Connect with us

ព័ត៌មានអន្ដរជាតិ

ទាក់ទងបទឈប់បាញ់, ត្រាំ ថា រុស្ស៊ី ស្រួលនិយាយជាង អ៊ុយក្រែន ទេ

បានផុស

នៅ

បន្ទាប់ពីប្រមុខដឹកនាំទីក្រុងកៀវ វ៉ូឡូឌីមៀរ ហ្សេលេនស្គី យល់ព្រមទទួលយកបទឈប់បាញ់រយៈពេល១ខែក្នុងសង្គ្រាមជាមួយទីក្រុងមូស្គូហើយនោះ ពេលនេះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចេញមុខធានាថា រុស្ស៊ីស្រួលនិយាយជាងអ៊ុយក្រែនទេ ក្នុងការឈានដល់កិច្ចព្រមព្រៀងសន្តិភាព។

លោក ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅឯសមាគម Business Roundtable ក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធទី១២ខែមីនាឆ្នាំ២០២៥ លោកត្រាំ បញ្ជាក់ថា បើនិយាយពីការហៅភាគីមកចុះកិច្ចព្រមព្រៀងសន្តិភាពនោះ លោកមើលឃើញថា រុស្ស៊ីស្រួលនិយាយជាងអ៊ុយក្រែនទៅទៀត។ ទីក្រុងមូស្គូច្បាស់ជាយល់ស្របលើបទឈប់បាញ់រយៈពេល៣០ថ្ងៃនោះ ជាក់ជាមិនខាន។

អាចនិយាយថា ក៏ជាសញ្ញាល្អមួយដែរក្នុងដំណើរឈានឆ្ពោះទៅរកការបញ្ចប់សង្គ្រាម ព្រោះមុននេះលោក ត្រាំ ប្រកាសហើយថា លោកនឹងទាក់ទងទៅមេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នៅចុងសប្តាហ៍ ហើយក៏គ្រោងអញ្ជើញប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី ឲ្យវិលមកសេតវិមានសាជាថ្មីផងដែរ។

លោក ត្រាំ (រូបថត៖ Reuters)

សម្តីរបស់លោកត្រាំ គឺកើតឡើងភ្លាមៗបន្ទាប់ពីគណៈប្រតិភូអាមេរិក-អ៊ុយក្រែន បញ្ចប់កិច្ចពិភាក្សាពោរពេញដោយផ្លែផ្កានៅក្នុងទីក្រុង Jeddah នៃប្រទេសអារ៉ាប៊ីសាអូឌីត ដោយក្រៅពីទីក្រុងកៀវយល់ព្រមលើសំណើឈប់បាញ់ហើយនោះ ទីក្រុងវ៉ាស៊ីនតោនក៏សម្រេចផ្តល់ជំនួយយោធានិងចែករំលែកការណ៍សម្ងាត់ឲ្យអ៊ុយក្រែនវិញផងដែរ។

កាលពីប៉ុន្មានសប្តាហ៍មុន ទីក្រុងវ៉ាស៊ីនតោន បានកាត់ផ្តាច់ជំនួយនិងបញ្ចប់ការផ្តល់ព័ត៌មានសម្ងាត់អំពីរុស្ស៊ីទៅឲ្យទីក្រុងកៀវ ព្រោះតែលោក ត្រាំ ខឹងចិត្តក្រោយទាស់សម្តីជាមួយលោក ហ្សេលេនស្គី។

កិច្ចប្រជុំរវាងគណៈប្រតិភូអាមេរិកនិងអ៊ុយក្រែននៅប្រទេសអារ៉ាប៊ីសាអូឌីត (រូបថត៖ Reuters)

យ៉ាងណា ក្រោយជំនួបរវាងគណៈប្រតិភូអាមេរិកនិងអ៊ុយក្រែននៅទីក្រុង Jeddah, ទីក្រុងវ៉ាស៊ីនតោនបានចេញសេចក្តីថ្លែងការណ៍ថា ឥឡូវ សហរដ្ឋអាមេរិកនឹងលុបចោលការផ្អាកចែករំលែកព័ត៌មានសម្ងាត់ ហើយបន្តជំនួយផ្នែកសន្តិសុខដល់អ៊ុយក្រែនសាជាថ្មី។

ទីក្រុងវ៉ាស៊ីនតោននិងកៀវ ក៏ពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌ រួមទាំងការដោះដូរឈ្លើយសឹក ការដោះលែងអ្នកទោសស៊ីវិល និងសកម្មភាពផ្សេងទៀតផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក ផ្តល់ជំនួយយោធានិងចែករំលែកការណ៍សម្ងាត់ឲ្យអ៊ុយក្រែន វិញហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម