សុខភាព
មន្ត្រីសុខាភិបាល ១០ អង្គភាព ទទួលវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈគិលានុបដ្ឋាក នៅជប៉ុន
អ្នកស្រីសាស្រ្តាចារ្យជំនួយ ទូច សុខនាង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារអនុវត្តគម្រោងពង្រឹងប្រព័ន្ធបណ្តុះបណ្តាលក្នុងពេលបម្រើការងារ សម្រាប់មន្ត្រីសុខាភិបាលចំនួន ១០ រូបមកពីអង្គភាពផ្សេងៗ។

អង្គភាពទាំងនោះរួមមាន នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស នាយកដ្ឋានមន្ទីរពេទ្យ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម និងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបង ចូលរួមកម្មវិធីបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងការបណ្តុះបណ្តាលវិជ្ជាជីវៈបន្តសម្រាប់គិលានុបដ្ឋាក នៅប្រទេសជប៉ុន ដោយមានការឧបត្ថម្ភ និងគាំទ្រដោយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងផ្តល់ចំណេះដឹងសំខាន់ៗដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលក្នុងពេលបម្រើការងារ និងការអភិវឌ្ឍវិជ្ជាជីវៈបន្ត សម្រាប់វិជ្ជាជីវៈគិលានុបដ្ឋាក។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងរយៈពេល ៨ថ្ងៃ ដែលផ្ដោតលើ ប្រធានបទដូចជា៖ គិលានុបដ្ឋាក និងសីលធម៌ គោលនយោបាយថែទាំសុខភាព និងគិលានុបដ្ឋាក នៅប្រទេសជប៉ុន ការអប់រំបន្ត និងការគ្រប់គ្រងគិលានុបដ្ឋាក របស់មហាវិទ្យាល័យគិលានុបដ្ឋាកនៅប្រទេសជប៉ុន ការអប់រំបន្ត របស់សមាគមគិលានុបដ្ឋាកនៅប្រទេសជប៉ុន សិក្សាអំពីការអនុវត្តការងារជាក់ស្តែង របស់គិលានុបដ្ឋាក បម្រើការងារនៅមន្ទីរពេទ្យព្យាបាលមនុស្សចាស់ ប្រទេសជប៉ុន ការអប់រំបន្តរបស់គិលានុបដ្ឋាក ថែទាំតាមផ្ទះ។

ជាលទ្ធផល បន្ទាប់ពីបានចូលរួមវគ្គបណ្ដុះបណ្ដាល អ្នកចូលរួមទទួលបាននូវចំណេះដឹងដូចជា៖ ១. យល់ដឹងកាន់តែទូលំទំលាយអំពីការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត (CPD) សម្រាប់គិលានុបដ្ឋាកនៅប្រទេសជប៉ុន ២. ឈ្វេងយល់អំពីការថែទាំ និងរបៀបនៃការអនុវត្តការងាររបស់គិលានុបដ្ឋាកនៅប្រទេសជប៉ុន ៣. យល់ដឹងកាន់តែទូលំទូលាយអំពីតួនាទី និងសកម្មភាពរបស់ស្ថាប័នរដ្ឋាភិបាលសមាគមគិលានុបដ្ឋាក និងមន្ទីរពេទ្យទាក់ទងនឹង CPD នៅក្នុងប្រទេសជប៉ុន ៤. ឈ្វេងយល់ពីប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាល ក្នុងសេវាកម្មនៅប្រទេសជប៉ុន ៥. ចែករំលែកគំនិតផ្តួចផ្តើមដែលអាចធ្វើទៅបានដើម្បីពង្រឹងប្រព័ន្ធបណ្តុះបណ្តាលក្នុងសេវាកម្ម។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងការបណ្តុះបណ្តាលវិជ្ជាជីវៈបន្តរបស់វិជ្ជាជីវៈគិលានុបដ្ឋាក លើកទី២ នេះ ដំណើរការចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ គឺសិក្ខាកាមដែលបានចូលរួម នឹងពាំនាំចំណេះដឹងដែលបានរៀនយកមកចែករំលែក ឬអភិវឌ្ឍន៍កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈបន្តរបស់គិលានុបដ្ឋាកក្នុងពេលបម្រើការងារ នៅប្រទេសកម្ពុជាផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


