ព័ត៌មានអន្ដរជាតិ
ពូទីន ប្រាប់ថាឈានដល់ការកំណត់«លក្ខខណ្ឌ» ជាមួយ ត្រាំ ស្តីពីការបញ្ចប់សង្រ្គាមអ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា លោកឈានដល់ការកំណត់លក្ខខណ្ឌជាក់លាក់ជាមួយមេដឹកនាំអាមេរិក ដូណាល់ ត្រាំ ស្តីពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់ពួកគេនៅរដ្ឋអាឡាស្កាកាលពីខែសីហា។ យ៉ាងណាមិញ លោក ពូទីន មិនបានបញ្ជាក់ទេថាតើលោកនឹងចូលចរចាសន្តិភាពដោយផ្ទាល់ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ក្រោមការសម្របសម្រួលរបស់លោក ត្រាំ ដែរឬក៏យ៉ាងណា។

ថ្លែងកាលពីថ្ងៃទី១ខែកញ្ញាឆ្នាំ២០២៥នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុងធានជីន លោក ពូទីន បាននិយាយថា កិច្ចព្រមព្រៀងអាចបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់សន្តិភាព។ លោកសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងរបស់អង្គការណាតូ ដើម្បីទាក់ទាញទីក្រុងកៀវឲ្យចូលជាសមាជិក គឺជាមូលហេតុឫសគល់នៃជម្លោះអ៊ុយក្រែន ដែលចាំបាច់ត្រូវតែលុបបំបាត់ ដើម្បីសម្រេចបានសន្តិភាពយូរអង្វែង។
លោក ពូទីន បានបន្ថែមថា «ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែនប្រកបដោយនិរន្តរភាព និងយូរអង្វែង មូលហេតុឫសគល់នៃវិបត្តិត្រូវតែត្រូវបានលុបចោល។ នោះគឺជាអ្វីដែលខ្ញុំទើបតែបានលើកឡើង និងបានលើកឡើងជាច្រើនដង។ តុល្យភាពត្រឹមត្រូវនៅក្នុងវិស័យសន្តិសុខ ក៏ចាំបាច់ត្រូវស្តារឡើងវិញផងដែរ»។
មេដឹកនាំរុស្ស៊ី បានបញ្ជាក់ថា លោកបានសង្ខេបអំពីបញ្ហាទាំងនេះទៅប្រធានរដ្ឋចិន លោក ស៊ី ជីនពីង រួចមកហើយ និងបានសន្យាធ្វើបច្ចុប្បន្នភាពទៅកាន់សមាជិក SCO ផ្សេងៗទៀត។ ទន្ទឹមនោះ លោក ពូទីន បានថ្លែងអំណរគុណដល់ប្រទេសចិន និងឥណ្ឌាសម្រាប់ការគាំទ្ររបស់ពួកគេ ដោយបានកត់សម្គាល់ពីការចូលរួមរបស់ពួកគេក្នុងការពិភាក្សា និងការបន្តការទិញប្រេងពីរុស្ស៊ី ដែលជាខ្សែជីវិតដ៏សំខាន់សម្រាប់ទីក្រុងមូស្គូ ទោះបីជាមានការដាក់ទណ្ឌកម្មពីលោកខាងលិចក៏ដោយ។
បន្ទាប់ពីកិច្ចប្រជុំកំពូលនៅអាឡាស្កាថ្ងៃទី១៥សីហា បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff បាននិយាយថា លោក ពូទីន បានយល់ព្រមជាគោលការណ៍ចំពោះការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ដែលជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពដែលអាចធ្វើទៅបាន ទោះបីជាទីក្រុងមូស្គូមិនទាន់បញ្ជាក់ជាផ្លូវការអំពីរឿងនេះក៏ដោយ។ ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអឺរ៉ុបត្រូវបានគេរាយការណ៍ថាកំពុងពិភាក្សាអំពីវិធានការស្រដៀងនឹងមាត្រា៥របស់អង្គការណាតូ ដែលនឹងប្តេជ្ញាថា ពួកគេការពារអ៊ុយក្រែនទោះមិនមានការដាក់ពង្រាយកងទ័ពអាមេរិកក៏ដោយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


