KPT+
ប្រលោមលោកដំបូងបែបប្រវត្តិសាស្ត្រពាក់ព័ន្ធអតីតរាជធានីកោះកេរ ប្រើពេលផលិត ៨ឆ្នាំ
“វិមានអាទិទេព” ជាស្នាដៃនិពន្ធអក្សរសិល្ប៍ដំបូងគេ បែបប្រវត្តិសាស្ត្រ ដែលពាក់ព័ន្ធនឹងអតីតរាជធានី ឆោកគគ៌្យ (កោះកេរ) និងរាជ្យព្រះបាទជ័យវរ្ម័នទី៤ ព្រមទាំងរឿងរ៉ាវដែលបានកើតឡើង នាដើមសតវត្សរ៍ទី១០ ក្នុងសម័យមហានគរ។ សៀវភៅនេះ មានកម្រាស់ជាង ៥០០ទំព័រ និងប្រើពេលផលិតជិត ៨ឆ្នាំ។ ប្រលោកលោកនេះ មិនទាន់ចេញលក់នៅឡើយទេ ដោយនឹងបើកបង្ហាញ ផ្ទាំងក្របសៀវភៅជាផ្លូវការ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ដើម្បីត្រៀមអបអរលទ្ធផល នៃការស្នើដាក់បញ្ចូលតំបន់កោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ក្រុមការងារបោះពុម្ពផ្សាយ “សំណេរ” បានឱ្យ “កម្ពុជាថ្មី” ដឹងថា សាច់រឿងប្រលោមលោក “វិមានអាទិទេព” មានផ្សារភ្ជាប់ទៅនឹងជំនឿ អាគម និងបដិហារ្យ រួមទាំងអំណាច នៃភាពជាអ្នកដឹកនាំអាណាចក្រឆ្ពោះទៅរកភាពរឹងមាំ និងមហិមានៃរជ្ជកាលសម័យនោះ។ ការនិពន្ធប្រលោមលោកបែបប្រវត្តិសាស្ត្រនេះ ដោយមានបំណងចង់ បើកបង្ហាញទីតាំងអតីតរាជធានីធំ កាលពីជាង ១០០០ឆ្នាំមុន ដែលស្ទើរតែគ្មានអ្នកដឹងប្រវត្តិ, បង្ហាញភាពរុងរឿងរបស់អាណាចក្រពីអតីតកាល ស្នាដៃ និងប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៤, បង្ហាញពីអាគម និងជំនឿ ទីកន្លែងដ៏ស័ក្កសិទ្ធដែលដូនតាបន្សល់ទុកឱ្យ និងចង់លើកស្ទួយទេសចរណ៍ តំបន់កោះកេរ ឱ្យមានអ្នកស្គាល់ច្រើន។

អ្នកបោះពុម្ពផ្សាយ “សំណេរ” បានឱ្យដឹងបន្តថា សៀវភៅប្រលោមលោករឿង “វិមានអាទិទេព” នេះនិពន្ធរយៈពេលជាង ៧ឆ្នាំ និងរៀបចំការផលិតរយៈពេលជិត ១ឆ្នាំទៀត (សម្រាប់ស្ថាប័ន សំណេរ)។ រឿងដែលពិបាកបំផុត គឺឯកសារដែលទាក់ទងនឹងព្រះបាទជ័យវរ្ម័នទី៤ គឺមានតិចតួចបំផុត ហើយមានការលើកឡើងខុសៗគ្នាជាច្រើនអំពីប្រវត្តិរបស់ទ្រង់។ ភាពលំបាកទាំងនេះធ្វើឱ្យអ្នកនិពន្ធត្រូវចុះទៅទីតាំងផ្ទាល់ ស្រាវជ្រាវពីទីកន្លែង និងរូបរាងប្រាសាទនីមួយៗ រួមទាំងតំបន់ទាំងមូលមិនតិចជាង ២០ដងឡើយ រហូតអ្នកនិពន្ធបានជួបជាមួយនឹង បណ្ឌិត ចិន្ត ច័ន្ទរតនា ជាទីប្រឹក្សាផ្ទៃសាច់រឿងទាំងមូល ទើបការងារបន្តទៅមុខរហូតដល់បានបញ្ចប់។

“សំណេរ” បានឱ្យដឹងបន្ថែមថា ដំបូង ក្រុមការងារមានការបារម្ភ ព្រោះសៀវភៅប្រលោមលោកពាក់ព័ន្ធនឹងប្រវត្តិសាស្រ្ត ខ្លាចពេលចេញទៅ មានបញ្ហាផ្សេងៗ ប៉ុន្តែការបារម្ភគ្រប់យ៉ាងត្រូវបានរសាយ ពេលមានទីប្រឹក្សាដែលជាបុរាណវិទូ ហើយជាអ្នកដែលស្រាវជ្រាវនៅ រាជធានីកោះកេរ រយៈពេល ២០ឆ្នាំ ទើបធ្វើឱ្យការសរសេរបានបញ្ចប់ទៅយ៉ាងរលូន ជាមួយការយកចិត្តទុកដាក់ ពីក្រុមការងារ សំណេរ គ្រប់ដំណាក់ការ ជាច្រើនខែ។

បណ្ឌិត ចិន្ត ច័ន្ទរតនា ប្រធានក្រុមការងារមូលនិធិកេរដំណែលខ្មែរ។ លោកធ្លាប់ជា ទីប្រឹក្សាខ្សែភាពយន្តរឿង “ហ្លួងព្រះស្តេចកន” របស់ផលិតកម្មត្រីសូល៍ភាពយន្ត និងរឿង “ព្រះនាងរ៉ាយ៉ា និងពង្សនាគចុងក្រោយ – Raya and the last dragon” របស់ក្រុមហ៊ុន Walt Disney។ សម្រាប់ អត្តសញ្ញាណ អ្នកនិពន្ធនា ពេលនេះគាត់សុំមិនទាន់បង្ហាញខ្លួន មានត្រឹមប្រាប់នាមបាកកាគឺ “តារានិករ”។ អ្នកនិពន្ធរូបនេះ ស្នាក់នៅខេត្តសៀមរាប បញ្ចប់ការសិក្សាផ្នែកច្បាប់ ចំណែកមុខរបរ គឺបើកក្រុមហ៊ុនខ្លួនឯង។ “វិមានអាទិទេព” ជាស្នាដៃទី១ ខណៈគាត់ជាអ្នកស្រលាញ់ការអានប្រលោមលោក និងចង់និពន្ធរឿងដែលអាចលើកតម្កើងប្រទេសខ្លួនឯង ជាមួយអរិយធម៌ដ៏ល្អឥតខ្ចោះ។

សៀវភៅប្រលោមលោកនេះ ជាសៀវភៅក្រាស់ជាងគេនៅ “សំណេរ” នាពេលបច្ចុប្បន្ន។ ចំពោះតម្លៃ នៅមិនទាន់កំណត់នៅឡើយ។ ពេលចេញផ្សាយ សៀវភៅនេះនឹងមានលក់នៅ ហាងសៀវភៅសំណេរ (ទីតាំងនៅម្តុំផ្សារចាស់) នៅតាមបណ្តាហាងសៀវភៅ បណ្ណាគារនានា និងតាមបណ្តាខេត្ត។ ក្រុមសំណេរ បានបើកភ្លើងខៀវថា ប្រលោមលោកនេះ បើអាចផលិតជាភាពយន្ត គឺកាន់តែល្អ ហើយប្រសិនជាផលិតករភាពយន្តចាប់អារម្មណ៍ ក្រុមការងារនឹងពេញចិត្តសហការ និងជួយសម្របសម្រួលនានា៕
អត្ថបទ៖ ច័ន្ទ វីរៈ



-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


