Connect with us

ព័ត៌មានអន្ដរជាតិ

យោធាអ៊ីស្រាអែលអះអាងថា ខ្លួនកាន់កាប់បាន ៤០%នៃទីក្រុងហ្គាហ្សា​ហើយ

បានផុស

នៅ

អ្នកនាំពាក្យយោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃទី​៤​ខែកញ្ញា​ឆ្នាំ​២០២៥​ថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបង្កើតការគ្រប់គ្រងលើទឹកដី ៤០% នៃទីក្រុង​ហ្គាហ្សា ហើយការវាយលុកនឹងត្រូវបានពង្រីក និងកាន់តែខ្លាំងនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងដោយឧត្តមសេនីយទោ Effie Defrin នៅក្នុងសន្និសីទទូរទស្សន៍មួយ និងជាផ្នែកមួយនៃយុទ្ធនាការដែលកំពុងបន្តរបស់អ៊ីស្រាអែល ដែលត្រូវបានគេស្គាល់ថាជា «ប្រតិបត្តិការ Gideon’s Chariots II» ដើម្បីដណ្តើមយកទីក្រុងទាំងមូល។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលោក Defrin កងកម្លាំងអ៊ីស្រាអែល បានប្រតិបត្តិការជាច្រើនសប្តាហ៍នៅក្នុងសង្កាត់ Zeitoun និង Sheikh Radwan នៃទីក្រុង​ហ្គាហ្សា។ លោក Defrin បាននិយាយថា «យើងកាន់កាប់ ៤០​ភាគរយនៃទឹកដីនៃទីក្រុងហ្គាហ្សា» ដោយបន្ថែមថា ការវាយលុក «នឹងបន្តពង្រីក និងកាន់តែខ្លាំងនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ»។

លោក Defrin បានប្តេជ្ញាថានឹង«បង្កើនសម្ពាធ» លើ​ហាម៉ាស រហូត​ទាល់តែ​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​មួយ​នេះ​យល់ព្រម​ទម្លាក់​អាវុធ​ចុះចាញ់។

ការវាយលុកលើទីក្រុង​ហ្គាហ្សា គឺជាដំណាក់កាលទីពីរនៃប្រតិបត្តិការរបស់អ៊ីស្រាអែល «Gideon’s Chariots» ដែលបានចាប់ផ្តើមនៅក្នុងខែឧសភា​ឆ្នាំ​២០២៥ ហើយមានគោលបំណងដើម្បីគ្រប់គ្រងតំបន់​ហ្គាហ្សា​ស្ទ្រីប​ចំនួនបីភាគបួន។ ការសម្រេចចិត្តពង្រីកប្រតិបត្តិការនៅទីក្រុងហ្គាហ្សា កើតឡើងចំពេលមានការថ្កោលទោសអន្តរជាតិ ការប្រឆាំងក្នុងស្រុកពីមន្ត្រីយោធាមួយចំនួន និងការព្រួយបារម្ភពីគ្រួសារចំណាប់ខ្មាំងដែលការវាយលុកនឹងបង្កគ្រោះថ្នាក់ដល់ចំណាប់ខ្មាំង​បន្ថែមទៀត។

កាល​ពី​ខែសីហា អ៊ីស្រាអែលបានបញ្ជា​ឲ្យ​ជនស៊ីវិលជម្លៀសចេញពីទីក្រុង​ហ្គាហ្សា ដើម្បីសុវត្ថិភាពរបស់ពួកគេ ដោយអាជ្ញាធររំពឹងថា ការវាយលុកថ្មីនេះនឹងរុញច្រានជនជាតិប៉ាឡេស្ទីនប្រមាណមួយលាននាក់បន្ថែមទៀតទៅភាគខាងត្បូង។ អង្គការសហប្រជាជាតិ បានព្រមានអំពី«ឧក្រិដ្ឋកម្មឃោរឃៅ» ដែលអាចកើតមាន និង«ការផ្លាស់ទីលំនៅដោយបង្ខំដ៏ធំ» ដែលជាលទ្ធផលនៃការវាយលុកដែលបានពង្រីក៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម