Connect with us

ព័ត៌មានអន្ដរជាតិ

ហូឡង់​ ក្លាយជា​សមាជិក​ណាតូ​ដំបូង​គេ​ ដែល​ទិញ​អាវុធ​អាមេរិក​ឲ្យ​អ៊ុយក្រែន

បានផុស

នៅ

ហូឡង់ នឹងក្លាយជាប្រទេសអឺរ៉ុបដំបូងគេដែលផ្តល់មូលនិធិដោយផ្ទាល់លើការទិញអាវុធដែលផលិតដោយសហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន ក្រោមគំនិតផ្តួចផ្តើមថ្មីមួយដែលគាំទ្រដោយប្រធានាធិបតី ដូណាល់ ត្រាំ និងអគ្គលេខាធិការអង្គការណាតូលោក ម៉ាក រូតេ។

លោក Ruben Brekelmans (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិធានការសំខាន់នេះ បង្ហាញពីការផ្លាស់ប្តូរក្នុងការចែករំលែកបន្ទុកក្នុងចំណោមសម្ព័ន្ធមិត្តណាតូ ចំពេលមានការកើនឡើងជាបន្ទាន់ក្នុងការពង្រឹងការការពាររបស់អ៊ុយក្រែន។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Fox News កាល​ពី​ថ្ងៃ​ទី​៥​សីហា រដ្ឋមន្ត្រីការពារជាតិហូឡង់ លោក Ruben Brekelmans បានប្រកាសថា ប្រទេស​របស់​លោក​នឹងបរិច្ចាគ​ប្រាក់ចំនួន ៥០០​លានអឺរ៉ូ (ប្រហែល ៥៧៦​លានដុល្លារ) ទៅក្នុងមូលនិធិ PURL (NATO Prioritized Ukraine Requirements List) ដែលជាមូលនិធិដែលត្រូវបាន​បង្កើត​ឡើង ដើម្បីពន្លឿនការដឹកជញ្ជូនប្រព័ន្ធអាវុធអាទិភាពខ្ពស់របស់​អាមេរិកទៅកាន់ទីក្រុងកៀវ។

មូលនិធិរបស់ប្រទេសហូឡង់ នឹងផ្ដោត​ជា​ពិសេស​លើ​ការទិញ​មីស៊ីល និង​ប្រព័ន្ធការពារដែនអាកាស Patriot។ Patriot ដែលជាមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យាការពារមីស៊ីលរបស់​អាមេរិកតាំងពីទសវត្សរ៍ឆ្នាំ​១៩៨០មក មានសមត្ថភាពស្ទាក់ចាប់យន្តហោះ មីស៊ីល​គ្រូស និង​មីស៊ីល​បាលិស្ទិក​រយៈ​ចម្ងាយ​ខ្លី។ យោងតាមការប៉ាន់ប្រមាណពីមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ CSIS ប្រព័ន្ធ Patriot ពេញលេញ និងមីស៊ីលរបស់វាអាចមានតម្លៃប្រហែល ១,១​​ពាន់លានដុល្លារ ដោយមីស៊ីល​​មួយ​គ្រាប់ៗមានតម្លៃប្រហែល ៤​លានដុល្លារ។

ប្រព័ន្ធការពារដែនអាកាស Patriot (រូបថត៖ Reuters)

លោក រូតេ សរសើរការប្ដេជ្ញា​របស់ហូឡង់ និងជំរុញ​ឲ្យ​ប្រទេសណាតូផ្សេងទៀតធ្វើតាម ដោយ​និយាយ​ថា «នេះគឺជា​ការជួយ​អ៊ុយក្រែន​ឲ្យ​ទទួល​បាន​​នូវឧបករណ៍ដែលខ្លួន​ត្រូវការជាបន្ទាន់នៅពេលនេះ ដើម្បីការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ ខ្ញុំបានសរសេរទៅកាន់សម្ព័ន្ធមិត្តណាតូទាំងអស់ ដោយជំរុញ​ឲ្យពួកគេចូលរួមចំណែកក្នុងគំនិតផ្តួចផ្តើមចែករំលែកបន្ទុកនេះ ហើយខ្ញុំរំពឹងថានឹងមានសេចក្តីប្រកាសសំខាន់ៗបន្ថែមទៀតក្នុងពេលឆាប់ៗ»។

ផែនការនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកាលពីខែកក្កដានៅសេតវិមានរវាងលោក ត្រាំ និង​លោក រូតេ ដែលប្រធានាធិបតីអាមេរិក​ជំរុញ​ឲ្យ​អឺរ៉ុបទទួលយកតួនាទីហិរញ្ញវត្ថុធំជាង​មុន​ក្នុងការផ្តល់អាវុធដល់អ៊ុយក្រែន។ លោក ត្រាំ បាននិយាយបន្ទាប់ពីកិច្ចប្រជុំថា «ឧបករណ៍យោធាមានតម្លៃរាប់ពាន់លានដុល្លារនឹងត្រូវទិញពីសហរដ្ឋអាមេរិក ទៅកាន់អង្គការណាតូ…ហើយ​វា​នឹង​ត្រូវ​ចែកចាយ​បាន​ឆាប់​រហ័ស​​ទៅ​លើ​សមរភូមិ»។

លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានស្វាគមន៍ចំពោះការរួមចំណែករបស់ហូឡង់ ដោយថ្លែងអំណរគុណសម្រាប់ការពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែន។ លោក​បានបង្ហោះសារ​នៅលើ​បណ្ដាញ​សង្គម X ថា «អ៊ុយក្រែន ក៏​ដូចជា​អឺរ៉ុបទាំងមូល នឹងត្រូវបានការពារ​ឲ្យ​កាន់តែប្រសើរឡើងពីភេរវកម្មរបស់រុស្ស៊ី។ ខ្ញុំដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រទេសហូឡង់ សម្រាប់ការរួមចំណែកយ៉ាងច្រើនរបស់ពួកគេ ក្នុងការពង្រឹងខែលការពារអាកាសរបស់អ៊ុយក្រែន»។

ហូឡង់បានក្លាយជាដៃគូការពារដ៏គួរ​ឲ្យ​ទុកចិត្តបំផុតមួយរបស់​ទីក្រុង​កៀវ ដោយផ្តល់ជំនួយយោធាជិត ៣​ពាន់លានអឺរ៉ូ ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយពេញលេញរបស់រុស្ស៊ីក្នុងឆ្នាំ​២០២២។ ជំនួយរបស់ហូឡង់រួមមានរថក្រោះ ការហ្វឹកហ្វឺនយន្តហោះ​ចម្បាំងF-16 ហើយឥឡូវនេះជាការវិនិយោគដ៏សំខាន់នៅក្នុងវេទិកាការពារដែនអាកាសកម្រិតខ្ពស់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម