ព័ត៌មានជាតិ
សហគមន៍ជនជាតិដើមភាគតិចខេត្តរតនគិរី ធ្វើពិធីសែនព្រេនដេញគ្រោះចង្រៃក្រោយអ្នកភូមិជួបគ្រោះថ្នាក់
សហគមន៍ជនជាតិដើមភាគតិច ខេត្តរតនគិរី រៀបចំពិធីសែនព្រេនបណ្តេញគ្រោះចង្រៃក្នុងភូមិ បន្ទាប់ពីអ្នកភូមិខ្លះយល់សប្តិអាក្រក់ ហើយអ្នកខ្លះទៀតមានគ្រោះថ្នាក់ជាញឹកញាប់។ ពិធីនេះ ធ្វើឡើងតាមទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិដើមភាគតិចដែលបានបន្សល់ទុកតាំងពីដូនតា ដើម្បីបណ្តេញខ្មោច ព្រាយ គ្រោះចង្រៃ ក្នុងនោះមានរៀបចំ ស្ងោមាន់ ជ្រូក ធ្វើពែ និងរៀបចំស្រាពាង ជាដើម។

ពិធីនេះ ត្រូវបានរៀបចំឡើង កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៥ នៅភូមិទៀមលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី ដែលមានមនុស្សក្នុងភូមិចូលរួមប្រមាណ ៦០នាក់ ដើម្បីបណ្តេញព្រលឹងអាក្រក់ចេញ។ ពិធីបែបសាសនានេះ ធ្វើឡើងបន្ទាប់ពី លោក ហាត់ ប៉េះ ជាជនជាតិដើមភាគតិចគ្រឹង ត្រូវបានមនុស្សវិកលចរិកយកកាំបិតដេញកាប់បង្កជារបួសស្នាមធ្ងន់ធ្ងរ និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
លោក ឡោម ជនជាតិដើមភាគតិចគ្រឹង ជាចាស់ទុំក្នុងភូមិ បានប្រាប់ថា ពិធីនេះធ្លាប់ធ្វើជាយូរយាណាស់មកហើយដោយមានរណ្តាប់ដូចជា ជ្រូកចំនួន ១ ក្បាល មាន់ ១ ក្បាល ស្រាពាង ១ និងពែចំនួន១។ លោកបន្តថា ៖«កម្មវិធីនេះមាន ២ ដំណាក់កាល គឺ ដំណាក់កាលទី ១ រៀបចំពែ សែនរំដោះគ្រោះ គឺរៀបចំយកមាន់ទាំងរស់ចងនៅកាំជណ្តើរផ្ទះ និងខោអាវចាស់ៗដាក់ក្នុងថាសនិងមានអំបោះឆៅឱ្យអ្នកឈឺអង្គុយចុះ រួចហៅបងប្អូនសាច់ញាតិមកជុំគ្នាបាចអង្ករឱ្យខ្មោចព្រាយបីសាចដែលធ្វើឱ្យអ្នកភូមិឈឺ ឬគ្រោះថ្នាក់មកទទួលយកសំណែន»។ លោកនិយាយថា នៅពេលខ្មោចព្រាយបីសាចទទួលសំណែនរួច វានឹងត្រឡប់ទៅវិញហើយឈប់ធ្វើបាបពលរដ្ឋក្នុងភូមិ។

លោកបន្តទៀតថា នៅដំណាក់កាលទី ២ ចាប់ផ្ដើមសម្លាប់សត្វជ្រូក មាន់ ដែលចងនៅកាំជណ្តើរផ្ទះ រួចដាក់ស្ងោរឱ្យបានឆ្អិនល្អហើយ ក៏យកដាក់នៅជិតសសរផ្ទះរួចក៏ហៅបងប្អូនចាស់ៗមកជុំវិញគ្នា។ លោកថា៖«ពេលនោះចាស់ទុំចែកមែកឈើតូចៗហើយយកឈើនោះឆ្កឹះមាត់ស្រាពាង ដោយនិយាយបែបបន់ឱ្យអារុក្ខ អារក្សអ្នកតាភូមិ មកទទួលយកស្រាពាង និងមាន់ស្ងោរ បន្ទាប់ពីនាំគ្នានិយាយបានចប់សព្វ ចាស់ៗនិងអ្នកចូលរួមក្នុងកម្មវិធី ក៏យកអំបោះឆៅដែលដាក់នៅលើមាត់ពាងស្រា ទៅចងដៃអ្នកឈឺ និងសមាជិកគ្រួសារអ្នកជំងឺផ្ទាល់»។

សូមបញ្ជាក់ផងដែរថា កម្មវិធីសែនព្រេនម្តងៗនៅក្នុងភូមិ តែងតែមានបងប្អូននិងសាច់ញាតិ យកស្រាពាងមកជួយក្នុងកម្មវិធី និងផឹកស្រា ។ នៅក្នុងសហគមន៍ជនជាតិដើមភាគតិច ចាស់ទុំភូមិរៀបចំឡើង យោងទៅតាមធំឬតូច ហើយការកាប់សត្វសែន មានក្របី គោ ជ្រូក មាន់ យោងទៅកម្រិតអ្នកជម្ងឺធ្ងន់ឬស្រាល មិនបានរើសពេលវេលាឬក៏ខែឆ្នាំនោះទេ៕
អត្ថបទ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


