Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា អ៊ុយក្រែនស្លាប់និងរបួសទាហានជាង ១.៧លាននាក់ តែទីក្រុងកៀវ ថា ជាព័ត៌មានក្លែងក្លាយ

បានផុស

នៅ

ដោយសំអាងលើឯកសារបែកធ្លាយពីក្នុងរដ្ឋាភិបាលទីក្រុងកៀវ, បណ្តាសារព័ត៌មានរុស្ស៊ីបានចេញផ្សាយព្រោងព្រាតថា អ៊ុយក្រែនស្លាប់និងបាត់ទាហានជាង ១.៧លាននាក់។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ បើតាមការផ្សាយយ៉ាងច្បាស់ពី RT កាលពីថ្ងៃពុធទី២០ខែសីហាឆ្នាំ២០២៥, ប្រភពនេះគឺទទួលបានតាមរយៈការ Hack របស់ក្រុម Killnet, Palach Pro, User Sec និង Beregini ដែលបង្ហាញថា ទីក្រុងកៀវស្លាប់ទាហាន ១១៨ ៥០០នាក់ក្នុងឆ្នាំ២០២២, ៤០៥ ៤០០នាក់ក្នុងឆ្នាំ២០២៣, ៥៩៥ ០០០នាក់ក្នុងឆ្នាំ២០២៤ និងកំណត់ត្រាខ្ពស់បំផុតគឺ៦២១ ០០០នាក់ក្នុងឆ្នាំ២០២៥នេះ។

ទោះបីជាយ៉ាងណាក៏ដោយ ភាគីអ៊ុយក្រែនបានជំទាស់យ៉ាងដាច់អហង្កការចំពោះរបាយការណ៍នេះ ដោយច្រានចោលថាជាព័ត៌មានក្លែងក្លាយ។

(រូបថត៖ Reuters)

យោងតាមមជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយអ៊ុយក្រែន (CCD), បណ្តាញផ្សព្វផ្សាយគ្រប់គ្រងដោយវិមានក្រឹមឡាំង កំពុងផ្សព្វផ្សាយការអះអាងដែលពួក Hacker រុស្ស៊ីបាន Hack ចូលទិន្នន័យរបស់អគ្គសេនាធិការនិងទទួលបានព័ត៌មានអំពីទាហានអ៊ុយក្រែនជាង ១.៧លាននាក់ស្លាប់និងបាត់ខ្លួន ចាប់តាំងពីការឈ្លានពានពេញទំហឹងរបស់រុស្ស៊ីលើអ៊ុយក្រែន។ តាមពិត នេះគឺជារឿងក្លែងក្លាយ ព្រោះអ៊ុយក្រែនមិនដែលមានទ័ពឈរជើងដល់១លាននាក់ទេ។

CCD សង្កត់ធ្ងន់ថា «គោលដៅនៃការក្លែងព័ត៌មាននេះ គឺដើម្បីធ្វើឲ្យអាប់ឱនដល់ប្រជាជនអ៊ុយក្រែន, ឲ្យពិភពលោកមើលមកកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនទន់ខ្សោយគ្មានសមត្ថភាព និងជំរុញឲ្យអន្តរជាតិឈប់គាំទ្រអ៊ុយក្រែនប៉ុណ្ណោះ។

(រូបថត៖ Reuters)

ផ្ទុយទៅវិញ ទីក្រុងកៀវបែរជាអះអាងថា គិតត្រឹមខែសីហាឆ្នាំ២០២៥នេះ រុស្ស៊ីស្លាប់និងរបួសទាហានរហូតដល់ទៅ ១ ០៧២ ៧០០នាក់។ យ៉ាងណា ការចោទនេះ ត្រូវបានរុស្ស៊ី បដិសេធថាជាព័ត៌មានក្លែងក្លាយដូចគ្នា។

ក្នុងសង្គ្រាម ព័ត៌មានក្លែងក្លាយតែងតែត្រូវបានប្រើប្រាស់ ព្រោះវាជាអាវុធយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ដែលអាចសម្រេចបាននូវគោលដៅយោធានិងនយោបាយដោយមិនចាំបាច់ប្រើកម្លាំង។ ព័ត៌មានគឺជាសមរភូមិមួយទៀតដែលត្រូវប្រយុទ្ធ ហើយព័ត៌មានក្លែងក្លាយគឺជាយុទ្ធសាស្ត្រមួយដែលត្រូវបានប្រើប្រាស់ជាប្រចាំដើម្បីឈ្នះសមរភូមិនោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ការបាត់បង់គ្រីមៀរបស់អ៊ុយក្រែន៖ របៀបដែលរុស្ស៊ីអាច​កាត់ចូល​ជា​ឧបសម្ព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម