Connect with us

ព័ត៌មានអន្ដរជាតិ

វិមានក្រឹមឡាំងបដិសេធ​ការ​លើក​ឡើង​របស់ ត្រាំ ដែល​ថា​អ៊ុយក្រែន​អាច​យកដីទាំង​អស់​​មក​វិញ

បានផុស

នៅ

វិមានក្រឹមឡាំងបានច្រានចោលការអះអាងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលថាអ៊ុយក្រែនអាចដណ្តើមយកទឹកដីរបស់ខ្លួនមកវិញ ដោយទទូចថា រុស្ស៊ីគ្មាន​ជម្រើស​អ្វីក្រៅពី​​បន្តសង្គ្រាម​ទៅ​មុខ​នោះ​ទេ ដើម្បី​ពលរដ្ឋ​ជំនាន់​ក្រោយ​របស់​ខ្លួន។

លោក Dmitry Peskov​ (រូបថត៖​​ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បន្ទាប់ពីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ​ ហ្សេលេនស្គី នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ បានសរសេរនៅលើ​បណ្ដា​ញ​សង្គម​ Truth Social ថា អ៊ុយក្រែន ដោយមានការគាំទ្រពីអឺរ៉ុប អាច«ប្រយុទ្ធ និងដណ្ដើម​ទឹក​ដី​អ៊ុយក្រែនទាំងអស់ឡើង​មក​វិញតាមទម្រង់ដើមរបស់ខ្លួន» ដោយពណ៌នាប្រទេសរុស្ស៊ីថាជា«ខ្លាក្រដាស» ដែល​កំពុង​ធ្លាក់​ចុះខាង​ផ្នែក​សេដ្ឋកិច្ច។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានច្រានចោលការលើកឡើងនេះ ដោយប្រាប់វិទ្យុ RBC ថា «គំនិតដែលថា អ៊ុយក្រែនអាចយកមកវិញនូវអ្វីមួយ គឺខុសស្រឡះ។ យើងនឹងបន្តធានាផលប្រយោជន៍របស់យើង និងសម្រេចបាននូវគោលដៅរបស់យើង។​​ យើង​កំពុង​ធ្វើ​នេះ​សម្រាប់​​ទាំង​បច្ចុប្បន្ន និង​អនាគត​របស់​ប្រទេស​យើង ​សម្រាប់​មនុស្ស​ជា​ច្រើន​ជំនាន់​ទៅ​មុខ។ ដូច្នេះហើយ យើងគ្មានជម្រើសជំនួស​ផ្សេង​ទេ»។

លោក Peskov បាននិយាយថា​ ការអត្ថាធិប្បាយរបស់លោក ត្រាំ ទំនងជាត្រូវបានជះឥទ្ធិពលដោយកិច្ចប្រជុំរបស់គាត់ជាមួយ ហ្សេលេនស្គី ហើយបានទទូចថា សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីនៅតែមាន «ស្ថិរភាព អាចព្យាករបាន និងនៅ​តែ​អាច​បម្រើ​ផល​ប្រយោជន៍​សង្គម» ទោះបីជាមានការដាក់ទណ្ឌកម្មពីលោកខាងលិចក៏ដោយ។ លោក​បាន​សង្កត់​ធ្ងន់​ថា ទីក្រុង​មូស្គូ​កំពុង​បំពេញ​ទាំង​កាតព្វកិច្ច​​ក្នុងស្រុក និង​តម្រូវការ​យោធា។

លោក ដូណាល់ ត្រាំ (រូបថត៖​​​​​​ Reuters)

ជំហរ​របស់​លោក ត្រាំ​ បានផ្លាស់ប្ដូរ​​យ៉ាងខ្លាំង។ ពីមុនលោក​បានស្នើ​ឲ្យ​អ៊ុយក្រែនគួរតែធ្វើសម្បទានទឹកដីដល់ទីក្រុងមូស្គូជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម។ ឥឡូវនេះ លោកបែរ​ជានិយាយ​ថា​ រុស្ស៊ីធ្វើ​​សង្រ្គាម​ដោយ​​គ្មាន​គោលដៅ​ច្បាស់លាស់ ហើយ​បានបញ្ជាក់​​ថា​ ​ក្រុង​កៀវ​​អាច​ដណ្តើម​យក​ទឹកដីរបស់​ខ្លួន​ពី​រុស្ស៊ី​មកវិញ​ថែម​ទៀត​ផង។​

លោក Peskov បានប្រឆាំង​នឹង​ការ​លើក​ឡើង​របស់​លោក​ ត្រាំ ដែល​ថា​សង្គ្រាម​របស់​រុស្ស៊ី​គ្មាន​គោលដៅ ដោយ​​អះអាង​ថា ក្រុង​មូស្គូ​មានបំណងធានាសន្តិសុខ និងដកចេញនូវអ្វីដែលក្រុងមូស្គូមើលឃើញថាជាមូលហេតុនៃជម្លោះ។ លោក​បានរំលឹកឡើងវិញនូវទស្សនៈរបស់ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ថា សង្រ្គាមអាចត្រូវបានដោះស្រាយដោយជម្រើស​២​គឺ ការចរចា និង​«ការ​ប្រើ​​កម្លាំង»។

វិមានក្រឹមឡាំងក៏បានច្រានចោលការអំពាវនាវរបស់លោក ត្រាំ ដែល​ឲ្យ​អង្គការណាតូបាញ់ទម្លាក់យន្តហោះរុស្ស៊ីដែលត្រូវបានចោទប្រកាន់ពីបទរំលោភដែនអាកាសសម្ព័ន្ធមិត្ត។ លោក Peskov បានលើក​ឡើង​ថា «ការហួសចិត្តអំពីអាកាសយានិកយោធារបស់យើង ដែលត្រូវបានចោទប្រកាន់ថាបានបំពានច្បាប់មួយចំនួន… គឺគ្មានមូលដ្ឋាន និងមិនមែន​ជា​ការ​ពិត​ទេ»៕

ដោយ៖ ឈាង

ចុចអាន៖​​​​​ ហ្សេលេនស្គី៖ ត្រាំ អាចបញ្ចុះបញ្ចូលមេ​ដឹក​នាំ​ចិន ឲ្យ​ផ្លាស់ប្តូរជំហរ​លើសង្រ្គាមនៅ​អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម