ប៉ាម៉ាក់មានដែលសម្គាល់ខ្លួនឯងទេ ថាមានធ្លាប់ដាក់សម្ពាធលើកូន ថាត្រូវតែរៀនឲ្យពូកែ យកឈ្នះមិត្តរួមថ្នាក់ ឬត្រូវបានលេខ១ ជានិច្ចរាល់ពេលប្រឡងម្ដងៗ? បើប៉ាម៉ាក់យើងធ្លាប់មាន ឬក៏មានគំនិតបែបនេះគួរតែកែតម្រូវឡើងវិញខ្លះៗហើយ។ ហេតុអ្វី?
ប៉ាម៉ាក់ដឹងទេ ការដាក់សម្ពាធឲ្យអូនៗរៀនបានលេខល្អជានិច្ច ឬធ្វើអ្វីៗត្រូវតែល្អលើសគេ គឺមិនបានជួយកូនឲ្យជោគជ័យប៉ុន្មាននោះទេ តែបែរជាធ្វើឲ្យកូនយើងមានសម្ពាធផ្លូវចិត្តទៅវិញ។
ក្មេងៗដែលរងសម្ពាធបែបនេះពីប៉ាម៉ាក់នឹងធ្វើឲ្យពួកគេប្រឈមខ្ពស់នឹងការកើតស្រ្តេស ឬក៏ធ្វើឲ្យសុខភាពផ្លូវចិត្តរងផលអវិជ្ជមានណាមួយមិនខាន។ រឿងនេះគឺពិតជាអាចកើតមានចំពោះកូនយើងមែន បើប៉ាម៉ាក់ឲ្យតម្លៃខ្លាំងលើពិន្ទុក្នុងថ្នាក់ ជាជាងអ្វីដែលកូនចង់បាន ក្ដីសន្ដោសឲ្យគ្នា និងទំនាក់ទំនងក្នុងសង្គម ជាដើម។
ការសិក្សាបានរកឃើញថាកូនៗដែលមានប៉ាម៉ាក់ដាក់សម្ពាធដាច់ខាតឲ្យរៀនបានលេខល្អ ពិន្ទុល្អ ជាជាងការចេះយោគយល់ គោរពរាប់អានអ្នកដទៃ គឺច្រើនមានបញ្ហាសុខភាពផ្លូវចិត្តដូចជាថប់បារម្ភ បាក់ទឹកចិត្ត ឬពេលខ្លះធ្វើឲ្យកូនៗទាំងនោះមានបញ្ហាអាកប្បកិរិយាទៀតផង និងនាំឲ្យពួកគេរៀនខ្សោយទៅវិញក៏មាន។
បើអ៊ីចឹងតើប៉ាម៉ាក់គួរធ្វើបែបណា?
ប៉ាម៉ាក់ត្រូវចាំថា ការធ្វើឲ្យកូនយល់ពីអ្វីដែលប៉ាម៉ាក់ចង់បានពីកូនគឺមានឥទ្ធិពលខ្លាំងណាស់លើភាពជោគជ័យរបស់កូននៅពេលធំឡើង។ ពេលកូនយើងចាប់ចូលរៀនថ្នាក់មធ្យមសិក្សា ពួកគេនឹងមានការប្រែប្រួលច្រើន ដែលការប្រែប្រួលនេះនឹងកំណត់ពីអ្វីគេចង់បាន និងអ្វីពួកគេគិតចំពោះពិភពជុំវិញខ្លួន។ ក្នុងដំណាក់កាលនេះ បើប៉ាក់ម៉ាក់ដាក់សម្ពាធខ្លាំង ឬជួយលើកទឹកចិត្តកូនតាមគម្រូណាមួយនោះ គឺមានឥទ្ធិពលខ្លាំងណាស់ដល់កូន។
វាមិនមែនជារឿងខុសទេដែលប៉ាម៉ាក់គ្រប់រូបតែងចង់ឃើញកូនរៀនពូកែ និងខំធ្វើអ្វីមួយបានល្អអស់ពីសមត្ថភាពនោះ។ អ្វីដែលជាបញ្ហាគឺថាប៉ាម៉ាក់ជំរុញកូនពេក ចង់ឲ្យកូនឈ្នះពេក ឬចង់ឲ្យកូនធ្វើអ្វីៗគឺត្រូវតែល្អទាំងអស់។ ជំនួសឲ្យការធ្វើបែបនេះ ប៉ាម៉ាក់គួរលើកទឹកចិត្តកូន គាំទ្រកូននូវអ្វីដែលគេពេញចិត្តធ្វើទៅតាមទេពកោសល្យ និងលទ្ធភាពអាចទៅរួច។ ដូចនេះហើយ ការលើកទឹកចិត្តកូនឲ្យបញ្ចេញសមត្ថភាពគឺជារឿងល្អ ហើយប៉ាម៉ាក់ចាំជួយផ្ដល់ជាយោបល់ និងណែនាំខ្លះៗ។
ប៉ាម៉ាក់ត្រូវចាំថា ទោះបីជាប៉ាម៉ាក់ជាមនុស្សពូកែរកស៊ី អ្នកធ្វើការបានចំណូលច្រើន តែយើងមិនអាចយកជោគជ័យរបស់យើងមកអួតប្រាប់កូន ហើយតម្រូវឲ្យកូនធ្វើតាមឲ្យខាងតែបាននោះទេ។ ផ្ទុយមកវិញ ការធ្វើជាគម្រូ និងសកម្មភាពរបស់ប៉ាម៉ាក់ទៅវិញទេ ដែលកូនអាចចង់ធ្វើតាមបាន ហើយយើងត្រូវចាំជួយពេលកូនជួបបញ្ហា និងប្រាប់គេឲ្យមានមោទនភាពលើអ្វីដែលគេខំធ្វើ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ បណ្ដោយកូនឲ្យលេងតាមចិត្តមិនមែនរឿងអាក្រក់ទេ តែវាមានប្រយោជន៍ច្រើនសម្រាប់ក្មេង
ចុចអាន៖ កំហឹង ប៉ះពាល់សុខភាពជាងកើតទុក្ខទៀត ចឹងកុំធ្វើឲ្យឪពុកម្ដាយខឹងច្រើនពេក