីនិងអាមេរិកមិនជឿជាក់គ្នាទេនោះ វាមិនអាចទៅរួចឡើយ ក្នុងការដោះស្រាយបញ្ហាជាច្រើន រួមទាំងវិបត្តិអ៊ុយក្រែនផងដែរ។

រីឯ លោក ត្រាំ ក៏ប្រាប់ពូទីន វិញដែរថា អ៊ុយក្រែននឹងចូលរួមក្នុងកិច្ចចរចាសន្តិភាពនាពេលខាងមុខ ហើយទីក្រុងមូស្គូក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ និង ហ្សេលេនស្គី ផ្ទុះសង្គ្រាមពាក្យសម្តីយ៉ាងក្តៅគគុក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម