ព័ត៌មានជាតិ
លាចាកសិក្ខាបទបាន៩ថ្ងៃ អតីតសង្ឃ ជួន កក្កដា ត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការក្រសួងធម្មការ
លាចាកសិក្ខាបទនៅព្រឹកថ្ងៃទី១៩ ខែមីនា អតីតសង្ឃ ជួន កក្កដា ត្រូវបានប្រមុខរដ្ឋស្ដីទីសម្ដេចតេជោ ហ៊ុន សែន តែងតាំងជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៨ ខែមីនា តាមសំណើររបស់នាយករដ្ឋមន្ត្រី។ ប៉ុន្តែព្រះរាជក្រឹត្យស្ដីពីការតែងតាំង ទើបតែផ្សព្វផ្សាយនៅថ្ងៃទី០៤ ខែមេសា នេះ។

ក្នុងព្រឹកថ្ងៃទី១៩ ខែមីនា នៅមុនពិធីលាចាកសិក្ខាបទ ព្រះតេជគុណ ជួន កក្កដា មានសង្ឃដីកាពន្យល់ពុទ្ធបរិស័ទថា ការសម្រេចចិត្តលាចាកសិក្ខាបទនាពេលនេះ មិនមែនជាការតក់ក្រហល់ ឬប្រញាប់ពេកនោះទេ ក៏ប៉ុន្តែ ជាការសម្រេចចិត្តមួយសម្រាប់ខ្លួនឯងផ្ទាល់ ពោលគឺ «អស់បុណ្យជាព្រះសង្ឃ» ក្រោយប្រើពេលជាសង្ឃប្រមាណជាង២៧ព្រះវស្សាមកហើយនោះ។
ជាកូនអ្នកត្រពាំងខ្នារ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ លោក ជួន កក្កដា គឺជាក្មេងកំព្រាឪពុក រស់នៅជាមួយម្ដាយ ដោយសារតែជីវភាពគ្រួសារខ្វះខាត ម្យ៉ាងដោយឧបនិស្ស័យ និងការលើកទឹកចិត្តពីជីដូន កុមារ ជួន កក្កដា ចូលបួសជាសាមណេរ វ័យ១៣ឆ្នាំ ក្នុងឆ្នាំ១៩៩៨ នៅវត្តវេឡុវ័ន្ត នាភូមិកំណើត។

បើទោះស្ថិតក្នុងភេទជាបុព្វជិត ក៏ ភិក្ខុ ជួន កក្កដា ចូលសិក្សាទាំងវិស័យពុទ្ធចក្រ និងអាណចក្រ ដែលពីថ្នាក់បឋមរហូតសិក្សាដល់ថ្នាក់បណ្ឌិត ពោលគឺបានបញ្ចប់ទាំងថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិតផ្នែកច្បាប់ និងជាបេក្ខជនបណ្ឌិត និងកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ជំនាញរដ្ឋបាលទូទៅ សាលាភូមិន្ទរដ្ឋបាល និងទើបតែទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសកាលពីពេលថ្មីៗនេះ។

កិត្តិនាមព្រះតេជគុណ ជួន កក្កដា នាយកសាលាពុទ្ធិកបឋមសិក្សាប្រាសាទនាងខ្មៅ ល្បីល្បាញពេញផ្ទៃប្រទេស និងរន្ទឺដល់ខាងក្រៅតាមរយៈការសម្ដែងធម្មទេសនា និងការជួយកុមារកំព្រា និងមានជីវភាពខ្វះខាតរាប់រយនាក់ក្នុងមួយឆ្នាំៗឲ្យបានសិក្សារៀនសូត្រ និងមានការហូបចុកគ្រប់គ្រាន់។ ១២ឆ្នាំចុងក្រោយ រាប់ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២៥ ក្នុងតួនាទីជានាយកនៃពុទ្ធិកសាលាបឋមសិក្សាវត្តប្រាសាទនាងខ្មៅ លោក ជួន កក្កដា ជួយកុមារជិត៥ពាន់អង្គ/នាក់ ។
ក្រោយពីដឹងដំណឹងថា ព្រះតេជគុណ ជួន កក្កដា លាចាកសិក្ខាបទ ទាំងពុទ្ធបរិស័ទ្ធ និងអ្នកមានធនធាន ក៏ដូចជាលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ភ្ញាក់ផ្អើល និងសោកស្ដាយចំពោះដំណឹងនេះពន់ពេក។ យ៉ាងណា លោកជំទាវស្ត្រីទី១ ដាក់ក្ដីរំពឹងថា ក្រោយលាចាកសិក្ខាទៅ នៅក្នុងភេទជាគ្រហស្ថលោក ជួន កក្កដា ក៏នៅតែជួយដល់ព្រះពុទ្ធសាសនាបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋ ជួយដល់សង្គមកម្ពុជា ជា ពិសេសគឺការអប់រំយុវជន យុវតីជំនាន់ក្រោយឱ្យមាន សីលធម៌ សុជីវធម៌ មេត្តាធម៌ និងគុណធម៌។

ទន្ទឹងនឹងការសោកស្ដាយចំពោះដំណឹងលាចាកសិក្ខាបទនេះ មតិមួយចំនួនលេចចេញពីក្រុមដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ចោទប្រកាន់ថារដ្ឋាភិបាលកម្ពុជា និងក្រុមគ្រួសារត្រកូលហ៊ុន ចាប់បង្ខំឱ្យបណ្ឌិត ជួន កក្កដា លាចាកសិក្ខាបទ។
ប៉ុន្តែនៅ ល្ងាចថ្ងៃទី២២ ខែមីនា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបដិសេដចំពោះការចោទប្រកាន់ និងឆ្លើយតបទៅវិញថា រាជរដ្ឋាភិបាលកម្ពុជា ឬក្រុមគ្រួសារត្រកូនហ៊ុន មិនបានបង្ខំឱ្យអតីតព្រះតេជគុណ ជួន កក្កដា លាចាកសិក្ខាបទឡើយ ហើយភរិយារបស់សម្ដេច គឺលោកជំទាវ ពេជ ចន្ទមុន្នី សម្ដែងការសោកស្ដាយ និងក៏មិនចង់ឱ្យលាចាកសិក្ខាបទដែរ។

ពីពិធីបុណ្យទន្លេនៅខេត្តតាកែវ សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ដោយមើលឃើញថា អន្ទិតជួន កក្កដា មានចំណេះដឹងខ្ពស់ មានស្នាដៃច្រើននៅក្នុងព្រះពុទ្ធសាសនា រដ្ឋាភិបាល នឹងស្នើរៀបចំអន្ទិត ជួន កក្កដា ឱ្យក្លាយជាអនុរដ្ឋលេខាធិការ ក្រសួងធម្មការ ដើម្បីបានបន្តការងារជួយដល់សង្គម និងសាសនាបន្តទៀត។
តាមរយៈពិធីដដែល សម្តេចបវរធិបតី ក៏ស្នើពុទ្ធសាសនិក សូមបន្តគាំទ្រ ចំពោះគម្រោងដែលបណ្ឌិត ជួន កក្កដា បង្កើតដើម្បីជាប្រយោជន៍ដល់វិស័យពុទ្ធសាសនា និងជួយកុមារជំនាន់ក្រោយ ដែលសិក្សានៅពុទ្ធិកសិក្សា៕
-
កីឡា៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


