ព័ត៌មានជាតិ
កម្ពុជាមានលទ្ធភាពដាំកាហ្វេផ្គត់ផ្គង់ទីផ្សារបានប្រមាណ ១ ពាន់តោន ខណៈតម្រូវការមានជាង ១ ម៉ឺនតោនក្នុងមួយឆ្នាំ
កាហ្វេក្នុងស្រុកមានលទ្ធភាពអាចផ្គត់ផ្គង់ទីផ្សារបានប្រមាណ ១០% ខណៈតម្រូវការមានប្រមាណ ១ ម៉ឺន តោនក្នុងមួយឆ្នាំ។
លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជាបានប្រាប់កម្ពុជាថ្មីថា កម្ពុជាមានលទ្ធភាពដាំកាហ្វេផ្គត់ផ្គង់តម្រូវការបានប្រមាណ ១ ០០០ តោនប៉ុណ្ណោះ ខណៈតម្រូវការផ្គត់ផ្គង់បើតាមការប៉ាន់ស្មានមានប្រហែលជាង ១ ម៉ឺន ៣ ពាន់តោនក្នុងមួយឆ្នាំ។
ដើម្បីអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបានគ្រប់គ្រាន់គឺត្រូវការផ្ទៃដីដាំដុះកាហ្វេប្រហែល ៨ ០០០ ហិកតា។ នេះបើតាមលោក ឌុក ពិសិដ្ឋ។

កាហ្វេភាគច្រើនត្រូវបានដាំដុះនៅខេត្តភូមិភាគឦសានប្រទេសកម្ពុជាដូចជាខេត្តមណ្ឌលគីរី និងរតនគិរី។ យ៉ាងណាមិញ កាហ្វេក៏អាចដាំនៅតំបន់មួយចំនួនទៀត ដែលមានស្ថានភាពដីអំណោយផលសម្រាប់ដាំដំណាំយុទ្ធសាស្ត្រមួយនេះ។
ប្រធានសមាគមកាហ្វេកម្ពុជា លោក ឌុក ពិសិដ្ឋ បានបញ្ជាក់ថា ដំណាំកាហ្វេមិនមែនចេះតែដាំបានទេ គឺត្រូវមានភូមិសាស្ត្រតំបន់សមស្រប។ តំបន់ដែលអាចដាំកាហ្វេបានរួមមានដូចជា នៅខេត្តមណ្ឌលគិរី និងតំបន់ភ្នំខ្ពស់ៗដូចជានៅខេត្តត្បូងឃ្មុំក៏អាចដាំបានដែរ។
«ពូជកាហ្វេខ្លះត្រូវការដាំនៅកម្ពស់ប្រហែល ៦០០ ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ។ ទោះជាយ៉ាងណាក៏ដោយ កន្លែងណាក៏អាចដាំបានដែរ សូម្បីនៅភ្នំពេញក៏អាចដាំបានប៉ុន្តែវាមានផ្លែតិច»។ លោក ឌុក ពិសិដ្ឋ បញ្ជាក់បន្ថែម។
ពូជកាហ្វេដែលពលរដ្ឋពេញនិយមដាំមានបីប្រភេទគឺប្រភេទ រ៉ូប៊ីស្តា (Robusta) អារ៉ាប៊ីកា (Arabica) និងអ៊ិចស៊ែលសា (Excelsa) ដែលសល់ពីជំនាន់បារាំង។ ក្នុងចំណោមពូជសំខាន់ៗទាំងនេះក៏មានពូជរងផ្សេងៗជាច្រើនទៀត។

បច្ចុប្បន្នពូជរ៉ូប៊ីស្តាត្រូវបានដាំដុះច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមប្រធានសមាគមកាហ្វេកម្ពុជា។
មូលហេតុទីមួយ ស្រួលថែទាំ។ ទីពីរ វាអាចដាំបាននៅក្នុងរយៈកម្ពស់ទាប។ ទីបី ប្រជាជនភាគច្រើនជឿថា ដាំអារ៉ាប៊ីកានៅស្រុកខ្មែរអត់បាន ដែលជាកត្តាខាតបង់ព្រោះអារ៉ាប៊ីកាមានតម្លៃថ្លៃជាងរ៉ូប៊ីស្តា។
ប្រធានសមាគមកាហ្វេកម្ពុជាមើលឃើញអនាគតតម្រូវការកាហ្វេនឹងបន្តកើនឡើងជាបន្តបន្ទាប់។ ការកើនឡើងនេះគឺដោយសារតែកម្រិតជីវភាពប្រជាជនកាន់តែប្រសើរឡើង ហើយអ្នកញ៉ាំកាហ្វេក៏កាន់តែច្រើន។
លោក ឌុក ពិសិដ្ឋ បញ្ជាក់យ៉ាងដូច្នេះថា «ពីមុនហាងកាហ្វេមានតែនៅទីប្រជុំជន ប៉ុន្តែឥឡូវនេះដល់ទីជនបទក៏មានហាងកាហ្វេច្រើនដែរ»។
ដើម្បីជំរុញផលិតកម្មកាហ្វេបំពេញតម្រូវការដែលខ្វះខាត ប្រធានសមាគមកាហ្វេកម្ពុជាលើកទឹកចិត្តឲ្យពលរដ្ឋពង្រីកផ្ទៃដីដាំដុះដោយប្តូរពីការដាំដំណាំផ្សេងៗមកដាំកាហ្វេនៅក្នុងតំបន់ដែលអាចដាំបាន ខណៈសមាគមនឹងជួយគាំទ្រតាមរយៈការផ្ដល់ការបណ្ដុះបណ្ដាល ការណែនាំពូជ និងការផ្តល់បច្ចេកទេសដាំដុះ និងការកែច្នៃជាដើម៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


