Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ប្រាប់ថា លោកសម្រេចចិត្តរួចហើយ រឿងបញ្ជូនឬមិនបញ្ជូនមីស៊ីល Tomahawk ឲ្យអ៊ុយក្រែន

បានផុស

នៅ

តើអាមេរិកពិតជាបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ឲ្យអ៊ុយក្រែនឬក៏អត់? នេះគឺជាសំណួរដែលកំពុងមានការទន្ទឹងរង់ចាំចម្លើយព្រោះវានឹងក្លាយជាភ្លើងដែលដុតបញ្ឆេះសង្គ្រាមរុស្ស៊ីឲ្យកាន់តែខ្លាំង។ យ៉ាងណា ប្រមុខសេតវិមាន ដូណាល់ ត្រាំ បញ្ជាក់ថា លោកបានសម្រេចចិត្តរួចហើយជុំវិញរឿងនេះ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដ្បិតតែមិនទាន់ទម្លាយថាការសម្រេចនោះគឺផ្តល់ឬមិនផ្តល់មីស៊ីលឲ្យទីក្រុងកៀវក៏ដោយ ប៉ុន្តែលោកប្រាប់ទៅអ្នកសារព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃចន្ទទី៦ខែតុលាឆ្នាំ២០២៥ថា «ខ្ញុំសម្រេចចិត្តលើរឿងហ្នឹងរួចហើយ។ ខ្ញុំត្រូវតែសួរថាតើពួកគេនឹងបញ្ជូនមីស៊ីលទៅណា។ ខ្ញុំអត់ចង់ឃើញមានជម្លោះទេ»។

កន្លងមក មានការតាមដានខ្លាំងណាស់ជុំវិញរឿងដែលអាមេរិកយល់ព្រមបញ្ជូនមីស៊ីលរយៈចម្ងាយ ២ ៥០០គីឡូម៉ែត្រតម្លៃមួយគ្រាប់១.៣លានដុល្លារប្រភេទនេះឲ្យអ៊ុយក្រែន ក្នុងការទប់ទល់ជាមួយរុស្ស៊ី។ បើទីក្រុងវ៉ាស៊ីនតោន ធ្វើបែបនេះមែន វាច្បាស់ជាធ្វើឲ្យទីក្រុងមូស្គូ ក្តៅស្លឹកត្រចៀក ហើយសង្គ្រាមនៅអ៊ុយក្រែន រីកកាន់តែធំនិងធ្ងន់ធ្ងរថែមមួយកម្រិតទៀតជាក់ជាមិន។

មីស៊ីលTomahawk បាញ់ចេញពីនាវា (រូបថត៖ Reuters)

មុននេះ មេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន ក៏ព្រមានដែរ​ថា ការបញ្ជូនមីស៊ីល Tomahawk ទៅកាន់ប្រទេសអ៊ុយក្រែន អាចបំផ្លាញទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិកឲ្យរលាយខ្សុល។

ថ្លែងទៅកាន់អ្នកឆ្លើយឆ្លងព័ត៌មានរដ្ឋ​កាល​ពី​ថ្ងៃ​ទី​៥​ខែ​តុលា​ឆ្នាំ​២០២៥ លោក ពូទីន និយាយថា ការសម្រេចចិត្តណាមួយរបស់សហរដ្ឋអាមេរិកក្នុងការផ្តល់​ឲ្យ​ទីក្រុង​កៀវ​ នូវអាវុធ​រយៈចម្ងាយឆ្ងាយ នឹងធ្វើ​ឲ្យ​ប៉ះពាល់ដល់ការកែលម្អទំនាក់ទំនងទ្វេភាគី​ដ៏ផុយស្រួយរវាង​មហា​អំណាច​ទាំង​ពីរ។

មេ​ដឹកនាំ​វ័យ​៧២​ឆ្នាំ​របស់​រុស្ស៊ី បាន​លើក​ឡើង​ថា «នេះនឹងនាំ​ឲ្យ​មានការបំផ្លាញទំនាក់ទំនងរបស់យើង ទោះ​​យ៉ាងហោចណាស់ និន្នាការវិជ្ជមានដែលទើប​បា​ន​ចាប់ផ្តើមលេចឡើងនៅក្នុងទំនាក់ទំនងទាំងនោះក៏ដោយ»។ លោក​​បន្ថែម​ថា ស្ថានការណ៍​អាក្រក់​ល្អ «​មិន​អាស្រ័យ​លើ​យើង​តែ​ម្នាក់​នោះ​ទេ ហើយ​មិន​មែន​មក​ពី​​ខ្ញុំ​តែ​ឯង​​នោះ​ដែរ»៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ពូទីន៖ ទំនាក់ទំនងអាមេរិក-រុស្ស៊ី អាចរលាយ បើ Tomahawk ត្រូវបានបញ្ជូនទៅអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម