Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់៖ ចិនជះ ២១ពាន់លានដុល្លារលើសមយុទ្ធយោធានៅជិតឆ្នេរសមុទ្ររបស់ខ្លួនក្នុងឆ្នាំ​២០២៤

បានផុស

នៅ

ប្រទេសចិន បានចំណាយប្រាក់ប្រមាណ ២១​ពាន់លានដុល្លារ​ទៅក្នុងសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់ និង​​ដែន​សមុទ្រក្បែរនោះកាលពីឆ្នាំ​២០២៤ ពោលគឺជិត ៤០% ច្រើនជាងក្នុងឆ្នាំ២០២៣។ នេះបើយោងតាមការស្រាវជ្រាវផ្ទៃក្នុងដោយកងកម្លាំងប្រដាប់អាវុធរបស់តៃវ៉ាន់ដែលត្រូវបានចុះ​ផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​២៩​ខែ​សីហា​ឆ្នាំ​២០២៥។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួលេខដែលមន្ត្រីតៃវ៉ាន់​លើក​ឡើង​នេះ ត្រូវបានគណនាពីការតាមដាន​សកម្មភាព​យន្តហោះ និងកប៉ាល់របស់ចិន ដោយ​ផ្អែក​លើ​ការប៉ាន់ប្រមាណតម្លៃប្រេងឥន្ធនៈ ការថែទាំ និងបុគ្គលិក​ជា​ដើម។

ការវាយតម្លៃបានបង្ហាញថាប្រហែល ៩% នៃថវិកាការពារជាតិឆ្នាំ​២០២៤ របស់ចិនដែលបានប្រកាសថាមានចំនួន ២៣៣​ពាន់លានដុល្លារ បានបែងចែក​ទៅក្នុងសកម្មភាពយោធានៅច្រកសមុទ្រតៃវ៉ាន់ សមុទ្រចិនខាងកើត ខាងត្បូង និងប៉ាស៊ីហ្វិកខាងលិច។ សមយុទ្ធនេះចំណាយអស់ប្រហែលមួយភាគបួននៃថវិកាការពារជាតិប្រចាំឆ្នាំរបស់តៃវ៉ាន់។

ទំហំនៃប្រតិបត្តិការគូសបញ្ជាក់វិសាលភាពនៃការពង្រីកវត្តមានរបស់ប្រទេសចិន។ ការប៉ាន់ប្រមាណរបស់តៃវ៉ាន់បង្ហាញថា យន្តហោះចម្បាំង​ចិនបានធ្វើការហោះហើរជិត ១២ ០០០​ដងកាលពីឆ្នាំមុន ស្មើនឹង ៣៧ ០០០​ម៉ោង ពោលគឺកើនឡើងប្រហែល ៣០% ពីឆ្នាំ​២០២៣។ កងទ័ពជើងទឹក​ចិន​បានធ្វើ​នាវា​ចរណ៍​ជាង ៨៦ ០០០​លើក​ដែលមានរយៈពេលសរុប ២លានម៉ោងនៅសមុទ្រ កើនឡើង ២០%។ ប្រហែលមួយភាគបីនៃបេសកកម្មកងទ័ពជើងទឹកចិន​ទាំងនេះបានធ្វើឡើងនៅសមុទ្រចិនខាងត្បូង ខណៈ​នៅ​សមុទ្រចិនខាងកើត ២៨% និង ១៤% នៅច្រកសមុទ្រតៃវ៉ាន់។

ក្រសួងការពារជាតិចិនមិនបានឆ្លើយតបទៅនឹងរបាយការណ៍នេះទេ ប៉ុន្តែទីក្រុងប៉េកាំងបានរក្សាយ៉ាងខ្ជាប់ខ្ជួនថា ការចំណាយលើវិស័យការពារជាតិរបស់ខ្លួនមានតម្លាភាព និងមិនមែនជាការគំរាមកំហែងនោះទេ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម