Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ប្រាប់​ថាមនុស្ស​ស្លាប់សរុប ៩៣៥​នាក់​ក្នុង​សង្គ្រាម​១២​ថ្ងៃ

បានផុស

នៅ

អាជ្ញាធរអ៊ីរ៉ង់ បានប្រកាស​ជា​ផ្លូវការ​​ថា មនុស្សយ៉ាងតិច​ចំនួន ៩៣៥​នាក់ត្រូវបានសម្លាប់ ក្នុងអំឡុងសង្គ្រាមរយៈពេល​១២​ថ្ងៃ​កាល​ពីខែ​មិថុនាជាមួយ​អ៊ីស្រាអែល និង​សហរដ្ឋ​អាមេរិក ខណៈ​កាល​ពី​សប្ដាហ៍​មុន​​តួលេខ​អ្នក​ស្លាប់​ត្រូវ​បាន​ប៉ាន់ប្រមាណ​មាន​ត្រឹម ៦១០​នាក់​ប៉ុណ្ណោះ។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​លោក Asghar Jahangir អ្នកនាំពាក្យតុលាការ​​​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ចន្ទ​ទី​៣០​ខែ​មិថុនា ចំនួនអ្នកស្លាប់ដែលបានធ្វើបច្ចុប្បន្នភាពរួមមាន កុមារ ៣៨​នាក់ និងស្ត្រី ១៣២​នាក់។ ការ​វាយ​ប្រហារ​ដ៏ធំ​មួយ គឺការទម្លាក់គ្រាប់បែកនៅ​ពន្ធនាគារ Evin ក្នុង​រដ្ឋធានី​តេហេរ៉ង់ ដែលអ្នកទោស បុគ្គលិក និង​ពលរដ្ឋ​រស់នៅ​ក្បែរ​នោះ​ចំនួន ៧៩​​នាក់ត្រូវ​គេ​រាយការណ៍ថា​​បាន​ស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។ លោក Jahangir បាន​​បញ្ជាក់​ថា ពន្ធនាគារ Evin មិនអាច​ដំណើរការ​បាន​​ទៀត​ទេ ខណៈ​អ្នក​ទោស​ត្រូវ​បាន​ជម្លៀស​ចេញ ហើយ​លោក​បានហៅការវាយប្រហារនេះថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្សជាមូលដ្ឋាន និងសេចក្ដី​សម្រេច​អន្តរជាតិ។

ចំណែក​​ឯ​អ្នកនាំពាក្យក្រសួងការបរទេស​អ៊ីរ៉ង់​ លោក Esmaeil Baghaei បាន​ប្រាប់​ថា «សកម្មភាពឈ្លានពានរបស់អ៊ីស្រាអែលបាននាំ​ឲ្យ​មានឧក្រិដ្ឋកម្មសង្គ្រាមជាច្រើន»។ លោក​បាន​បន្ថែម​​ថា អ៊ីរ៉ង់​នឹង​ផ្ទេរ​ព័ស្តុតាង​ទៅ​អង្គការ​អន្តរជាតិ ដែល​លោក​បាន​និយាយ​ថា​គួរ​ឲ្យ​អ៊ីស្រាអែល​ទទួល​បន្ទុក។

(រូបថត៖ Reuters)

អ៊ីស្រាអែលបានចាប់ផ្តើមសង្រ្គាមផ្លូវអាកាសកាលពីថ្ងៃទី​១៣​ខែមិថុនា ដោយវាយលុកទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ និងសម្លាប់មេបញ្ជាការយោធាកំពូល​ជា​ច្រើន ក៏ដូចជាជនស៊ីវិលនៅក្នុងការវាយប្រហារដ៏អាក្រក់បំផុតចំពោះសាធារណរដ្ឋអ៊ីស្លាម​ គិត​ចាប់តាំងពីសង្រ្គាមឆ្នាំ​១៩៨០​​ជាមួយអ៊ីរ៉ាក់។

អ៊ីរ៉ង់ ​បាន​សងសឹក​ដោយ​ការ​ផ្លោង​​មីស៊ីល​លើ​ទីតាំង​យោធា​ ហេដ្ឋារចនាសម្ព័ន្ធ និង​ទីក្រុង​របស់​អ៊ីស្រាអែល។ សហរដ្ឋ​អាមេរិក​បាន​ចូល​រួម​​ក្នុង​សង្រ្គាម​នៅ​ថ្ងៃ​ទី​២២​ខែ​មិថុនា ដោយ​ការ​​ទម្លាក់​គ្រាប់​ខ្នាត​ធំ​លើ​រោងចក្រ​នុយក្លេអ៊ែរ​​ចំនួន​៣​របស់​អ៊ីរ៉ង់ដូចជា Fordo, Natanz និង Isfahan៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម